សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានចាប់ដៃគូជាមួយមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) និងភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) ដើម្បីជួសជុលស្តារឡើងវិញនូវក្រុមប្រាសាទព្រះពិធូរ ដែលស្ថិតនៅទល់មុខព្រះលានជល់ដំរី។

គម្រោងនេះចាប់ផ្តើមពីឆ្នាំ២០១៥ ហើយគ្រោងនឹងបញ្ចប់ជំហានដំបូងនៅឆ្នាំ២០១៨ខាងមុខ។ លោក ផាក ដុងហ៊ី (Park Dong hee) មន្ត្រីសម្របសម្រួលនៃគម្រោងនេះ បញ្ជាក់ថា គម្រោងអភិរក្សជួសជុល ប្រាសាទ ព្រះពិធូរមានការងារ៣ធំដែលត្រូវធ្វើគឺ ការងារបណ្តុះបណ្តាលធនធានមនុស្ស ការងារស្រាវជ្រាវចងក្រងឯកសារ និងការ ងារ អភិរក្សជួសជុលស្តារឡើងវិញ។

សព្វថ្ងៃគម្រោងកំពុងដំណើរការលើការងារបណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវចងក្រងឯកសារ ចំណែកការជួសជុលស្តារឡើងវិញនឹងចាប់ផ្តើមបន្ទាប់ពីបញ្ចប់ការសិក្សាស្រាវជ្រាវហើយ។

មន្ត្រីសម្របសម្រួលគម្រោងរូបនេះបន្ថែមថា យោងតាមអនុសាសន៍របស់គណៈកម្មាធិការICC-Angkor បានតម្រូវឲ្យក្រុម ការ ងារ របស់លោកធ្វើការអភិរក្សជួសជុលទៅលើ៣ចំណុចនៃក្រុមប្រាសាទព្រះពិធូរគឺ ការជួសជុលលើផ្នែក តូចៗជុំវិញ ប្រាសាទ ការសិក្សាទូទៅអំពីទិដ្ឋភាពជុំវិញប្រាសាទ និងការជួសជុលស្តារឡើងវិញនូវកសិន្ធុជុំវិញប្រាសាទ។ “រហូតមកទល់នឹងពេលនេះ យើងបានសិក្សាចងក្រជាឯកសារបានច្រើនហើយ។

នៅរវាងខែមីនានិងមេសា ឆ្នាំ២០១៧ ខាង មុខ នេះ ក្រុមការងារនឹងធ្វើសិក្ខាសាលាមួយដើម្បីបង្ហាញអំពីផែនការពិស្តារនៃគម្រោង ហើយស្តាប់យោបល់ របស់ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញផ្សេងៗដែលកំពុងអនុវត្តការងារជួសជុលនៅក្នុងរមណីយដ្ឋានអង្គរដែរ។ ជាជំហានដំបូងយើងនឹងធ្វើការអភិរក្សជួសជុលទៅលើរានហាលនៃប្រាសាទកោរជុកតែមួយប៉ុណ្ណោះ”។ លោក ដុង ហ៊ី បន្ថែមថា ដើម្បីផ្តល់ជូនព័ត៌មានបន្ថែមដល់អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ គម្រោងនេះបាន សាងសង់ អាគារពិព័រណ៍មួយនៅខាងមុខប្រាសាទកោរសក់ (ប្រាសាទមួយក្នុង ចំណោមក្រុមប្រាសាទ ព្រះពិធូរទាំង៥)។

អាគារពិព័រណ៍នេះនឹងបង្ហាញអំពីទិដ្ឋភាពទូទៅនៃគម្រោង ផែនការ សកម្មភាពទូទៅ រួមនឹងប្រវត្តិសាស្ត្រនៃប្រាសាទជាដើម ហើយគ្រោងបើកជូនទស្សនាជាផ្លូវការនៅចុងខែមករាឆ្នាំ២០១៧ខាងមុខ។ លោក ស្រ៊ុន តិច មន្ត្រីជំនាញផ្នែកបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបញ្ជាក់ ថា ប្រវត្តិទូទៅនៃប្រាសាទព្រះពិធូរមានលក្ខណៈស្មុគ្រស្មាញច្រើន ដោយសារមិនទាន់មានឯកសារផ្លូវការ ណាមួយចង ក្រងច្បាស់លាស់នៅឡើយ។

ការស្រាវជ្រាវរបស់ប្រទេសបារាំងបានដាក់ឈ្មោះប្រាសាទទាំង៥នេះ ជាតំណាងដោយអក្សរ T U X Z Y។ លោកបញ្ជាក់ថា គេមិនទាន់ដឹងថាមូលហេតុអ្វីទើបបារាំងដាក់ឈ្មោះប្រាសាទទាំង៥នេះដូច្នេះឡើយ តែតាមពិតប្រាសាទ នេះ មានឈ្មោះរបស់ខ្លួនតាមដែលអ្នកស្រុកធ្លាប់ហៅមកហើយ គឺ ប្រាសាទកោរសក់ ប្រាសាទជម ប្រាសាទតាទួត ប្រាសាទ ដូនមារ និងប្រាសាទកណ្តក់យក្ស។

តាមការសន្និដ្ឋានរបស់លោក ប្រាសាទទាំង៥នេះអាចនឹង សាងសង់ឡើងក្នុង សម័យ កាលផ្សេងគ្នាទៀតផង។ អ្នកបុរាណវិទ្យារូបនេះជឿជាក់ថា ក្រោយការស្រាវជ្រាវចង ក្រងឯកសារដើម្បីធ្វើការ អភិរក្សជួស ជុលឡើងវិញរបស់ក្រុមអ្នកជំនាញកូរ៉េ និងកម្ពុជាហើយ គេនឹងទទួលបានទិន្នន័យនិង កម្រងប្រវត្តិសាស្ត្រជាក់ ច្បាស់ជា មិនខាន៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]