និយមន័យរបស់អាការៈឈាមច្រមុះ គឺជាអាការៈហូរឈាម ចេញពីសរសៃឈាម ក្នុងច្រមុះ ដែលពាក្យវេជ្ជសាស្រ្ត គេហៅអាការៈនេះថា “Epistaxis” ។ អាការៈឈាមច្រមុះ ច្រើនកើតមានជាធម្មតាយូរៗម្តង លើមនុស្សម្នាក់ៗ នេះក៏ដោយសារតែសរសៃឈាមជាច្រើន ប្រមូលផ្តុំនៅក្នុងច្រមុះ។

អាការៈឈាមច្រមុះ អាចមើលទៅគួរឲ្យភ័យខ្លាច ប៉ុន្តែវាមិនមែនជាសញ្ញាបង្ហាញពីជំងឺ ធ្ងន់ធ្ងរណាមួយឡើយ និងងាយស្រួលព្យាបាល ដោយមិនចាំបាច់មានជំនួយពីគ្រូពេទ្យ។ ឈាមអាចហូរចេញពីច្រមុះ តែម្ខាង ឬទាំងសងខាង និងអាចច្រើន អាចតិច ជួនកាល មានរយៈពេលរហូតដល់ ១០ នាទីក៏មាន។

អ្នកដែលជួបបញ្ហាឈាមច្រមុះ ជាញឹកញយ គឺកុមារដែលមានអាយុចន្លោះពី ២ ឆ្នាំទៅ ១០ ឆ្នាំ មនុស្សចាស់ ស្រ្តីមានផ្ទៃពោះ អ្នកដែលទទួលទានថ្នាំប្រភេទអាស្ពីរីនច្រើន និងអ្នកដែលមានបញ្ហាឈាមកកមិនប្រក្រតី។

ទម្លាប់ធម្មជាតិរបស់មនុស្ស គឺឲ្យតែឈាមច្រមុះ គឺតែងតែងើយក្បាលផ្តេកឡើងលើ ប៉ុន្តែផ្ទុយទៅវិញ វាមិនត្រឹមតែអត់ប្រយោជន៍នោះទេ វាថែមទាំងអាចបង្កគ្រោះថ្នាក់ថែមទៀតផង។ លោកសាស្រ្តាចារ្យ ខាងផ្នែកវះកាត់ក្បាល និងក មកពីសាលាវេជ្ជសាស្រ្តមួយ ក្នុងទីក្រុង Los Angeles ឈ្មោះ Jeffrey Suh បាននិយាយថា នេះក៏ដោយសារតែឈាម នឹងហូរទៅបំពង់កវិញ រហូតអាចបង្កជាអន្តរាយដល់រាងកាយ។ ជួនកាលវាអាចហូរទៅដល់ក្រពះ និងអាចធ្វើឲ្យអ្នកក្អួត។ មិនត្រឹមតែប៉ុណ្ណោះ ឈាមអាចនៅជាប់តាមផ្លូវដង្ហើម ទៀតផង។ ក្នុងករណីកម្រ វាអាចធ្វើឲ្យមានបញ្ហារលាកសួត ដោយសារឈាម មានជាប់បាក់តេរី ពីបំពង់ករបស់អ្នក។ 

# ខាងក្រោមនេះ ជាវិធីសម្រាប់កម្ចាត់បញ្ហាឈាមច្រមុះ ដែលមានប្រសិទ្ធភាព និងត្រឹមត្រូវ តាមអ្នកជំនាញបានណែនាំ ៖

• ត្រូវអង្គុយ រួចបញ្ឈរក្បាលឲ្យត្រង់។

• ប្រើមេដៃ និងចង្អុលដៃ មកច្របាច់ នៅត្រង់ផ្នែកទន់របស់ច្រមុះ (ដែលនៅចន្លោះសាច់ច្រមុះខាងក្រោម និងឆ្អឹងខ្ទង់ខាងលើ) ឲ្យបាន ១០ ទៅ ១៥ នាទី។ ស្តាប់ទៅហាក់ដូចជាយូរ ហេតុនេះ អ្នកអាចដកដៃសាកល្បងមើល ២ ទៅ ៣ នាទីម្តង ថាតើឈាមឈប់ហូរឬក៏នៅ។

• អោនមកមុខបន្តិច រួចព្យាយាមដកដង្ហើម តាមមាត់ (បែបនេះវានឹងជួយ ឲ្យឈាមហូរចុះពីច្រមុះ និងការពារមិនឲ្យ ហូរទៅដល់បំពង់កបានឡើយ)។

• យកដុំទឹកកកមករុំ នឹងក្រណាត់ រួមយកមកស្អំច្រមុះ និងថ្ពាល់ (ភាពត្រជាក់នឹងជួយឲ្យសរសៃឈាមត្រលប់មកនឹងនរវិញ និងបញ្ឈប់ការហូរឈាមបាន)។

• ត្រូវតែបញ្ឈរក្បាលត្រង់ឡើងឲ្យជាប់ ជាជាងប្រះខ្លួនដេក ពីព្រោះវាជួយកាត់បន្ថយសម្ពាធ ក្នុងសរសៃឈាមក្នុងច្រមុះ និងបំបាត់អាការៈហូរឈាម។

ជាធម្មតា អាការៈឈាមច្រមុះភាគច្រើន នឹងបាត់ទៅវិញ មិនលើសពី ១៥ នាទីទេ។ ប៉ុន្តែប្រសិនអាការៈនេះកើតឡើងញឹកញាប់ពេក ឬហូរឈាមមិនឈប់លើសពី ២០ នាទី អ្នកគួរទៅពិគ្រោះជាមួយ គ្រូពេទ្យជំនាញខាងត្រចៀក ច្រមុះ និងបំពង់ក ជាបន្ទាន់។

# មូលហេតុអ្វី ទើបបណ្តាលឲ្យឈាមច្រមុះ?

ជាកស្តែង ខាងក្នុងច្រមុះ មានសរសៃឈាមតូចៗជាច្រើន ដែលអាចដាច់ និងហូរឈាមបានយ៉ាងងាយ។ ខាងក្រោមនេះ ជាមូលហេតុទូទៅមួយចំនួន ៖

• កេះច្រមុះ ឬលូកដៃចូលច្រមុះ

• បញ្ចេញខ្យល់តាមច្រមុះខ្លាំងពេក (ដូចជា ប្រឹងហ៊ីសសំបោរ -ល-)

• រងរបួសត្រង់ច្រមុះ

• បំលាស់ប្តូរសីតុណ្ហភាព ដែលអាចបណ្តាលឲ្យច្រមុះ ប្រែជាស្ងួត និងដាច់ប្រេះ

• អាការៈផ្តាសាយ (ដោយសារតែ វាធ្វើឲ្យរមាស់ច្រមុះ)

• អរម៉ូនប្រែប្រួល

• ឆ្លងមេរោគ ឬអាឡែស៊ីច្រមុះ។ 

# វិធីការពារ បញ្ហាឈាមច្រមុះ

• នៅពេលដែលអ្នកផ្តាសាយ កុំព្យាយាមដកដង្ហើម ឬញីសសំបោរខ្លាំងៗពេក

• កុំកេះ ឬលូកដៃចូលច្រមុះញឹកញាប់ពេក និងត្រូវកាត់ក្រចកឲ្យខ្លី

• អ្នកអាចលាប Vaseline ក្នុងច្រមុះ ដើម្បីរក្សាភាពសំណើម ឬអាចសាកសួរគ្រូពេទ្យ ពីថ្នាំរក្សាសំណើមក្នុងច្រមុះ

• កុំប្រឹងឱន លើកអីវ៉ាន់ណា ដែលធ្ងន់ៗពេក

• កុំជក់បារី

• គួរបរិភោគអាហារដែលទន់ និងត្រជាក់ ចៀសវាងទទួលទានភេសជ្ជៈក្តៅ ក្រោយពេលឈាមច្រមុះរួច។

# តើអាការៈឈាមច្រមុះ បង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរដែរឬទេ?

ជាធម្មតា បញ្ហាឈាមច្រមុះ មិនមែនជាបញ្ហាធ្ងន់ធ្ងរអ្វីទេ លុះត្រាតែ អ្នកឈាមច្រមុះញឹកញាប់ហួសប្រមាណ ឬហូរឈាមច្រើនខុសធម្មតា ទើបអាចបណ្តាលមកពីបញ្ហាមួយចំនួន ដូចជា ឡើងសម្ពាធឈាម មានបញ្ហាឈាមកកមិនប្រក្រតី រហូតអាចបង្កឲ្យមានបញ្ហាខ្វះឈាម និងគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ៕ 

ប្រភព៖ NHS | Men'sHealth | WebMD | MedicineNet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]