កៀហ្ស៊ីស៊ីស្ថាន៖ សារព័ត៌មាន BBC បានចុះផ្សាយនៅថ្ងៃ១៦ ខែមករា ឆ្នាំ២០១៦ ប៉ុន្មានម៉ោងមុននេះថា យន្តហោះដឹកទំនិញមួយគ្រឿងរបស់ប្រទេសតួកគី ដែលធ្វើដំណើរមកពីទីក្រុងហុងកុង បានធ្លាក់ក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣២នាក់ ហើយអ្នកស្លាប់ភាគច្រើនជាប្រជាជនដែលនៅខាងក្រោម។

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍តួកគីមួយគ្រឿងនោះ គឺជាយន្តហោះ Boeing 747 វាបានធ្លាក់នៅលើផ្ទះរបស់ប្រជាជន ក្បែរអាកាសយានដ្ឋាន Manas មានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Bishkek។ នេះបើយោងតាមការឲ្យដឹងរបស់រាជរដ្ឋាភិបាលកៀហ្ស៊ីស៊ីស្ថាន។

ប្រភពព័ត៌មានបានឲ្យដឹងថា អគារមួយចំនួនត្រូវបានបំផ្លាញ ហើយចំនួននៃកុមារមួយចំនួន ត្រូវបានគេរាយការណ៍ថាបានស្ថិតនៅក្នុងចំណោមអ្នកដែលបានស្លាប់។ ជើងហោះហើរមួយនេះបានធ្វើការសំចុះចតនៅក្នុងទីក្រុង Manas បន្ទាប់ពិវាបានធ្វើការហោះហើរចេញពីទីក្រុងហុងកុង មកកាន់ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ 

ប្រភពព័ត៌មានបានបន្តថា យន្តហោះនេះបានធ្លាក់នៅម៉ោង ៧និង៣១នាទីព្រឹក ម៉ោងក្នុងតំបន់ (ត្រូវនឹងម៉ោង ១និង៣១នាទីយប់ ម៉ោងសកល) ក្នុងតំបន់ទីប្រជុំជន ដែលមានមនុស្សរស់នៅច្រើន។ ចំពោះមូលហេតុនៃគ្រោះថ្នាក់នេះ នៅមិនទាន់ត្រូវបានគេអះអាងថាមកពីមូលហេតុអ្វីនៅឡើយទេ។

អគារជាច្រើនត្រូវបានបំផ្លាញ និងមានភ្លើងឆេះសន្ធោសន្ធៅ ប៉ុន្តែយោងតាមរបាយការណ៍បានឲ្យដឹងថា មានបុគ្គលិកក្នុងយន្តហោះនោះម្នាក់នៅមានជីវិត។ ក្រោយកើតហេតុ ក្រុមសង្គ្រោះបន្ទាន់ បានទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការជួយសង្គ្រោះ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថានាយករដ្ឋមន្រ្តី Sooronbai Jeenbekov ក៏បានទៅដល់ទីនោះផងដែរ។

នៅមានទាន់មានសេចក្តីរាយការណ៍ ពីចំនួនមនុស្សដែលនៅលើយន្តហោះនៅឡើយទេ។ គ្រាន់តែដឹងត្រឹមថា យន្តហោះមួយគ្រឿងនេះដាក់ដំណើរការជាង១៤ឆ្នាំមកហើយ  ហើយបច្ចុប្បន្ននេះ គឺដំណើរការដោយក្រុមហ៊ុន MyCargo៕

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]