(ព្រះវិហារ)៖ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះវិហារ និងមន្រ្តីរដ្ឋបាលព្រៃឈើ បានសហការបង្រ្កាបការជួយដូរឈើមួយករណី ដោយរឹបអូសបានឈើប្រភេទលេខ២ ជាឈើក្តាចំនួន ៣៦៨សន្លឹក ស្មើនិង ជិត ២០ម៉ែត្រគូប។ សកម្មភាពបង្រ្កាបការជួញដូរឈើនេះ បានធ្វើឡើងនៅចំណូចភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះ។

មន្ត្រីអាវុធហត្ថក្រុងព្រះវិហារបានឲ្យដឹងថា ដោយទទួលបានបទបញ្ជា និងការចង្អុលបង្ហាញពីសំណាក់ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធខេត្តព្រះវិហារ លោកវរៈសេនីយ៍ត្រី ចាន់ សុភិនណារ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះវិហារ សហការជាមួយជំនាញរដ្ឋបាលព្រៃ ចុះបង្ក្រាបការជួញដូរឈើខាងលើ។ មន្រ្តីកងរាជអាវុធហត្ថដដែល បានឲ្យដឹងថា ក្រោយពីធ្វើការវាស់វែងរួចឈើទាំងនេះ បានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ ចាត់ការតាមនិតិវិធីច្បាប់។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក អ៊ុន ចាន់ដា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអភិបាលខេត្តព្រះវិហារ បានដាក់ចេញនូវវិធានការក្តៅដល់អជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវខិតខំបង្ក្រាបបទល្មើសនានា ក្នុងខេត្តឲ្យមានប្រសិទ្ធិភាព ពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសព្រៃឈើ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ឈ្មួញឈើជើងខ្លាំងឈ្មោះ «ឆយ» បើកឡានបុកឡានប៉ូលីស និងវាយឡានអ្នកកាសែតផ្អើលទាំងកណ្ដាលយប់នៅស្រុកឆ្លូង​ 

រថយន្ដសាំងយ៉ុងដឹកឈើជាច្រើនគ្រឿងរបស់ក្រុមឈ្មួញឈ្មោះ «ឆយ» ដែលតែងតែបើកបរបង្កភាពភ័យខ្លាច ដល់ពលរដ្ឋធ្វើដំណើរតាមដងផ្លូវដូចគ្នានោះ បានបើកគៀរថយន្ដនគរបាលចតនៅចិញ្ចើមផ្លូវ និងគុបរថយន្ដអ្នកកាសែត ព្រមទាំងដេញវាយអ្នកកាសែត ដែលពួកគាត់តាមប្រមាញ់រូបភាព។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ កន្លងទៅ នៅផ្លូវជាតិលេខ៧៣ ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ។

ប្រភពបានឲ្យដឹងថា ក្រុមឈ្មួញទាំងនោះដឹកឈើចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ យកទៅលក់បន្ដនៅខេត្តព្រែវែង ហើយឈ្មួញឈើជើងខ្លាំងរូបនោះឈ្មោះ «ឆយ» មកពីខេត្តព្រៃវែងធ្វើសកម្មភាពដឹកជញ្ជូនឈើជារៀងរាល់យប់ មិនដែលញញើតសមត្ថកិច្ចឡើយ ហើយសមត្ថកិច្ចក៏មិនដែលបង្រ្គាបរថយន្ដលោកឆយ ម្ដងណាឡើយ។

ប្រភពដដែលបានបញ្ជាក់ទៀតថា នៅវេលាម៉ោងជាង១រំលងអាធ្រាត្រ ឡានដឹកឈើរបស់ជើងខ្លាំង «ឆយ» ចំនួន៥គ្រឿង បានបើកយ៉ាងលឿន ហើយគៀរថយន្ដនគរបាល ចតនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យខូចទ្វារថយន្ដនគរបាលនោះមួយចំហៀង ស្របពេលហេតុការបែបនេះ ក្រុមអ្នកសារព័ត៌មានបានបើកឡានតាមប្រមាញ់រូបភាពពីក្រោយ ព្រមរាយការណ៍ជូនសមត្ថកិច្ចឲ្យស្ទាក់នៅស្រុកឆ្លូង តែទៅបានពាក់កណ្ដាលផ្លូវត្រូវក្រុមឈ្មួញឈើជើងខ្លាំង និងបក្ខពួកបានឈប់រថយន្ដទាញកាំបិតផ្គាក និងដំបងគប់មកលើរថយន្ដអ្នកកាសែត បណ្ដាលឲ្យខូចខាតយ៉ាងខ្លាំង។

ខណៈពេលនោះក្រុមអ្នកកាសែតគ្មានលទ្ធភាពក្នុងការតបត បានរត់ត្រឡប់ក្រោយវិញ ដោយក្រុមឈ្មួញទាំងនោះបានបន្ដដំណើរទៅមុខទៀត ទើបត្រូវយោធានៅស្រុកឆ្លូងស្ទាក់ចាប់បាន ប៉ុន្ដែក្រុមឈ្មួញជើងខ្លាំងនោះ បានរត់គេចខ្លួនបាត់ស្រមោល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]