(ភ្នំពេញ)៖ លោក Jun Koyama ប្រធានក្លឹប Fujieda MYFC បានសម្ដែងការពេញចិត្តជាខ្លាំង ក្រោយឆក់បានកីឡាករ ខ្សែប្រយុទ្ធ ដ៏ឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ទៅជួយក្លឹបរបស់ខ្លួន បើទោះបីក្នុងលក្ខខណ្ឌខ្ចីជើងក៏ដោយ។ លើសពីនេះ លោកថែមទាំងប្ដេជ្ញាជួយអភិវឌ្ឍន៍សមត្ថភាពខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះ ឲ្យកាន់តែល្បីនៅជប៉ុន ប្រចាំទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងពិភពលោកទៀតផង។

ក្រោយប្រកាសផ្ទេរ និងទទួលកីឡាករ ចាន់ វឌ្ឍនាកា ជាផ្លូវការក្នុងសន្និសីទសារព័ត៌មាន លោក Jun Koyama បាននិយាយថា «ខ្ញុំសន្យាថា នឹងបណ្ដុះបណ្ដាល វឌ្ឍនាកា ឲ្យកាន់តែរីកចម្រើន ដែលអាចនិយាយបានថា រីកចម្រើន រហូតបានឡើងទៅលេងលីគកំពូលជប៉ុន (J-League) ឬតំបន់អឺរ៉ុប និងពិភពលោកជាដើម។ តែយ៉ាងណា ខ្ញុំសូម សំណូមពរដល់អ្នកគាំទ្រកម្ពុជា សូមបន្ដគាំទ្រ វឌ្ឍនាកា ដើម្បីជំរុញសមត្ថភាពរបស់គេឲ្យកាន់តែរីកចម្រើនបន្ថែមទៀត»

បុរសជនជាតិជប៉ុនរូបនេះបានឲ្យដឹងថា មូលហេតុនៃការទទួលយក ចាន់ វឌ្ឍនាកា នេះគឺជាយុទ្ធសាស្ដ្របាល់ទាត់ជប៉ុន និងពង្រឹងកីឡាករក្នុងក្រុមបន្ថែម។ ជប៉ុនមានយុទ្ធសាស្ដ្រស្វែងរកកីឡាករឆ្នើមៗក្នុងអាស៊ី នៅលេងនៅលើទឹកដីជប៉ុន ហើយធ្វើយ៉ាងម៉េចឲ្យកីឡាករអាស៊ីមានភាពខ្លាំង ដូចបណ្ដាកីឡាករនៅអឺរ៉ុប និងពិភពលោកដែរ។

សូមរំលឹកដែរថា  តំណាងក្លឹបបឹងកេតអង្គរ របស់កម្ពុជាលោក បែ មករា រួមជាមួយតំណាង ក្លឹបជប៉ុន Fujieda MYFC បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ១ឆ្នាំ (ឆ្នាំ២០១៧) ដើម្បីនៃយកកីឡាករដ៏ល្បីរបស់ កម្ពុជា ទៅលេងនៅជប៉ុន ក្នុងលក្ខខណ្ឌខ្វីជើង ក្រោមតម្លៃពលកម្មបិទជិត ដោយមិនត្រូវក្លឹបទាំងពីរទម្លាយឲ្យដឹងឡើយ បើទោះបីជា អ្នកសារព័ត៌មាន និងអ្នកគាំទ្រឯទៀតជជីកសួរយ៉ាងណាក៏ដោយ៕

ប្រភព៖ Khmertalking

ដោយឡែក រំលឹកព័ត៌មានលើកមុនផងដែរថា៖  ចាន់ វឌ្ឍនាកា សម្រេចទៅលេងឲ្យក្លិប Fujieda MYFC នៅជប៉ុន ជាផ្លូវការ ក្នុងល័ក្ខខ័ណ្ឌខ្ចីជើង

អ្វីដែលអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជាគ្រប់គ្នាទន្ទឹងរង់ចាំ ទីបំផុតមានចម្លើយហើយ!! ខ្សែប្រយុទ្ធកំពូលពាក់ស្លាកលេខ១១ កីឡាករ ចាន់ វឌ្ឍនាកា នឹងចាកចេញពីក្លិបបឹងកេតអង្គរ ផ្លាស់ទៅលេងឲ្យក្លិប Fujieda MYFC លីកទី៣ នៅប្រទេសជប៉ុន ជាផ្លូវការក្នុងល័ក្ខខណ្ឌខ្ចីជើង ពេញមួយរដូវកាល។ នេះបើយោងតាមការឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី១៣ ខែមករា កន្លងទៅ។

បើទោះបីជាយ៉ាងណាក៏ដោយ ក្លិបទាំងសងខាងពុំបានបង្ហើបពីតម្លៃឈ្នួល ដែល វឌ្ឍនាកា នឹងទទួលបាននៅពេលទៅលេងឲ្យក្លិបនៅលីកទី៣មួយនេះទេ។

គួរបញ្ជាក់ដែរថា Fujieda MYFC គឺជាក្លិបបាល់ទាត់ មានមូលដ្ឋាននៅក្នុងតំបន់ Fujieda នៃទីក្រុង Shizouka ហើយបច្ចុប្បន្នកំពុងលេងនៅក្នុងលីកទី៣ នៃក្របខ័ណ្ឌបាល់ទាត់របស់ប្រទេសជប៉ុន។

គួររំឭកដែរថា ក្លិបមួយនេះ ក៏ធ្លាប់ទទួលអនុញ្ញាតិឲ្យ វឌ្ឍនាកា ទៅធ្វើការហ្វឹកហាត់ពង្រឹងសមត្ថភាពមួយលើកផងដែរ កាលពីអំឡុងខែវិច្ឆិកា កន្លងទៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]