ខេត្តកំពង់ឆ្នាំង ៖ មានការផ្ទុះការតវ៉ាមួយកើតឡើង កាលពីព្រឹកថ្ងៃទី១១ មករា ស្ថិតនៅវត្ត «ព្រះធាតុឆ្វេង» ក្នុងភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ ដោយសារតែព្រះសង្ឃក្នុងវត្តបានចោទព្រះគ្រូចៅអធិការវត្តថា បានបណ្តេញព្រះសង្ឃ៥អង្គចេញពីវត្ត ហើយបើពិតជាដេញព្រះសង្ឃ៥អង្គនេះចេញពីវត្តមែន ព្រះសង្ឃក្នុងវត្តប្រមាណ១០អង្គទៀត ក៏នឹងនិមន្តចេញពីវត្តដូចគ្នាដែរ ។

ដោយសារតែបែបនេះហើយ ទើបក្រុមព្រះសង្ឃមានការភ័យខ្លាច បានទូរសព្ទ័ហៅអ្នកកាសែតឱ្យជួយ ។ បន្ទាប់មក ក្រុមអ្នកសារព័ត៌មានមួយក្រុមរូមនិងអាជ្ញាធរមូលដ្ឋានមន្ត្រីសង្ឃរូមនិងមន្ទីរធម្មការខេត្តផងបានទៅវត្តជាកន្លែងកើតអធិករ។

ព្រះសង្ឃព្រះនាម វណ្ណ ចាន់ណា មានថេរដិការថា «អាត្មាបានឮ ញោមអុំអាត្មាថា ព្រះគ្រូចៅអធិការវត្ត «ព្រះធាតុ» ព្រះនាម ហុក សំអុន មានគម្រោងដេញអាត្មាចេញពីវត្ត ។ បន្ទាប់មក អាត្មាបានទៅសុំព្រះគ្រូចៅអធិការចេញពីវត្ត មុនពេលព្រះគ្រូចៅអធិការដេញនាំខ្មាស់គេ ។

នៅព្រឹកថ្ងៃទី១១ មករា នោះ ព្រះគ្រូចៅធិការវត្តបានឱ្យគេយកឆាយ៉ាមកឱ្យអាត្មា ។ ពេលចេញផុតពីកុដ្ឋបានបន្តិច ស្រាប់តែឮ គណៈកម្មការចោទថា អាត្មាជាអ្នកបំប៉បំប៉ោងឱ្យព្រះសង្ឃចេញតាមដែរ ដែលពាក្យនេះ ក្នុងធម៌វិន័យសង្ឃស្មើនឹងបរាជិក ត្រូវបកស្បង់ជីវរ បណ្តេញចេញពីវត្ត ដោយសារតែភ័យខ្លាចការផ្សឹក ដោយគ្មានកំហុសបែបនេះហើយ ទើបអាត្មាទូរស័ព្ទទៅញោម ជាឪពុកធំឈ្មោះពីន សារីម ជាសមាជិកគណៈកម្មការវត្ត ឱ្យជួយនិងហៅក្រុមអ្នកសារព័ត៌មានមកដែរ ព្រោះខ្លាចមានការចាប់ផ្សឹក ដោយគ្មានកំហុស ។

បន្ទាប់ពីមានក្រុមអ្នកសារព័ត៌មាន អាជ្ញាធរមូលដ្ឋាន មន្ត្រីសង្ឃ និងប្រធានមន្ទីរធម្មការខេត្តបានមកដល់ហើយ ព្រោះគ្រូចៅអធិការវត្តព្រះនាម ហុក សំអុន បានមានថេរដិការថា អាត្មាមិនបានដេញសង្ឃអង្គណាចេញពីវត្តទេ គឺមានតែសង្ឃព្រះនាម វណ្ណ ចាន់ណា មួយអង្គប៉ុណ្ណោះ ដែលមកសុំអាត្មាចេញពីវត្តដោយអង្គឯង ។ តែអាត្មា គ្រាន់តែបានប្រាប់ព្រះសង្ឃទាំងអស់ រួមទាំងចៅអាត្មាបង្កើតអាត្មាពីរអង្គផងត្រូវខំធ្វើការហើយបើនៅតែផ្គើនទៀតអាត្មាអត់ទុកទេ ។

ទោះបីជាមានការបកស្រាយទៅវិញទៅមកយ៉ាងណា បញ្ហានេះនៅមិនទាន់ចប់នៅឡើយ បើសិនមានការវិឌ្ឍន៍ យើងនឹងធ្វើការផ្សាយបន្តទៀត។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]