(ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ បន្ទាប់ពីត្រូវរថយន្តបុក ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង នៅតាមបណ្តោយផ្លូវម៉ុងឬទ្ធី កែងនឹងផ្លូវហាណូយ នៅវេលាម៉ោង១២៖០៥នាទីយប់ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំមួយគ្រឿង ម៉ាក Hyundia បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿននៅតាមបណ្តោយ ផ្លូវកើតហេតុខាងលើ លុះមកដល់ចំណុចកើតហេតុ ក៏បានបុករះជាមួយនឹងម៉ូតូមួយគ្រឿង ដោយសារតែល្បឿនលឿនផងនោះទើប រថយន្តបង្កជ្រុលទៅបុកជាមួយ រថយន្តមួយគ្រឿងទៀត ម៉ាក Lexus RX300 ពណ៌ស ធ្វើឲ្យរងការខូចខាតស្ទើរទាំងស្រុង ចំណែកឯរថយន្តបង្កបានក្រឡាប់ សង្កត់លើម៉ូតូ បណ្តាលឲ្យបុរសម្នាក់ដែលជិះម៉ូតូស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

សម្ថកិច្ចដែលស្ថិតនៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា រថយន្តបង្កធុនធំម៉ាក Hyuandia នោះបានបើកបរក្នុងទិសដៅ ពីកើតមកលិច ក្នុងល្បឿនលឿនមែនទែន ខណៈមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូរះជាមួយនឹងស្លាកសញ្ញាតាមចញ្ចើមផ្លូវ ហើយហួសទៅបុករថយន្ត Lexus មួយគ្រឿង ដែលធ្វើដំណើរតាមបញ្រ្ចាស់ទិសគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង និងស្ទួចយកវត្ថុតាងទាំងអស់ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ គ្នានៅពេលក្រោយ៕

ប្រភព៖ Fresh News

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន៖ ម្ដាយមីងស្លាប់ ខណៈក្មួយរងរបួសធ្ងន់ ក្រោយជិះម៉ូតូឌុបគ្នាទៅបុកសួនច្បារ បណ្ដាលឲ្យខ្ទាតចូលក្រោមរថយន្ដ

ជនរងគ្រោះ២នាក់មីងក្មួយ ជិះម៉ូតូបើកឌុបគ្នាទៅធ្វើការ ស្រាប់តែរ៉េចង្កូតទៅបុកសួនច្បារ កណ្ដាលទ្រូងផ្លូវឡើងហោះខ្ទាតប្លោងចូលទៅក្រោមរថយន្ដ បណ្ដាលឲ្យរថយន្ដ កិនមីងស្លាប់ និងក្មួយរងរបួសធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ម្សិលមិញ នៅត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះស្ពាន លេខ៩និងលេខ១០ ស្ថិតក្នុងភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

លោកអនុសេនីយ៍ទោ មាស ថន នាយប៉ុស្ដិ៍បាក់ខែង បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតឈ្មោះរស់ រឿន អាយុ៤០ឆ្នាំ ត្រូវជាម្ដាយមីង រីឯក្មួយ រងរបួសធ្ងន់មានឈ្មោះ រស់ រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ និងជាអ្នកបើកបរម៉ូតូម៉ាក Lets ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 1P-6025 រស់នៅភូមិដីក្រហម ឃុំមៀន ស្រុកព្រៃឈ ខេត្តកំពង់ចាម។ ដោយឡែករថយន្ដ ដែលកិននោះ ម៉ាកហ៊ីយ៉ានដាយ ជាប្រភេទរថយន្ដក្រុង ពណ៌ទឹកដោះគោ ពាក់ស្លាកលេខភ្នំពេញ3A-3385។

លោកនាយប៉ុស្ដិ៍ បានបញ្ជាក់ថាមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជាក្មួយ បានជិះបើកម៉ូតូឌុបម្ដាយម៉ីងរបស់ខ្លួន ចេញពីផ្ទះដើម្បីទៅធ្វើការរោងចក្រ ដោយធ្វើដំណើរតាមប ណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកមកដល់ចន្លោះស្ពានលេខ៩និងលេខ១០ ស្រាប់តែរេចង្កូតទៅបុកសួនច្បារកណ្ដាលទ្រូង ផ្លូវពេញទំហឹង បណ្ដាលឲ្យបោកដួលសន្លប់ស្ដូកស្ដឹង។

ដោយឡែក ម្ដាយមីងដែលអង្គុយខាងក្រោយ បានប្លោងហោះរំលងពីសួនច្បារម្ខាង ទៅសួនច្បារម្ខាងទៀត ស្របពេលនិងរថយន្ដក្រុង១គ្រឿង ដែលបើកពីត្បូងទៅជើងមកដល់ល្មម ហើយក៏ជាន់ហ្វ្រាំងមិនជាប់ បណ្ដាលបុកនិងកិនស្លាប់ភ្លាមៗតែម្ដង។ ចំពោះអ្នកបើកបររថយន្ដ បានរត់គេចខ្លួនបាត់ស្រមោល។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]