បរទេស៖ ទន្ទឹមនឹងការមកដល់នូវខ្សែភាពយន្តខ្នាតធំរបស់ Disney រឿង Beauty and the Beast ដែលកែច្នៃចេញពីរឿងដើម ប្រភេទគំនូជីវចល នៅខែមីនាខាងមុខនេះ ផ្សារទំនើបមួយកន្លែង បានដាក់លក់ផលិតផលតុក្កតារបស់ខ្លួន តំណាងឲ្យតួអង្គស្រីក្នុងរឿងនេះ ដើម្បីធ្វើជាការផ្សព្វផ្សាយខ្សែភាពយន្ត។

យ៉ាងណាមិញ អ្វីដែលនឹកស្មានមិនដល់នោះគឺ មានអតិថិជនជាច្រើនមានការភ្ញាក់ផ្អើលដោយសារ ផលិតផលតុក្កតាដែលបានដាក់លក់នេះ មានទម្រង់មុខសឹងតែ១០០ភាគរយ ដូចតារាចម្រៀងសញ្ជាតិកាណាដា Justin Bieber ។

យោងតាមប្រភពព័ត៌មាន បានបញ្ជាក់ថា ផលិតផលតុក្កតានេះ ត្រូវបានអ្នកលេងបណ្តាញសង្គម ធ្វើការចែកចាយពេញប្រព័ន្ធអិុនធើណេត ជាពិសេសនោះគឺបណ្តាញសង្គម Twitter តែម្តង ដោយម្នាក់ៗ សុទ្ធតែបញ្ចេញប្រតិកម្មដូចៗគ្នាថា តុក្កតាតួអង្គស្រីនេះ មានមុខដូចតារាចម្រៀងប៉ុប Justin Bieber បេះដាក់ ។

ជាមួយនឹងការប្រៀបធៀប តុក្កតា និងតារាចម្រៀងដ៏ល្បីរូបនេះ អ្នកលេងបណ្តាញសង្គមជាច្រើនបាននិយាយថា «មើលទៅគួរឲ្យអស់សំណើចបន្តិច ពេលខ្លះគួរឲ្យខ្លាចបន្តិច» ខ្លះទៀតថា «ហេតុអ្វីបានជាអ្នកផលិត ទៅផលិតចេញរូប Justin ទៅវិញ គូរណាតែផលិតរូប Emma វិញបានត្រឹមត្រូវ ព្រោះនាងជាអ្នកដើរតួរក្នុងរឿងនេះ» ។ បន្ថែមពីនេះទៀត ក៏មានមតិជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គម ទៅលើរូបតុក្កតាមួយនេះផងដែរ៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ប្រភព៖ Dailymail

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ក្រវិលរូបត្រចៀក និងចិញ្ចៀនរូបម្រាមដៃ មើលទៅគួរឲ្យអស់សំណើចដែរទេ?

សិល្បករជនជាតិអាល្លឺម៉ង់មួយរូប បានបង្កើតក្រវិលដ៏ប្លែកមួយប្រភេទ ដែលត្រូវបានមហាជនមួយចំនួន គិតថាវាគួរឲ្យចង់សើច និងមួយចំនួនទៀតគិតថាវាគួរឲ្យខ្លាចទៅវិញ។

សិល្បករម្នាក់ដែលមានឈ្មោះថា Nadja Buttendorf មិនបានកែច្នៃគ្រឿងអលង្ការជាមួយគ្រាប់ពេជ្រ ឬត្បូងមានតម្លៃអ្វីឡើយ គឺគេបានប្រើប្រាស់វត្ថុធាតុដើមម្យ៉ាងដែលធ្វើឲ្យក្រវិលរាងត្រចៀកនោះ មើលទៅដូចជាស្បែករបស់មនុស្សពិតៗ និងត្រចៀករបស់មនុស្សពិតៗតែម្តង។

មិនតែប៉ុណ្ណោះ ដើម្បីតម្រូវទៅតាមប្រភេទស្បែករបស់អតិថិជន ក៏ដូចជាដើម្បីឲ្យអ្នកពាក់ទាំងអស់មើលទៅដូចជាពួកគេកំពុងមានត្រចៀកពីរ អ្នកច្នៃម៉ូតក្រវិលនេះ បានផលិតវាឡើងឲ្យមានច្រើនពណ៌ ច្រើនជម្រើស ចាប់តាំងពីពណ៌លឿងស្រាល រហូតដល់ពណ៌ត្នោតក្រម៉ៅតែម្តង។

មិនតែប៉ុណ្ណោះ ក្រវិលទាំងនោះមានដែកមួយនៅត្រង់ចំនុចនៃឆ្អឹងខ្ចីខាងលើ ដើម្បីឲ្យអ្នកប្រើប្រាស់ទាំងអស់អាចថ្ពក់ត្រចៀកក្លែងក្លាយនេះ ជាមួយត្រចៀកពិតប្រាកដរបស់ពួកគេបាន។

តាមពិតទៅ ក្រវិលដ៏ចម្លែកមួយនេះ មិនទាន់បានធ្វើការដាក់លក់នៅលើទីផ្សារនៅឡើយទេ ព្រោះថា ឥឡូវនេះវាគ្រាន់តែជាវត្ថុសិល្បៈមួយតែប៉ុណ្ណោះ។

ផ្ទុយទៅវិញ នៅខណៈពេលដែលមនុស្សគ្រប់គ្នាមិនអាចទិញក្រវិលប្រភេទនេះបាន Nadja តែងតែពាក់វាចេញទៅខាងក្រៅដើម្បីធ្វើការអួតបង្ហាញ និងថតរូបបង្ហោះនៅក្នុងគណនី Instagram របស់នាងជាដើម។ 

Nadja បានសួរទៅកាន់គេហទំព័រ The Creators Project ថា “ហេតុអ្វីយើងមិនអាចមានត្រចៀក៤? តើវានឹងមានអ្វីកើតឡើង បើសិនជាយើងមានត្រចៀក៤? ហេតុអ្វីបានជាត្រចៀករបស់យើង មិននៅលើដៃរបស់យើងអ៉ីចឹង?” ការគិតចម្លែកៗបែបនេះហើយ ទើបធ្វើឲ្យនាងមានគំនិតបង្កើតវត្ថុមួយផ្សេងទៀត ក្រៅពីក្រវិលរាងត្រចៀកនេះ។

គួររំឭកដែរថា នៅក្នុងឆ្នាំ ២០១៦ នាងបានបង្កើតវត្ថុចម្លែកថ្មីមួយទៀតនោះគឺ ចិញ្ចៀនដែលមានទ្រង់ទ្រាយដូចជាម្រាមដៃ។ ចិញ្ចៀននេះ ក៏បានផលិតឡើងពីជ័រស៊ីលីកូន ដូចជាក្រវិលអ៉ីចឹងដែរ។ វាត្រូវបានគេធ្វើឡើង ដោយមានដាក់កងរង្វង់មួយនៅខាងក្រោមនៃម្រាមដៃជ័រនោះ ដែលធ្វើឲ្យអ្នកពាក់ចញ្ចៀននោះ មើលទៅដូចជាមានម្រាមដៃភ្លោះអ៉ីចឹង។

Nadja ពិតជាមានចិត្តសប្បាយរីករាយជាមួយការបង្កើតថ្មីរបស់នាងណាស់ ហើយនាងរំពឹងថា នាងអាចប្រើម្រាមដៃទី៦ របស់នាងធ្វើសកម្មភាពមួយចំនួនដូចជា បិទភ្លើង ចុចទូរស័ព្ទ និងបើកទ្វារជាដើម។ លើសពីនេះ នាងក៏បានលាបពណ៌ក្រចកទៅលើម្រាមដៃជ័រនោះ ដើម្បីឲ្យមើលទៅកាន់តែសាកសមជាមួយម្រាមដៃទាំង៥ផ្សេងទៀតរបស់នាង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]