អាល្លឺម៉ង់៖ សិល្បករជនជាតិអាល្លឺម៉ង់មួយរូប បានបង្កើតក្រវិលដ៏ប្លែកមួយប្រភេទ ដែលត្រូវបានមហាជនមួយចំនួន គិតថាវាគួរឲ្យចង់សើច និងមួយចំនួនទៀតគិតថាវាគួរឲ្យខ្លាចទៅវិញ។

សិល្បករម្នាក់ដែលមានឈ្មោះថា Nadja Buttendorf  មិនបានកែច្នៃគ្រឿងអលង្ការជាមួយគ្រាប់ពេជ្រ ឬត្បូងមានតម្លៃអ្វីឡើយ គឺគេបានប្រើប្រាស់វត្ថុធាតុដើមម្យ៉ាងដែលធ្វើឲ្យក្រវិលរាងត្រចៀកនោះ មើលទៅដូចជាស្បែករបស់មនុស្សពិតៗ និងត្រចៀករបស់មនុស្សពិតៗតែម្តង។

មិនតែប៉ុណ្ណោះ ដើម្បីតម្រូវទៅតាមប្រភេទស្បែករបស់អតិថិជន ក៏ដូចជាដើម្បីឲ្យអ្នកពាក់ទាំងអស់មើលទៅដូចជាពួកគេកំពុងមានត្រចៀកពីរ អ្នកច្នៃម៉ូតក្រវិលនេះ បានផលិតវាឡើងឲ្យមានច្រើនពណ៌ ច្រើនជម្រើស ចាប់តាំងពីពណ៌លឿងស្រាល រហូតដល់ពណ៌ត្នោតក្រម៉ៅតែម្តង។ 

មិនតែប៉ុណ្ណោះ ក្រវិលទាំងនោះមានដែកមួយនៅត្រង់ចំនុចនៃឆ្អឹងខ្ចីខាងលើ ដើម្បីឲ្យអ្នកប្រើប្រាស់ទាំងអស់អាចថ្ពក់ត្រចៀកក្លែងក្លាយនេះ ជាមួយត្រចៀកពិតប្រាកដរបស់ពួកគេបាន។

តាមពិតទៅ ក្រវិលដ៏ចម្លែកមួយនេះ មិនទាន់បានធ្វើការដាក់លក់នៅលើទីផ្សារនៅឡើយទេ ព្រោះថា ឥឡូវនេះវាគ្រាន់តែជាវត្ថុសិល្បៈមួយតែប៉ុណ្ណោះ។

ផ្ទុយទៅវិញ នៅខណៈពេលដែលមនុស្សគ្រប់គ្នាមិនអាចទិញក្រវិលប្រភេទនេះបាន Nadja តែងតែពាក់វាចេញទៅខាងក្រៅដើម្បីធ្វើការអួតបង្ហាញ និងថតរូបបង្ហោះនៅក្នុងគណនី Instagram របស់នាងជាដើម។ 

Nadja បានសួរទៅកាន់គេហទំព័រ The Creators Project ថា “ហេតុអ្វីយើងមិនអាចមានត្រចៀក៤? តើវានឹងមានអ្វីកើតឡើង បើសិនជាយើងមានត្រចៀក៤? ហេតុអ្វីបានជាត្រចៀករបស់យើង មិននៅលើដៃរបស់យើងអ៉ីចឹង?” ការគិតចម្លែកៗបែបនេះហើយ ទើបធ្វើឲ្យនាងមានគំនិតបង្កើតវត្ថុមួយផ្សេងទៀត ក្រៅពីក្រវិលរាងត្រចៀកនេះ។

គួររំឭកដែរថា នៅក្នុងឆ្នាំ ២០១៦ នាងបានបង្កើតវត្ថុចម្លែកថ្មីមួយទៀតនោះគឺ ចិញ្ចៀនដែលមានទ្រង់ទ្រាយដូចជាម្រាមដៃ។ ចិញ្ចៀននេះ ក៏បានផលិតឡើងពីជ័រស៊ីលីកូន ដូចជាក្រវិលអ៉ីចឹងដែរ។ វាត្រូវបានគេធ្វើឡើង ដោយមានដាក់កងរង្វង់មួយនៅខាងក្រោមនៃម្រាមដៃជ័រនោះ ដែលធ្វើឲ្យអ្នកពាក់ចញ្ចៀននោះ មើលទៅដូចជាមានម្រាមដៃភ្លោះអ៉ីចឹង។

Nadja ពិតជាមានចិត្តសប្បាយរីករាយជាមួយការបង្កើតថ្មីរបស់នាងណាស់ ហើយនាងរំពឹងថា នាងអាចប្រើម្រាមដៃទី៦ របស់នាងធ្វើសកម្មភាពមួយចំនួនដូចជា បិទភ្លើង ចុចទូរស័ព្ទ និងបើកទ្វារជាដើម។ លើសពីនេះ នាងក៏បានលាបពណ៌ក្រចកទៅលើម្រាមដៃជ័រនោះ ដើម្បីឲ្យមើលទៅកាន់តែសាកសមជាមួយម្រាមដៃទាំង៥ផ្សេងទៀតរបស់នាង៕

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួួយផ្សេងទៀត៖ 

មិនគួរឲ្យជឿ! រកឃើញក្រញាំដៃដ៏អាថ៌កំបាំង មានម្រាមប្រវែង២០ស.ម កប់ក្នុងរូងក្រោមដីដ៏ជ្រៅ សង្ស័យជាមនុស្សក្រៅភព (មានវីដេអូ)

ប៉េរូ៖ ក្រុមអ្នកស្រាវជ្រាវមួយក្រុម បានអះអាងថា ពួកគេបានរកឃើញក្រញាំដៃដ៏ធំមួយ ដែលមានម្រាមតែ៣ ថាជារបស់មនុស្សក្រៅភព ក្នុងរូងដីមួយកន្លែង នៅប្រទេសប៉េរូ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧។

ពួកគេជឿជាក់ថា ក្រញាំដៃដែលមានម្រាមចំនួន៣ ហើយមានម្រាមប្រវែងយ៉ាងហោចណាស់ដល់ទៅ ២០សង់ទីម៉ែត្រនោះ អាចជារបស់មនុស្សក្រៅភព ដែលមានរូបរាងប្រហាក់ប្រហែលនឹងមនុស្ស។ វាត្រូវបានគេរកឃើញ នៅក្នុងរូងក្រោមដីដ៏ជ្រៅ ក្បែរទីក្រុងបុរាណ Cusco ។

ប្រភពព័ត៌មានបានឲ្យដឹងថា បើទោះជាបានរកឃើញវត្ថុដ៏អាថ៌កំបាំងមួយនេះក៏ដោយ ប៉ុន្តែក្រុមស្រាវជ្រាវមួយក្រុមនេះ បានបដិសេធមិនព្រមបង្ហាញពីទីកន្លែងពិតប្រាកដ ដែលរកឃើញក្រញាំដៃនោះទេ។ ពួកគេក៏បានអះអាងថា ពួកគេបានរកឃើញលលាដ៏ក្បាលមួយ ដែលដូចពួកភពផ្សេង នៅក្បែរកន្លែងដែលគេរកឃើញក្រញាំដៃខាងលើផងដែរ។ 

ប្រភពព័ត៌មានបានបន្តថា ការអះអាងទាំងអស់នេះ នៅមិនទាន់ត្រូវបានធ្វើការបញ្ជាក់ ដោយក្រុមអ្នកវិទ្យាសាស្ត្រ ឬអ្នកស្រាវជ្រាវពីស្ថាប័ន ដែលមានការទទួលស្គាល់ណាមួយឡើយ។

គួរបញ្ចាក់ថា វត្ថុដ៏អាថ៌កំបាំងដែលរកឃើញនោះ ត្រូវបានក្រុមស្រាវជ្រាវខាងលើប្រគល់ទៅឲ្យ លោក Brien Foerster ជាអ្នកស្រាវជ្រាវ Paranormal Researcher មួយរូប ដែលបានបើកក្រុមហ៊ុនទេសចរណ៍មួយនៅក្នុងប្រទេសប៉េរូ។ លោក Brien Foerster បាននិយាយថា លោកបានយកវាទៅឲ្យក្រុមអ្នកជំនាញ ដើម្បីធ្វើការត្រួតពិនិត្យ ដោយបានរកឃើញថា ក្រញាំដៃនោះមានឆ្អឹងចំនួន៦ នៅក្នុងម្រាមដៃនិមួយៗ ខណៈមនុស្សធម្មតាមានតែ ៥ ប៉ុណ្ណោះ។

ក្រុមអ្នកស្រាវជ្រាវខាងលើ ក៏បានធ្វើការប្រើប្រាស់កាំរស្មីអ៉ិច ដើម្បីត្រួតពិនិត្យក្រញាំដៃ និងលលាដ៏ក្បាលនោះ ថាជាផ្នែកមួយនៃវត្ថុមានជីវិតពិតប្រាកដ គឺមានន័យថា វាជាឆ្អឹងពិតប្រាកដ ហើយមានផ្ទុកជាលិកាស្បែកថែមទៀត។ បច្ចុប្បន្នក្រុមស្រាវជ្រាវខាងលើនេះ ក៏មានគ្រោងនឹងធ្វើតេស្ត DNA ទៅលើវត្ថុដ៏អាថ៌កំបាំង ដែលពួកគេរកឃើញទាំងនោះ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំនេះជាបន្តទៀត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]