(ត្បូងឃ្មុំ)៖ គ្រាប់ប្រភេទ MK82 ដែលប្រើសម្រាប់ទម្លាក់ពីលើយន្តហោះរបស់អាមេរិក ក្នុងសម័យសង្គ្រាម ត្រូវបានគេប្រទះឃើញមួយគ្រាប់ទៀតហើយ នៅក្នុងដីចំការដំឡូងរបស់ប្រជាពលរដ្ឋឈ្មោះ ទ្រី ស៊ីណុន នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ នេះបើយោងតាមមន្រ្តីស៊ីម៉ាក់នៅខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ។

មន្រ្តីស៊ីម៉ាក់ប្រចាំការនៅខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រោយពីទទួលដំណឹងរបស់នគរបាលស្រុកតំបែរថា មានគ្រាប់នៅក្នុងភូមិសាស្រ្តដីចំការដំឡូង របស់ប្រជាពលរដ្ឋនោះ ក៏ក្រុមការងារក៏បាននាំគ្នាប្រញាប់ ចុះទៅពិនិត្យមើល ជាក់ស្តែង តាំងពីព្រឹកថ្ងៃទី៩ខែមករា ឆ្នាំ២០១៧ ហើយពេលចុះទៅដល់ឃើញថា គ្រាប់នោះ គឺនៅមានគុណភាព១០០ភាគរយ ថែមទាំងមិនទាន់ផ្ទុះទៀតផង។

មន្រ្តីស៊ីម៉ាក់បានបន្តទៀតថា គ្រាប់ប្រភេទ MK82នេះ ជាប្រភេទទម្លាក់ពីលើយន្តហោះក្នុងអំឡុងសង្រ្គាមឆ្នាំ១៩៧០-១៩៧៥ ដែលមិនបានផ្ទុះ ហើយកប់នៅក្នុងដីចំការ របស់ប្រជាពលរដ្ឋ បើនិយាយពីកម្លាំងរបស់គ្រាប់នេះ គឺមានឥទ្ធិពលខ្លាំងក្លាតែម្តង។

មន្រ្តីស៊ីម៉ាក់បានបញ្ជាក់ថា «ប្រសិនបើផ្ទុះវិញ ក្នុងបរិវេណ៥០០ម៉ែត្របួនជ្រុងមនុស្សនឹងត្រូវទទួលរងផលប៉ះពាល់ បណ្តាលឲ្យរបួស និងស្លាប់តែម្តង»។

ក្រោយត្រួតពិនិត្យចប់គ្រាប់នេះ ត្រូវបានក្រុមការងារស៊ីម៉ាក់យកលើកដាក់លើរថយន្តដោយមានការប្រុងប្រយ័ត្ន ហើយដឹកមករក្សាទុកជាបណ្តោះអាសន្ន នៅស្នាក់ការស៊ីម៉ាក់ខេត្តត្បូងឃ្មុំ ជាបណ្តោះអាសន្នសិនទៅតាមបច្ចេកទេស ដើម្បីជៀសវាងការផ្ទុះ។

បន្ទាប់មកនឹងដឹកបន្តយកទៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនស៊ីម៉ាក់នៅខេត្តកំពង់ឆ្នាំង ដើម្បីកម្ទេចចោល៕

ប្រភព៖ Fresh News

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ រថយន្តដឹកអ្នកដំណើរ​មួយគ្រឿង ត្រូវភ្លើងឆេះ​ពេលកំពុង​ធ្វើដំណើរ សំណាងល្អ​អ្នកជិះត្រូវ បានជម្លៀស​ចេញទាន់

រថយន្តដឹកអ្នកដំណើរមួយគ្រឿង ប្រភេទេសចរណ៍ ត្រូវបានអគ្គិភ័យឆាបឆេះ ពេលកំពុងធ្វើដំណើរតាមដងផ្លូវ តែសំណាងណាស់ អ្នកជិះទាំងអស់ ត្រូវបានជម្លៀសទាន់រួចផុតពីគ្រោះថ្នាក់មួយនេះ។

គ្រោះថ្នាក់បង្កឲ្យមានភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចសាលាក្រហម ស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី ១០ មករា ឆ្នាំ២០១៧។

លោក អ៊ុ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរមានមនុស្សជិះពេញ ក្នុងទិសដៅពីក្រុងប៉ោយប៉ែត ទៅខេត្តសៀមរាប ហើយខណៈនេះប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុកំពុងជួយពន្លត់។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បញ្ជាក់អំពីមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះកើតឡើងនោះទេ ហើយក៏មិនទាន់ដឹងថា រថយន្តខាងលើជារបស់ក្រុមហ៊ុនណាដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]