(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧​នេះថា កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានធ្វើការស្រាវជ្រាវបង្ក្រាប ករណីចែកចាយគ្រឿងញៀន មួយករណីនៅថ្ងៃទី៩ ខែមករា​ម្សិលមិញ នៅចំណុចបរិវេណខាងកើតច្រកអន្តរជាតិជាំ ស្ថិតនៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។

លោកស្នងការថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលរបស់លោក ឃាត់ខ្លួនជនសង្ស័យ៣នាក់ ទី១៖ឈ្មោះ ហេង ប៉េងទ្បុង អាយុ២៧ឆ្នាំ, ទី២៖ឈ្មោះ ភិន សីឡា ហៅសីឡែន អាយុ១៩ឆ្នាំ និងទី៣៖ឈ្មោះ សឿន សាក់ អាយុ២២ឆ្នាំ។ ក្រោយឃាត់ខ្លួនកម្លាំងជំនាញ ដកហូតបាន ថ្នាំញៀនមេតំហ្វេតាមីនICE ចំនួន២កញ្ចប់ ទូរស័ព្ទដៃ២គ្រឿង ម៉ូតូ១គ្រឿង និងសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្ដ៕

ប្រភព៖ Fresh News

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត៖  នគរបាលខេត្តព្រះវិហារ បង្ក្រាបករណីជួញ​ដូរគ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ ៩នាក់

គ្រាដែលរាជរដ្ឋាភិបាលដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំង និងបង្រ្កាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងក្តៅគគុកនោះ នៅឯខេត្តព្រះវិហារ​មន្រ្តីនគរបាល ក៏កំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំផងដែរ។ នៅថ្ងៃទី០៦ ខែមករា ម្សិលមិញជនសង្ស័យជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់សរុប ៩នាក់ និងដកហូតថ្នាំញៀន រួមនិងវត្ថុតាងមួយចំនួនផងដែរ។

លោកវរៈសេនីយ៍ មាឃ សំអូន ស្នងការរង និងជាប្រធានការិយាលយ័កណ្តាលប្រឆាំងបទល្មើស បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ បានធ្វើឡើងនៅចំណុចការដ្ឋានសំណង់ ក្នុងបរិវេណសំណង់រដ្ឋបាលខេត្ត ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

លោកវរៈសេនីយ៍ឯក មាឃ សំអូន បានឲ្យដឹងដែរថា យុទ្ធនាការបង្ក្រាបជនសង្ស័យគ្រឿងញៀនខុសច្បាប់នេះ ត្រូវបានដឹកនាំ និងសម្របសម្រួលពី លោក លី លន់ ព្រះរាជអាជ្ញាអមសាលដំបូងខេត្តព្រះវិហារ។

ទាំងជនសង្ស័យ និងវត្ថុតាងក្រោយពីឃាត់ខ្លួន និងរឹបអូសបាននោះ ត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី។ នេះបើតាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯក មាឃ សំអូន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]