(ព្រះវិហារ)៖ គ្រាដែលរាជរដ្ឋាភិបាលដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំង និងបង្រ្កាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងក្តៅគគុកនោះ នៅឯខេត្តព្រះវិហារ​មន្រ្តីនគរបាល ក៏កំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំផងដែរ។ នៅថ្ងៃទី០៦ ខែមករា ម្សិលមិញជនសង្ស័យជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់សរុប ៩នាក់ និងដកហូតថ្នាំញៀន រួមនិងវត្ថុតាងមួយចំនួនផងដែរ។

លោកវរៈសេនីយ៍ មាឃ សំអូន ស្នងការរង និងជាប្រធានការិយាលយ័កណ្តាលប្រឆាំងបទល្មើស បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ បានធ្វើឡើងនៅចំណុចការដ្ឋានសំណង់ ក្នុងបរិវេណសំណង់រដ្ឋបាលខេត្ត ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

លោកវរៈសេនីយ៍ឯក មាឃ សំអូន បានឲ្យដឹងដែរថា យុទ្ធនាការបង្ក្រាបជនសង្ស័យគ្រឿងញៀនខុសច្បាប់នេះ ត្រូវបានដឹកនាំ និងសម្របសម្រួលពី លោក លី លន់ ព្រះរាជអាជ្ញាអមសាលដំបូងខេត្តព្រះវិហារ។

ទាំងជនសង្ស័យ និងវត្ថុតាងក្រោយពីឃាត់ខ្លួន និងរឹបអូសបាននោះ ត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី។ នេះបើតាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯក មាឃ សំអូន៕

ប្រភព៖ Fresh News

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖ អាជ្ញាធរគ្រឿងញៀន នឹងផ្តល់ឧបករណ៍ ពិនិត្យរកសារជាតិញៀន ក្នុងខ្លួនសិស្ស បើមានការស្នើសុំ

កាលពីថ្ងៃទី០៣ ខែមករា មន្រ្តីជាន់ខ្ពស់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងផ្តល់ឧបករណ៍ត្រួតពិនិត្យ ស្វែងរកសារជាតិញៀន នៅក្នុងខ្លួនរបស់សិស្សសាលា បើមានការស្នើសុំពីខាងនាយកសាលា បន្ទាប់ពីសង្ស័យថា សិស្សណាម្នាក់មានផ្ទុកសារជាតិញៀន។

លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ការធ្វើដូច្នោះ ក៏ព្រោះតែអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅមិនទាន់មានលទ្ធភាព ផ្តល់ជូននូវឧបករណ៍ ត្រួតពិនិត្យសារជាតិញៀននេះ បានគ្រប់សាលានៅទូទាំងប្រទេស ជាពិសេសបើមានការបើកយុទ្ធនាការ ត្រួតពិនិត្យទឹកនោមទៅលើសិស្សសាលា នៅទូទាំងប្រទេស គឺអាចប៉ះពាល់ដល់ផ្លូវចិត្ត របស់សិស្សមួយចំនួនធំ ដែលមិនបានសេពគ្រឿងញៀន។ លោកបន្តថា “វាជារឿងល្អ បើសិនជាមានយុទ្ធនាការត្រួតពិនិត្យ រកសារជាតិញៀននៅក្នុងខ្លួនសិស្ស នៅទូទាំងប្រទេសនោះ ប៉ុន្តែយើងមិនអាចធ្វើទៅបាន ព្រោះយើងនៅមាន ការខ្វះខាតឧបករណ៍ត្រួតពិនិត្យ” ។

សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រកាសថា អាជ្ញាធរគ្រឿងញៀន នឹងសហការជាមួយក្រសួងអប់រំ ដើម្បីដាក់សម្ភារៈត្រួតពិនិត្យទឹកនោម របស់សិស្សសាលារកមើលសាធាតុញៀន។ បើរកឃើញនឹងបញ្ជូនទៅព្យាបាល។ ទន្ទឹមនឹងនេះ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏គ្រោងនឹងផ្ដល់សម្ភារៈត្រួតពិនិត្យទឹកនោម ទៅដល់គ្រប់សាប័នរដ្ឋផងដែរ បើមានការស្នើសុំ សម្រាប់ត្រួតពិនិត្យលើបុគ្គលិករបស់ខ្លួន ដែលសង្ស័យថា ប្រើប្រាស់គ្រឿងញៀន ជាពិសេសសាលារៀនទាំងអស់ ទូទាំងប្រទេស៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]