ភ្នំពេញ៖ ជុំវិញសារព័ត៌មានទាក់ទង នឹងកីឡាករ ចាន់ វឌ្ឍនាកា ផ្លាស់ទៅលេងក្លិបថ្មី គឺសឹងតែ១០០ភាគរយហើយជាការពិត ដោយថ្មីៗនេះ ម្ចាស់សាមីខ្លួន បានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែមករា ខាងមុខនេះ នឹងទទួលបានដំណឹងហើយ។ នេះបើយោងតាម Comment របស់ វឌ្ឍនាកា ឆ្លើយតបទៅកាន់អ្នកគាំទ្រនៅក្នុងហ្វេសប៊ុក។

ជាមួយនឹងរូបភាព គួបផ្សំនឹងសារមួយឃ្លារបស់ ខ្សែប្រយុទ្ធឆ្នើមរូបនេះ បានបង្ហោះក្នុងហ្វេសប៊ុកឲ្យដឹងថា «ជីវិតនៅលើវិថីបាល់ទាត់ ទោះមានរឿងអ្វីកើតឡើងក៏ត្រូវតែស៊ូទ្រាំ» ។ ដោយយោងតាមរយៈសារមួយឃ្លានេះហើយ ទើបធ្វើឲ្យអ្នកគាំទ្រម្នាក់ ចូលមកសួរកីឡាកររូបនេះថា «តើនៅពេលណាដែលពួកយើងអាចដឹងដំណឹងទាក់ទងនឹងក្លិបថ្មី?» ស្របពេលនោះ វឌ្ឍនាកា ក៏បានឆ្លើយទៅវិញថា «ថ្ងៃទី១៣» មួយម៉ាត់យ៉ាងខ្លី ធ្វើឲ្យអ្នកគាំទ្រផ្សេងៗទៀត មានការភ្ញាក់ផ្អើល និងនាំគ្នាទន្ទឹងចង់ដឹងពីដំណឹងនេះ។  

ចំពោះអនាគតក្លិបរបស់ កីឡាករវ័យ២២ឆ្នាំរូបនេះ ត្រូវបានមជ្ឈដ្ឋានជុំវិញ សន្និដ្ឋាន និងប៉ានស្មានថា ជាក្លិបរបស់ប្រទេសជប៉ុន ដែលធ្លាប់ទាក់ទង វឌ្ឍនាកា កាលពីលើកមុន ឯខ្លះទៀតនិយាយថា អាចជាក្លិបមកពីប្រទេសថៃ និងម៉ាឡេស៊ី ព្រោះកាលពីប៉ុន្មានថ្ងៃមុន ក្នុងគេហទំព័រ Wikipedia បានដាក់ឈ្មោះកីឡាកររូបនេះ នៅក្នុងក្លិបមួយរបស់ប្រទេសម៉ាឡេស៊ី ប៉ុន្តែក្រោយមកត្រូវបានលុបចោលវិញ។

បើទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្របាល់ទាត់កម្ពុជាភាគច្រើន បាននាំគ្នាសម្តែងក្តីត្រេកអរផងដែរ ចំពោះដំណឹងមួយនេះ ព្រោះវាគឺជាឱកាសពិសេសមួយ ដែលកីឡាករខ្មែរយើងអាចបញ្ចេញសមត្ថភាពក្នុងឆាកអន្តរជាតិ ក៏ដូចជាការលើកស្ទួយឲ្យកីឡាករខ្មែរយើងផ្សេង ខំប្រឹងហ្វឹកហាត់ឲ្យខ្លាំងបន្ថែមទៀតផងដែរ៕ 

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ទីបំផុត កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានចាកចេញទៅប្រទេសថៃហើយ ដើម្បីចូលរួមលេងឲ្យក្លិប Krabi FC

ខ្សែបម្រើកូនកាត់ខ្មែរ-បារាំង កីឡាករ ធារី ចន្ថាប៊ីន បានសម្រេចចិត្តជាផ្លូវការហើយ អំពីទិសដៅបន្ទាប់ក្នុងវិថីបាល់ទាត់ ដោយបានប្រកាសកាលពីថ្ងៃទី៣១ ខែធ្នូ កន្លងទៅនេះថា បានចុះកុងត្រារួចរាល់ហើយ ជាមួយក្លិប Krabi FC ដែលលេងនៅលីកទី២ប្រទេសថៃ។

ដោយឡែកនៅព្រឹកថ្ងៃទី០២ ខែមករា ធារី ចន្ថាប៊ីន ក៏បានលាប្រិយមិត្តអ្នកគាំទ្រនៅកម្ពុជា និងមិត្តស្រីរបស់ខ្លួនផងដែរ ដើម្បីធ្វើការចាកចេញពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅប្រទេសថៃ ដើម្បីត្រៀមខ្លួន បើករដូវកាលថ្មី ជាមួយក្លិបថ្មី Krabi FC ។ 

ទាក់ទងនឹងការសម្រេចចិត្ត ទៅលេងនៅលីកប្រទេសថៃ បន្ទាប់ពីចំណាយពេល៤ឆ្នាំជាមួយក្លិបភ្នំពេញក្រោន ធារី ចន្ថាប៊ីន បានប្រកាសក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា «បន្ទាប់ពីការរងចាំប្រាប់អ្នកពីដំណឹងមួយនេះ ខ្ញុំអាចប្រាប់បានហើយថា ខ្ញុំបានធ្វើការចុះកុងត្រាជាមួយ Krabi Football Club - สโมสรฟุตบอลกระบี่ នៅឯប្រទេសថៃ! ខ្ញុំពិតជាមានភាពរីករាយណាស់ដែលអាចឈានទៅដល់គោលដៅមួយរបស់ខ្ញុំបាន វាប្រៀបដូចជាអំណោយឆ្នាំថ្មី ២០១៧ អីចឹង។ វាជាការប្រកួតប្រជែង ហើយនិងជាការបោះជំហានដ៏ធំមួយសម្រាប់ខ្ញុំផងដែរ ខ្ញុំបានត្រៀមចិត្តកាយរួចជាស្រេចដើម្បីឱកាសដែលខ្ញុំទទួលបាននេះ!!

សូមថ្លែងអំណរគុណជាអនេកសម្រាប់ការបន្តគាំទ្ររូបខ្ញុំ ក៏ដូចជាការលើកចិត្តឱ្យខ្ញុខិតខំពុះពារទៅមុខ។ ខ្ញុំពិតជារំភើបចំពោះបទពិសោធន៍ទាំងនេះ ទាំងការសិក្សាពីអ្វីថ្មីៗហើយនាំយកវាមកកម្ពុជា។ ខ្ញុំនឹងមិនអាចបំភ្លេចបានពីការឈរឈ្មោះលេងសម្រាប់ប្រទេសយើង ហើយខ្ញុំក៏សង្ឈឹមដែរថានឹងអាចត្រឡប់មកវិញនៅពេលក្រោយផងដែរ!» ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]