ភ្នំពេញ៖ ខ្សែបម្រើកូនកាត់ខ្មែរ-បារាំង កីឡាករ ធារី ចន្ថាប៊ីន បានសម្រេចចិត្តជាផ្លូវការហើយ អំពីទិសដៅបន្ទាប់ក្នុងវិថីបាល់ទាត់ ដោយបានប្រកាសកាលពីថ្ងៃទី៣១ ខែធ្នូ កន្លងទៅនេះថា បានចុះកុងត្រារួចរាល់ហើយ ជាមួយក្លិប Krabi FC ដែលលេងនៅលីកទី២ប្រទេសថៃ។

ដោយឡែកនៅព្រឹកថ្ងៃទី០២ ខែមករា ប៉ុន្មានម៉ោងមុននេះ ធារី ចន្ថាប៊ីន ក៏បានលាប្រិយមិត្តអ្នកគាំទ្រនៅកម្ពុជា និងមិត្តស្រីរបស់ខ្លួនផងដែរ ដើម្បីធ្វើការចាកចេញពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅប្រទេសថៃ ដើម្បីត្រៀមខ្លួន បើករដូវកាលថ្មី ជាមួយក្លិបថ្មី Krabi FC ។ 

ទាក់ទងនឹងការសម្រេចចិត្ត ទៅលេងនៅលីកប្រទេសថៃ បន្ទាប់ពីចំណាយពេល៤ឆ្នាំជាមួយក្លិបភ្នំពេញក្រោន ធារី ចន្ថាប៊ីន បានប្រកាសក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា «បន្ទាប់ពីការរងចាំប្រាប់អ្នកពីដំណឹងមួយនេះ ខ្ញុំអាចប្រាប់បានហើយថា ខ្ញុំបានធ្វើការចុះកុងត្រាជាមួយ Krabi Football Club - สโมสรฟุตบอลกระบี่ នៅឯប្រទេសថៃ! ខ្ញុំពិតជាមានភាពរីករាយណាស់ដែលអាចឈានទៅដល់គោលដៅមួយរបស់ខ្ញុំបាន វាប្រៀបដូចជាអំណោយឆ្នាំថ្មី ២០១៧ អីចឹង។ វាជាការប្រកួតប្រជែង ហើយនិងជាការបោះជំហានដ៏ធំមួយសម្រាប់ខ្ញុំផងដែរ ខ្ញុំបានត្រៀមចិត្តកាយរួចជាស្រេចដើម្បីឱកាសដែលខ្ញុំទទួលបាននេះ!! 

សូមថ្លែងអំណរគុណជាអនេកសម្រាប់ការបន្តគាំទ្ររូបខ្ញុំ ក៏ដូចជាការលើកចិត្តឱ្យខ្ញុខិតខំពុះពារទៅមុខ។ ខ្ញុំពិតជារំភើបចំពោះបទពិសោធន៍ទាំងនេះ ទាំងការសិក្សាពីអ្វីថ្មីៗហើយនាំយកវាមកកម្ពុជា។ ខ្ញុំនឹងមិនអាចបំភ្លេចបានពីការឈរឈ្មោះលេងសម្រាប់ប្រទេសយើង ហើយខ្ញុំក៏សង្ឈឹមដែរថានឹងអាចត្រឡប់មកវិញនៅពេលក្រោយផងដែរ!»

យ៉ាងណាមិញ ក្នុងការចាកចេញទៅលេងនៅប្រទេសថៃនេះ ធារី ចន្ថាប៊ីន ក៏បានផ្ញើសារជូនពរដល់ប្រជាជនកម្ពុជា ក្នុងឱកាសឆ្នាំថ្មីនេះផងដែរ ហើយថែមទាំងនិយាយថា នឹងនឹកបងប្អូនអ្នកគាំទ្រទាំងគ្នាទៀតផង ជាពិសេសនោះ គឺមិត្តស្រីរបស់ខ្លួន៕ 

កំណត់ហេតុខ្មែរឡូត៖  

ទាក់ទងនឹងការសម្រេចចិត្តនេះ គួររំលឹកផងដែរថា ធារី ធ្លាប់បានទៅប្រទេសថៃ មួយលើកហើយ កាលពីប៉ុន្មានខែមុន ដើម្បីធ្វើការហ្វឹកហាត់ពង្រឹងសមត្ថភាព ជាមួយនឹងក្លិប Krabi FC  ប៉ុន្តែកាលនោះ មិនទាន់បានសម្រេចចិត្តជាផ្លូវការ។

ប្រភពបានបន្តទៀតថា ធារី មានក្លិបជាច្រើននៅប្រទេសថៃ បានទាក់ទងកីឡាកររូបនេះ ប៉ុន្តែមិនទាន់មានការឆ្លើយតបជាផ្លូវការណាមួយនៅឡើយទេ ដោយគ្រាន់តែដឹងថា ធារី មានចំណាប់អារម្មណ៍ចង់លេងនៅលីកប្រទេសថៃ នៅរដូលកាលក្រោយនេះ។ 

ចំពោះ ធារី ផ្ទាល់វិញ ក៏បានឲ្យដឹងដែរថា រូបគេ មិនបានចុះកិច្ចសន្យាជាមួយក្លិបណាមួយ នៅឡើយទេ ហើយចំនែកឯក្លិប Krabi FC នេះដែរ គឺគ្រាន់តែជាការចូលរួមហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាពតែប៉ុណ្ណោះ។

ធារីបន្តទៀតថា «បន្ទាប់ធ្វើការហ្វឹកហាត់ជាមួយ Krabi FC បញ្ចប់ទៅ ខ្ញុំនឹងចាប់ផ្តើមស្វែងរកឱកាស និងសម្រេចចិត្តពីគោលដៅបន្ទាប់ ខណៈកន្លងទៅថ្មីៗនេះ មានក្លិបនៅថៃមួយចំនួន បានទាក់ទងមករូបខ្ញុំ ហើយសំណើរទាំងនោះ ពិតជាធ្វើឲ្យខ្ញុំរីករាយ តែយ៉ាងណាក៏ដោយ ខ្ញុំកំពុងតែនៅគិតពិចារណានៅឡើយទេ» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]