ភ្នំពេញ៖ ក្រោយពីបញ្ចប់កុងត្រាជាមួយក្លិបភ្នំពេញក្រោនរួចមក ខ្សែបំរើកូនកាត់ ខ្មែរ-បារាំង កីឡាករ ធារី ចន្ថាប៊ីន បច្ចុប្បន្នកំពុងតែស្ថិតក្នុងការពិចារណា ដើម្បីសម្រេចស្វែងរកក្លិបថ្មី សម្រាប់លេងនៅរដូវកាលក្រោយ។

ទាក់ទងនឹងអនាគតក្លិបថ្មីនេះដែរ កាលពីព្រឹកមិញ មានបណ្តាសារព័ត៌មានថៃ និងទំព័រកីឡាជាច្រើន បានចុះផ្សាយឲ្យដឹងថា ធារី ចន្ថាប៊ីន អាចនឹងមកលេងឲ្យក្លិប នៅលីកថៃ ដោយបច្ចុប្បន្នកីឡាកររូបនេះ កំពុងតែស្ថិតនៅក្នុងប្រទេសថៃ ធ្វើការហ្វឹកហាត់ពង្រឹងសមត្ថភាព ជាមួយនឹងក្លិប Krabi FC ។

ប្រភពបានបន្តទៀតថា ធារី មានក្លិបជាច្រើននៅប្រទេសថៃ បានទាក់ទងកីឡាកររូបនេះ ប៉ុន្តែមិនទាន់មានការឆ្លើយតបជាផ្លូវការណាមួយនៅឡើយទេ ដោយគ្រាន់តែដឹងថា ធារី មានចំណាប់អារម្មណ៍ចង់លេងនៅលីកប្រទេសថៃ នៅរដូលកាលក្រោយនេះ។ 

ចំពោះ ធារី ផ្ទាល់វិញ ក៏បានឲ្យដឹងដែរថា រូបគេ មិនបានចុះកិច្ចសន្យាជាមួយក្លិបណាមួយ នៅឡើយទេ ហើយចំនែកឯក្លិប Krabi FC នេះដែរ គឺគ្រាន់តែជាការចូលរួមហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាពតែប៉ុណ្ណោះ។

ដោយឡែកចំពោះថ្ងៃអនាគតវិញ ធារី បានបញ្ជាក់ប្រាប់ប្រភពឲ្យដឹងថា «ខ្ញុំមិនទាន់គិតច្បាស់នៅឡើយទេ ប៉ុន្តែប្រទេសថៃ គឺជាទិសដៅបន្ទាប់សម្រាប់អាជីពបាល់ទាត់របស់ខ្ញុំ និងមួយវិញទៀត ខ្ញុំអាចនឹងមិនវិលត្រលប់ទៅលេងឲ្យក្លិបនៅកម្ពុជា»

ធារីបន្តទៀតថា «បន្ទាប់ធ្វើការហ្វឹកហាត់ជាមួយ Krabi FC បញ្ចប់ទៅ ខ្ញុំនឹងចាប់ផ្តើមស្វែងរកឱកាស និងសម្រេចចិត្តពីគោលដៅបន្ទាប់ ខណៈដែលថ្មីៗនេះ មានក្លិបនៅថៃមួយចំនួន បានទាក់ទងមករូបខ្ញុំ ហើយសំណើរទាំងនោះ ពិតជាធ្វើឲ្យខ្ញុំរីករាយ តែយ៉ាងណាក៏ដោយ ខ្ញុំកំពុងតែនៅគិតពិចារណានៅឡើយទេ»

ចំពោះប្រិយមិត្តវិញ ចង់ឲ្យ ធារី ចន្ថាប៊ីន ទៅលេងនៅលីកប្រទេសថៃដែរឬទេ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ប្រកាសបញ្ចប់កុងត្រា ជាមួយក្លិបភ្នំពេញក្រោន ជាផ្លូវការ។ ខ្សែបំរើក្រុមជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន ដែលជាកីឡាករមានដើមកំណើតជាកូនកាត់ខ្មែរ-បារាំង កាលពីកន្លងទៅនេះ បានប្រកាសបញ្ចប់កុងត្រាជាមួយភ្នំពេញក្រោនហើយ បន្ទាប់ពីចំណាយពេល៤ឆ្នាំជាមួយក្លិប។

ខ្សែបំរើរូបនេះ បានចាប់ផ្តើមលេងឲ្យក្លិបភ្នំពេញក្រោនតាំងពី ឆ្នាំ២០១២មកម្ល៉េះ ហើយក៏ធ្លាប់ជួយក្លិប ឈ្នះពានរង្វាន់ក្នុងលីកជាច្រើនផងដែរ។ តែយ៉ាងណាមិញ នៅក្នុងគណនីបណ្តញសង្គមហ្វេសប៊ុក របស់ កីឡាកររូបនេះ បានប្រកាសឲ្យដឹងថា «ជូនចំពោះបងប្អូនអ្នកគាំទ្រទាំងអស់គ្នា៖ ខ្ញុំបាទសូមប្រកាស់នូវការបញ្ចប់កុងត្រារបស់ខ្ញុំជាមួយនឹង Phnom Penh Crown FC។ ក្នុងរយៈពេលជាង ៤ឆ្នាំ មកនេះ ខ្ញុំពិតជាមានភាពសប្បាយរីករាយ ដែលខ្ញុំបានរួមការងារជាមួយពួកគាត់ បណ្តុះបណ្តាលជំនាញ និង សំរេចនូវបំណងប្រាថ្នាជាច្រើន។ ខ្ញុំមានមោទនភាពណាស់ដែលបានចុះកុងត្រាជាមួយក្លឹបមួយដែលអោយតំលៃទៅលើវិស័យបាល់ទាត់ ការបណ្តុះបណ្តាលកីឡាករនីមួយៗ ការលើកស្ទួយវិស័យកីឡានៃប្រទេសជាតិ ហើយនិងមិត្តរួមក្រុមដែលតែងតែសម្លឹងទៅកាន់អនាគតកាលជានិច្ច។

ប៉ុន្តែគួរអោយសោកស្តាយ ខ្ញុំនិងក្លឹបបានសម្រេចចិត្តថានឹងបន្តទៅមុខទៀតក្នុងទិសដៅផ្សេងគ្នា ចាប់ពីពេលនេះតទៅ។ ហើយខ្ញុំនឹងត្រៀមខ្លួនជាស្រេច សម្រាប់លេងបន្តជាមួយក្រុមជំរើសជាតិកម្ពុជា និងពុះពារគ្រប់ឱកាស និង ឧបសគ្គដែលរង់ចាំខ្ញុំក្នុងឆ្នាំ២០១៧!

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ទាំងអស់គ្នា ហើយខ្ញុំនឹងមិនភ្លេចឡើយនូវកម្លាំងចិត្តដែលទាំងអស់គ្នាផ្តល់អោយខ្ញុំ។ ខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងបន្តដំណើរជាមួយខ្ញុំ ដើម្បីសម្រេចនូវការជោគជ័យ នៃវិស័យកីឡាបាល់ទាត់របស់មាតុភូមិយើង!» ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]