ភ្នំពេញ៖ ខ្សែបំរើក្រុមជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន ដែលជាកីឡាករមានដើមកំណើតជាកូនកាត់ខ្មែរ-បារាំង កាលពីយប់មិញនេះ បានប្រកាសបញ្ចប់កុងត្រាជាមួយភ្នំពេញក្រោនហើយ បន្ទាប់ពីចំណាយពេល៤ឆ្នាំជាមួយក្លិប។

ខ្សែបំរើរូបនេះ បានចាប់ផ្តើមលេងឲ្យក្លិបភ្នំពេញក្រោនតាំងពី ឆ្នាំ២០១២មកម្ល៉េះ ហើយក៏ធ្លាប់ជួយក្លិប ឈ្នះពានរង្វាន់ក្នុងលីកជាច្រើនផងដែរ។ តែយ៉ាងណាមិញ នៅក្នុងគណនីបណ្តញសង្គមហ្វេសប៊ុក របស់ កីឡាកររូបនេះ បានប្រកាសឲ្យដឹងកាលពីយប់មិញថា «ជូនចំពោះបងប្អូនអ្នកគាំទ្រទាំងអស់គ្នា៖ ខ្ញុំបាទសូមប្រកាស់នូវការបញ្ចប់កុងត្រារបស់ខ្ញុំជាមួយនឹង Phnom Penh Crown FC។ ក្នុងរយៈពេលជាង ៤ឆ្នាំ មកនេះ ខ្ញុំពិតជាមានភាពសប្បាយរីករាយ ដែលខ្ញុំបានរួមការងារជាមួយពួកគាត់ បណ្តុះបណ្តាលជំនាញ និង សំរេចនូវបំណងប្រាថ្នាជាច្រើន។ ខ្ញុំមានមោទនភាពណាស់ដែលបានចុះកុងត្រាជាមួយក្លឹបមួយដែលអោយតំលៃទៅលើវិស័យបាល់ទាត់ ការបណ្តុះបណ្តាលកីឡាករនីមួយៗ ការលើកស្ទួយវិស័យកីឡានៃប្រទេសជាតិ ហើយនិងមិត្តរួមក្រុមដែលតែងតែសម្លឹងទៅកាន់អនាគតកាលជានិច្ច។

ប៉ុន្តែគួរអោយសោកស្តាយ ខ្ញុំនិងក្លឹបបានសម្រេចចិត្តថានឹងបន្តទៅមុខទៀតក្នុងទិសដៅផ្សេងគ្នា ចាប់ពីពេលនេះតទៅ។ ហើយខ្ញុំនឹងត្រៀមខ្លួនជាស្រេច សម្រាប់លេងបន្តជាមួយក្រុមជំរើសជាតិកម្ពុជា និងពុះពារគ្រប់ឱកាស និង ឧបសគ្គដែលរង់ចាំខ្ញុំក្នុងឆ្នាំ២០១៧!

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ទាំងអស់គ្នា ហើយខ្ញុំនឹងមិនភ្លេចឡើយនូវកម្លាំងចិត្តដែលទាំងអស់គ្នាផ្តល់អោយខ្ញុំ។ ខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងបន្តដំណើរជាមួយខ្ញុំ ដើម្បីសម្រេចនូវការជោគជ័យ នៃវិស័យកីឡាបាល់ទាត់របស់មាតុភូមិយើង!» ។ 

គួរបញ្ជាក់ផងដែរថា ការចាកចេញ មិនបន្តកុងត្រា របស់កីឡាកររូបនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់ក្លិបភ្នំពេញក្រោន មានការភ្ញាក់ផ្អើល ព្រោះកីឡាកររូបនេះ គឺជាកម្លាំងសំខាន់ក្នុងក្រុម។ តែទោះជាយ៉ាងណាក៏ដោយ ធារី នៅតែបន្តលេងឲ្យក្រុមជម្រើសជាតិដដែល ថ្វីត្បិត លោកអស់កុងត្រាជាមួយ ភ្នំពេញក្រោនក្តី។

ចំនែកឯក្លិបភ្នំពេញក្រោនវិញ ក៏បានចេញរបាយការណ៍ជាផ្លូវការផងដែរ អំពីការចាកចេញរបស់ ធារី ដោយកាលពីយប់មិញ នៅក្នុងទំព័រផ្លូវការរបស់ក្លិប បានបញ្ជាក់ថា «កីឡាករក្លឹបភ្នំពេញក្រោន ២ រូបដែលរួមរស់ជាមួយក្លឹបជាច្រើនឆ្នាំបានសម្រេចចិត្តចែកផ្លូវជាមួយក្លឹបហើយ។ បីន ធារី ដែលចូលរួមជាមួយក្លឹបនៅខែ តុលា ២០១២ និង កីឡាករ ឡេង មករា ដែលមកដល់កីឡដ្ឋាន RSN នៅខែ ធ្នូ ២០១១។ កីឡាករទាំងពីរគឹជាកីឡាករសំខាន់ក្នុងការជួយឲ្យក្លឹបឈ្នះជើងឯកនៅឆ្នាំ ២០១៤ និង ២០១៥ ព្រមទាំងបានបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិកម្ពុជាក្នុងកំឡុងពេលដែលពួកគេនៅជាមួយក្លឹប។ យើងសូមអរគុណដល់កីឡាករទាំងពីរដែលប្រឹងអស់សមត្ថភាពក្នុងការជួយក្លឹបក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ហើយក៏សូមជូនពរដល់កីឡាកទាំងពីរឲ្យទទួលបានជោគជ័យនៅថ្ងៃអនាគត»

ចំពោះគោលដៅបន្ទាប់ ធារី មិនទាន់សម្រេចចិត្តនៅឡើយទេ ថាតើក្លិបណា ដែលកីឡាកររូបនេះ នឹងត្រូវទៅលេងឲ្យបន្ទាប់ពីភ្នំពេញក្រោន ខណៈមានប្រិយមិត្តមួយចំនូនបានសំណូមឲ្យ ធារី ទៅលេងឲ្យក្លិបបឹងកេតអង្គរ និងណាហ្គាវើល៕

ចុះចំពោះអ្នកគាំទ្ររបស់ ធារី វិញ ចង់ឲ្យគាត់ទៅលេងនៅក្លិបណាជាងគេ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផង ស្តីអំពី កម្រងរូបភាព កីឡាករបាល់ទាត់ ស្រស់សង្ហា ធារី ចាន្ថាប៊ីន ជាមួយមិត្តស្រី ពិតជាផ្អែមមែនទែន មើលហើយអាច លើសជាតិស្ករ។ កាលពីអំឡុងខែមិថុនាកន្លងទៅ ធារី ចន្ថាប៊ីន  ពិតជាទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់អ្នកគាំទ្រ វិស័យបាល់ទាត់ ជាពិសេសទៅទៀតនោះគឺ លោកបានឆក់យកបេះដូងមិត្តអ្នកគាំទ្រនារីៗថែមទៀតផង។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រនារីៗ មានភាពសោកស្តាយបំផុត ចំពោះកីឡាករសង្ហា ញញឹមស្រស់ លោកធារី ចន្ថាប៊ីននោះ គឺតាមពិតទៅ លោកមានមិត្តស្រីរួចទៅហើយ ដែលនាងមានឈ្មោះ Kate ដែលជាតារាម៉ូដែលនៅប្រទេសកាណាដា។ បន្ថែមពីនេះ អ្នកទាំង២ ស្រលាញ់គ្នា អស់រយៈពេលជាង ៣ឆ្នាំ ទៀតផង។

ទន្ទឹមនឹងនេះផងដែរ តាមរយៈបណ្តាញសង្គមIGផ្ទាល់ខ្លួន លោកធារី ចន្ថាប៊ីន និងមិត្តស្រីរបស់គាត់ ខ្មែរឡូតសង្កេតឃើញថា អ្នកទាំង២តែងតែបង្ហោះ រូបភាពផ្អែមល្អែម និងរ៉ូមែនទិកជាមួយគ្នា ព្រមទាំងបង្ហាញក្តីស្រលាញ់ និងការព្រួយបារម្ភចំពោះគ្នាទៅវិញទៅមកជានិច្ច ដែលទាំងនេះហើយធ្វើឲ្យអ្នកគាំទ្រជាច្រើន ដែលកំពុងតែតាមដានពួកគេនៅលើ IG កោតសរសើរ និងច្រណែនស្នេហាដ៏ផ្អែមល្អែមរបស់អ្នកទាំង២ជាខ្លាំង។

លើសពីនេះ រូបភាពចុងក្រោយរបស់អ្នកទាំង២ បង្ហាញថាពួកគេកំពុងតែរស់នៅក្នុងប្រទេសកម្ពុជាជាមួយគ្នា យ៉ាងមានសេចក្តីសុខថែមទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]