អាមេរិក៖ យោងទៅតាមលោក Tony Brazier ដែលជាអ្នកជំនាញផ្នែកពិនិត្យសាកសពប្រចាំតំបន់ Polk រដ្ឋផ្លរីដា បានឲ្យដឹងថា ក្មេងស្រីឈ្មោះ Katelyn Nichole Davis អាយុ១២ឆ្នាំ ដែលរស់នៅតំបន់ Polk  បានបាត់បង់ជីវិតនៅឯមន្ទីរពេទ្យ  ក្រោយពីក្រុមជួយសង្គ្រោះ បានប្រទះឃើញនាងធ្វើអត្តឃាតដោយចងកនៅខាងក្រៅផ្ទះ កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី ៣០ ធ្នូ ២០១៦ កន្លងទៅនេះ។

លោក Tony Brazier បាននិយាយថា ឥឡូវនេះសាកសពរបស់ក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ និងស៊ើបអង្កេតឧក្រិដ្ឋកម្មប្រចាំនៅតំបន់ Georgia  ដើម្បីធ្វើកោសល្យវិច្ច័យ។

ប្រភពព័ត៌មានឲ្យដឹងថា ក្រុមប៉ូលិសនៅក្នុងតំបន់ Polk កំពុងធ្វើការស៊ើបអង្កេតទៅលើភស្តុតាងមួយចំនួន ដែលមានដូចជា ទូរស័ព្ទដៃ គណនី Facebook និងបណ្តាញសង្គមផ្សេងៗទៀតរបស់ Davis ដើម្បីឲ្យកាន់តែច្បាស់អំពីមូលហេតុដែលធ្វើឲ្យមានហេតុការណ៍មួយនេះកើតឡើង។ ប្រភពបន្ថែមទៀតថា ការស៊ើបអង្កេតកំពុងតែដំណើរការ  ហើយការពិតនឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះ៕

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួួយផ្សេងទៀត៖  ពិតជាកតញ្ញូណាស់! ព្រោះតែចង់ឲ្យម្តាយ បានចូលរួមកម្មវិធីមង្គលការ កូនស្រីសុខចិត្តរៀបការនៅមន្ទីរពេទ្យ (មានវីដេអូ)

អាមេរិក៖ នារីគ្រប់រូបតែងតែស្រមៃដល់ថ្ងៃរៀបការដ៏អស្ចារ្យរបស់ខ្លួន ហើយវត្តមានរបស់អ្នកម្តាយនៅក្នុងថ្ងៃរៀបការ ក៏ជារឿងដ៏ពិសេសមួយដែរ។

អ្នកស្រី Cheryl Owens អាយុ ៥៥ឆ្នាំ ត្រូវបានគេរកឃើញថា គាត់បានកើតជម្ងឺមហារីកតម្រងនោមកាលពីខែតុលាកន្លងទៅនេះ។ ប៉ុន្តែគាត់មើលទៅដូចជានៅរឹងមាំដែរ ជាពិសេសនៅរយៈពេល១ខែចុងក្រោយ មុនពេលដែលកូនស្រីរបស់គាត់ដែលមានឈ្មោះថា Kristin Ownes ត្រូវរៀបការ។ ដូច្នេះ ក្រុមគ្រួសារទាំងមូលជឿជាក់ថា គាត់នឹងអាចចូលរួមក្នុងកម្មវិធីមង្គលការរបស់កូនស្រីរបស់គាត់បាន។

រឿងហេតុតែងតែប្រែប្រួលស្មានមិនត្រូវ ដោយស្ថានភាពរបស់អ្នកស្រី Cheryl បានធ្លាក់ចុះដុនដាបកាលពីថ្ងៃអាទិត្យមុននេះ។

ខណៈពេលដែលអ្នកស្រីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ គ្រូពេទ្យបានរកឃើញថា ជម្ងឺមហារីករបស់អ្នកស្រីកំពុងតែវិវឌ្ឍ ហើយត្រូវធ្វើការព្យាបាលឲ្យបានឆាប់បំផុត និងមិនអាចពន្យាពេលបានយូរទេ។

កូនក្រមុំ Kristin បានប្រាប់ទៅកាន់គ្រូពេទ្យថា “កម្មវិធីរៀបការរបស់នាងខ្ញុំនៅសល់តែប្រហែល១ខែទៀតប៉ុណ្ណោះ។​​ តើយើងអាចរៀបចំកម្មវិធីរៀបការនៅទីនេះបានទេ?” ។ បន្ទាប់មកគ្រូពេទ្យក៏បានតបមកវិញថា “ពិតណាស់! ពួកយើងមានទទួលរៀបចំកម្មវិធីអ៉ីចឹងដែរ” ។

ពិតជាពិសេសណាស់! បុគ្គលិកប្រចាំនៅក្នុងមន្ទីរពេទ្យបានរៀបចំកម្មវិធីមួយនេះដោយចំណាយពេលត្រឹមតែ ៦ម៉ោងប៉ុណ្ណោះ ដោយពួកគេបានទទួលខុសត្រូវរៀបចំចាត់ចែងកម្មវិធីនេះទាំងមូលតែម្តង ព្រមទាំងមានការចូលរួមពីសាច់ញាតិប្រមាណ៤០នាក់ និងមិត្តភក្តិជាច្រើនទៀតផងដែរ។

បន្ទាប់ពីនោះរួចមកខាងមន្ទីពេទ្យផ្ទាល់ ក៏បានបង្ហោះពាក្យដ៏រំភើបមួយចំនូនទៅលើគណនីសង្គម Facebook របស់ពួកគេផងដែរដោយបានសរសេរថា “នារាត្រីនេះ ពួកយើងពិតជាមានអារម្មណ៍ថារំភើប និងមានមោទនភាពខ្លាំងណាស់ ដែលក្រុមសង្គ្រោះបន្ទាន់ IU Health West Hospital បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយនេះ” ។

ចំនែកឯកូនក្រមុំ Kristin វិញ បាននិយាយថា “ ម្តាយរបស់ខ្ញុំរំភើបចិត្តណាស់... វាប្រៀបដូចជាឱសថម្យ៉ាងដែលជួយព្យាបាលគាត់យ៉ាងអ៉ីចឹង។ នៅពេលដែលខ្ញុំបានឃើញចំនួនអ្នកចែករំលែករូបភាពនៅក្នុង Facebook ច្រើនបែបនេះ ខ្ញុំអាចដឹងបានថា គ្រប់គ្នាកំពុងតែគិតថា ម្តាយរបស់ខ្ញុំពិតជាអស្ចារ្យណាស់។ បុគ្គលិកនៅមន្ទីពេទ្យវិញ ក៏អស្ចារ្យដែរ។ ពួកគេបានរៀបចំកម្មវិធីមួយនេះបានយ៉ាងពិសេសបំផុត សម្រាប់ម្តាយរបស់ខ្ញុំ។ ខ្ញុំចង់និយាយថា វាពិតជាអស្ចារ្យណាស់” ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]