អាមេរិក៖ នារីគ្រប់រូបតែងតែស្រមៃដល់ថ្ងៃរៀបការដ៏អស្ចារ្យរបស់ខ្លួន ហើយវត្តមានរបស់អ្នកម្តាយនៅក្នុងថ្ងៃរៀបការ ក៏ជារឿងដ៏ពិសេសមួយដែរ។

អ្នកស្រី Cheryl Owens អាយុ ៥៥ឆ្នាំ ត្រូវបានគេរកឃើញថា គាត់បានកើតជម្ងឺមហារីកតម្រងនោមកាលពីខែតុលាកន្លងទៅនេះ។ ប៉ុន្តែគាត់មើលទៅដូចជានៅរឹងមាំដែរ ជាពិសេសនៅរយៈពេល១ខែចុងក្រោយ  មុនពេលដែលកូនស្រីរបស់គាត់ដែលមានឈ្មោះថា Kristin Ownes ត្រូវរៀបការ។ ដូច្នេះ ក្រុមគ្រួសារទាំងមូលជឿជាក់ថា គាត់នឹងអាចចូលរួមក្នុងកម្មវិធីមង្គលការរបស់កូនស្រីរបស់គាត់បាន។

រឿងហេតុតែងតែប្រែប្រួលស្មានមិនត្រូវ ដោយស្ថានភាពរបស់អ្នកស្រី Cheryl បានធ្លាក់ចុះដុនដាបកាលពីថ្ងៃអាទិត្យមុននេះ។ 

ខណៈពេលដែលអ្នកស្រីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ គ្រូពេទ្យបានរកឃើញថា ជម្ងឺមហារីករបស់អ្នកស្រីកំពុងតែវិវឌ្ឍ ហើយត្រូវធ្វើការព្យាបាលឲ្យបានឆាប់បំផុត និងមិនអាចពន្យាពេលបានយូរទេ។

កូនក្រមុំ Kristin បានប្រាប់ទៅកាន់គ្រូពេទ្យថា “កម្មវិធីរៀបការរបស់នាងខ្ញុំនៅសល់តែប្រហែល១ខែទៀតប៉ុណ្ណោះ។​​ តើយើងអាចរៀបចំកម្មវិធីរៀបការនៅទីនេះបានទេ?” ។ បន្ទាប់មកគ្រូពេទ្យក៏បានតបមកវិញថា “ពិតណាស់! ពួកយើងមានទទួលរៀបចំកម្មវិធីអ៉ីចឹងដែរ”

ពិតជាពិសេសណាស់! បុគ្គលិកប្រចាំនៅក្នុងមន្ទីរពេទ្យបានរៀបចំកម្មវិធីមួយនេះដោយចំណាយពេលត្រឹមតែ ៦ម៉ោងប៉ុណ្ណោះ ដោយពួកគេបានទទួលខុសត្រូវរៀបចំចាត់ចែងកម្មវិធីនេះទាំងមូលតែម្តង  ព្រមទាំងមានការចូលរួមពីសាច់ញាតិប្រមាណ៤០នាក់ និងមិត្តភក្តិជាច្រើនទៀតផងដែរ។

បន្ទាប់ពីនោះរួចមកខាងមន្ទីពេទ្យផ្ទាល់ ក៏បានបង្ហោះពាក្យដ៏រំភើបមួយចំនូនទៅលើគណនីសង្គម Facebook របស់ពួកគេផងដែរដោយបានសរសេរថា “នារាត្រីនេះ ពួកយើងពិតជាមានអារម្មណ៍ថារំភើប និងមានមោទនភាពខ្លាំងណាស់ ដែលក្រុមសង្គ្រោះបន្ទាន់ IU Health West Hospital បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយនេះ”

ចំនែកឯកូនក្រមុំ Kristin វិញ បាននិយាយថា “ ម្តាយរបស់ខ្ញុំរំភើបចិត្តណាស់... វាប្រៀបដូចជាឱសថម្យ៉ាងដែលជួយព្យាបាលគាត់យ៉ាងអ៉ីចឹង។ នៅពេលដែលខ្ញុំបានឃើញចំនួនអ្នកចែករំលែករូបភាពនៅក្នុង Facebook ច្រើនបែបនេះ ខ្ញុំអាចដឹងបានថា គ្រប់គ្នាកំពុងតែគិតថា ម្តាយរបស់ខ្ញុំពិតជាអស្ចារ្យណាស់។ បុគ្គលិកនៅមន្ទីពេទ្យវិញ ក៏អស្ចារ្យដែរ។ ពួកគេបានរៀបចំកម្មវិធីមួយនេះបានយ៉ាងពិសេសបំផុត សម្រាប់ម្តាយរបស់ខ្ញុំ។ ខ្ញុំចង់និយាយថា វាពិតជាអស្ចារ្យណាស់” ៕

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួួយផ្សេងទៀត៖  ម្តាយរវល់តែចុចទូរស័ព្ទ កូនលង់ទឹកមិនដឹងស្លាប់ ឬរស់ (មានវីដេអូ) 

ចិន៖ ហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅក្នុងអាងទឹកមួយកន្លែង។ មុនពេលកើតហេតុ ស្ត្រីជាម្តាយម្នាក់ កំពុងចុចទូរស័ព្ទ ពេលដែលក្មេងតូចរបស់ខ្លួន កំពុងតែព្យាយាមបក់ដៃខ្វៃៗក្នុងអាងទឹក នៅចម្ងាយប្រមាណពី ២​ ទៅ ៣ម៉ែត្រពីម្តាយរបស់គេ ។

ក្នុងវីដេអូគេឃើញ ស្ត្រីជាម្តាយហាក់បីដូចជាមិនបានដឹងថាកូនរបស់ខ្លួនកំពុងលង់ទឹកឡើយ។ លើសពីនេះ បន្ទាប់ពីនាងបានបញ្ឈប់ការចុចទូរស័ព្ទ ទើបនាងចាប់ផ្តើមព្យាយាមស្វែងរកកូនប្រុសអាយុ៤ឆ្នាំរបស់នាង។ បន្ទាប់មកទៀត នាងជាម្តាយក៏បានដើរចេញទាំងមិនដឹងថា កូនរបស់នាងកំពុងស្ថិតនៅក្នុងដំណាក់កាលដង្ហើមចុងក្រោយ និងកំពុងស្ថិតនៅក្បែរនាងបំផុតឡើយ។

ទោះជាយ៉ាងណា វីដេអូដដែលនេះ ត្រូវបានគេយកទៅបង្ហោះនៅក្នុងបណ្តាញសង្គម ព្រោះពូកគេចង់ឲ្យមនុស្សគ្រប់គ្នា បានយល់ដឹងអំពីផលវិបាកដែលអាចកើតឡើងដោយសារការធ្វេសប្រហែសពីសំណាក់ឪពុកម្តាយចំពោះកូនតូចៗ។

មានអ្នកទស្សនាម្នាក់បានបញ្ចេញយោបល់ថា “ នៅពេលដែលមានមនុស្សលង់ទឹក ហេតុអ្វីបានជាអ្នកនៅជុំវិញនោះមិនស្រែក? ហេតុអ្វីក៏នៅស្ងៀមស្ងាត់ មិនស្រែកអ្វីអ៉ីចឹង? សូមស្រែកឲ្យលឺៗឡើង”

អ្នកលេងម្នាក់ទៀតដែលមានឈ្មោះថា Noman Zafar បានបន្ថែមថា “ឪពុកម្តាយមិនគួរណាត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ទូរស័ព្ទដៃផង និងមើលកូនផងនៅក្នុងអាងទឹកទេ។ ដូច្នេះ ពួកគេអាចយកចិត្តទុកដាក់លើកូនៗរបស់ពួកគេបានច្រើនជាងនេះ”

ទោះជាយ៉ាងណា តាមរយៈសារព័ត៌មាន Mirror Online បានឲ្យដឹងថា កូនប្រុសអាយុ៤ឆ្នាំរូបនេះ មិនមានគ្រោះថ្នាក់ដល់ជីវិតទេ។

បន្ថែមពីនេះទៀត អង្គការកុមារមួយដែលមានឈ្មោះថា The Child Accident Prevention Trust បានឲ្យដឹងដែរថា “កូនង៉ែត ឬកុមារតូចៗអាចលង់ទឹកបានដោយស្ងៀមស្ងាត់បំផុត ទោះបីជាទឹកមានជម្រៅត្រឹម ៥សង់ទីម៉ែត្រក៏ដោយ”

ពួកគេក៏បានបន្ថែមទៀតដែរថា “ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ មានកុមារអាយុក្រោម១០ឆ្នាំ ប្រមាណ៣០នាក់ បានលង់ទឹកស្លាប់នៅក្នុងអាងទឹកសណ្ឋាគារនៅឯបរទេស”

“ជាទូទៅ រឿងហេតុបែបនេះបានកើតឡើងនៅពេលដែលកូនៗវង្វេងពីឪពុកម្តាយរបស់គេ ហើយក៏ធ្លាក់ចូលក្នុងអាងទឹកតែម្តង” ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]