រាជធានី​ភ្នំពេញ ៖ លោក ស្រី រតនា នាយកមណ្ឌល​សុខភាព​ផ្សារ​ដើម​ថ្កូវ រួម​ទាំង​បុគ្គលិក​៣​នាក់​ទៀត បាន​ត្រូវ​នគរបាល​ខណ្ឌ ចំការមន ឃាត់ខ្លួន​ពី​បទ​ជំរិត​ទារប្រាក់​ប្រចាំខែ​ពី​ក្រុម​អាជីវករ​ លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ នៅ​ជុំវិញ​របង​មណ្ឌល​សុខភាព ក្រោយ​ពី​ផ្ទុះ​ការ​តវ៉ា​រឿង​ ដំឡើង​ថ្លៃ​ក្នុង​មួយ​តូប​ចំនួន​ ២០​ដុល្លារ​បន្ថែម​ទៀត​ដល់​ពួក​គាត់​ចំនួន​២៨​តូប ក៏​មានការ​លើកគ្នា​ មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ ។

ការ​ឃាត់ខ្លួន​នាយក​ និង​បុគ្គលិក​មណ្ឌល​សុខភាព​ ចំនួន​៣​នាក់​ទៀត​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមករា នៅ​មណ្ឌល​សុខភាព​ខាងលើ ស្ថិត​នៅ​កែង​ផ្លូវ​លេខ​ ៤៣០​និង​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​ផ្សា​ដើម​ថ្កូវ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​ នគរបាល​បានឱ្យ​ដឹង​ថា មន្ត្រី​និង​បុគ្គលិក​ពេទ្យ​ទាំង​៤​នាក់​ដែល​ឃាត់ខ្លួន​មាន ៖

១-​ឈ្មោះ ស្រី រតនា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​នាយក​មណ្ឌល​ សុខភាព​ផ្សារ​ដើម​ថ្កូវ មាន​ទីលំនៅ​ផ្ទះ​លេខ​១៥BEo ផ្លូវ​លេខ​៣៣៦ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ២-​ឈ្មោះ អ/wg សៀង​ប៉ា​ង ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ជា​បុគ្គលិក​ពេទ្យ (​អ្នក​ដើរ​ប្រមូល​លុយ​) មាន​ទីលំនៅ​ផ្ទះ​លេខ​៨៤E1 ផ្លូវ​លេខ​១៨២ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា ៣-​ឈ្មោះ ចាន់ សុខា ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជា​កម្មករ​សំណង់ (​អ្នក​ដើរ​ប្រមូល​លុយ​) មាន​ទីលំនៅ​ផ្ទះ​លេខ​១២៧ ផ្លូវលំ ភូមិ​កោះ​ប្រាក់់ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង៤-​ឈ្មោះ សេង វាសនា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​បុគ្គលិក​ភោជនីយដ្ឋាន​(​អ្នក​ដើរ​ប្រមូល​លុយ​) មាន​ទីលំនៅ​ផ្ទះ​លេខ​១០B ផ្លូវ​បេតុង សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ការ​ឃាត់ខ្លួន​អ្នក​ទាំង​៤​នាក់​ ខាងលើ​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ក្រុម​អាជីវករ​ចំនួន​២៨​នាក់ នាំ​គ្នា​មក​ដាក់​ពាក្យ បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ដើម្បី​ធ្វើការ​តវ៉ា​ទៅ​នឹង​លោក ស្រី រតនា នាយក​មណ្ឌល​សុខភាព​ផ្សារ​ដើម​ថ្កូវ និង​បុគ្គលិក​ចំនួន​៣​នាក់ ដែល​ដើរ​ទារប្រាក់​ដំឡើង​ ថ្លៃ​តូប​របស់​ពួក​គាត់​ ក្នុង​មួយ​តូប​ចំនួន​២០​ដុល្លារ​បន្ថែម​ទៀត ។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា ចាប់តាំងពី​ឆ្នាំ​២០១៤​មក ពេល​ដែល​លោក ស្រី រតនា មក​កាន់​តំណែង​ ជា​នាយក​មណ្ឌល​ សុខភាព​ផ្សា​ដើម​ថ្កូវ គឺ​លោក​បាន​ដើរ​ទារប្រាក់​ពី​ការ​លក់ដូរ​របស់​បងប្អូន​ អាជីវករ​ទាំងនោះ​ក្នុង​មួយ​តូប​ ចាប់ពី​២០ដុល្លារ ទៅ​៣០​ដុល្លារ ទៅ​៥០​ដុល្លារ និង​រហូត​ដល់​៧០​ដុល្លារ ដោយ​ក្នុង​មួយ​ខែ​លោក​ទារ​បាន​ប្រាក់​សរុប​ចំនួន ៥៨០​ដុល្លារ ។

ទោះបីជា​បែប​ណា លោក ស្រី រតនា បាន​អះអាង​ថា កា​ប្រមូលប្រាក់​ពី​ក្រុម​អាជីវករ​ទាំងនោះ ដើម្បី​យក​ទៅ​ជប់លៀង​ជូន​ដល់ បុគ្គលិក​ពេទ្យ​ទាំងអស់​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ម​ណ្ដ​ល​សុខភាព​ ផ្សារ​ដើម​ថ្កូវ​ជា​រៀង​រាល់​ឆ្នាំ ។ ប៉ុន្តែ​ការ​និយាយ​នេះ ក៏​មាន​ក្រុម​បុគ្គលិក​ពេទ្យ​ មួយ​ចំនួន​ធ្វើការ​ អះអាង​ប្រឆាំង​វិញ​ថា ពួក​គាត់​មិន​ដែល​ទទួល​បានការ​ជប់លៀង ឬ​យក​មក​ដាក់​ហោប៉ៅ​ មួយ​រៀល​ឡើយ គឺ​យក​ដាក់​ហោប៉ៅ តែ​ប៉ុន្មាន​នាក់​នោះ​ប៉ុណ្ណោះ ។

មានការ​លើក​ឡើង​ថា ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ ក្នុង​អាណត្តិ​របស់​លោក ស្រី រតនា មក​កាន់​ជា​នាយក​មណ្ឌល​ សុខភាព​ផ្សារ​ដើម​ថ្កូវ​នេះ លោក​តែងតែ​ប្រមូលប្រាក់​ពី​ក្រុម​អាជីវករ​ក្នុង​មួយ​ខែ​៥៨០​ដុល្លារ ហើយ​យក​ទៅ​ដាក់​ហោប៉ៅ​ខ្លួនឯង​ប៉ុណ្ណោះ ។

ក្រោយ​ពី​ទទួល​បាន ការ​សារភាព​ពី​លោក ស្រី រតនា នាយក​មណ្ឌល​សុខភាព​ផ្សារ​ដើម​ថ្កូវ រួម​ទាំង​ក្រុម​បុគ្គលិក​ ពេទ្យ​ទាំង​៣​នាក់ ដែល​បាន​ឃាត់ខ្លួន​ពី​បទ​ជំរិត​ទា​ប្រាក់​ពី​ក្រុម​អាជីវករ​លក់ដូរ​ទាំងនោះ ក៏​បាន​នាំ​មក​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី ៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]