ភ្នំពេញ៖ នៅថ្ងៃទី 6 ខែមករា ឆ្នាំ 2017 ក្រុមហ៊ុនស្រាបៀរ លីអូ បានប្រារព្ធពិធីបរិច្ចាគជើង សិប្បនិម្មិតចំនួន 120 ជូនមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ដើម្បីជួយដល់ជនពិការកម្ពុជាដែលអញ្ជើញមកពីខេត្តបាត់ដំបង និងខេត្តកណ្តាល។ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទការល័យសម្តេចអគ្គសេនាបតិតេជោហ៊ុនសែន និងលោក Darm Boontham, តំណាងដ៏ខ្ពង់ខ្ពស់ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

គួររំលឹកផងដែរថា យុទ្ធនាការជួយសង្គមរបស់ស្រាបៀរ លីអូ “ចែករំលែកក្តីស្រលាញ់ ជាមួយក្រវិលកំប៉ុងរបស់អ្នក” រួមសហការណ៏ជាមួយមូនិធិជើងសិប្បនិម្មិត និងមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានជួយដល់ជនពិការ តាមរយៈការប្រមូលក្រវិលកំប៉ុងដែលសារធារណៈជនទាំងអស់បានបរិច្ចាគ នៅទូទាំងប្រទេស ដើម្បីផលិតជើងសិប្បនិម្មិតក្នុងរយៈពេល 5 ថ្ងៃ គិតចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 6 ខែមករា ឆ្នាំ 2017។ ឆ្លៀតក្នុងកាសនេះដែរ លោក Kittinan Kunapermsiri នាយកគ្រប់គ្រងទីផ្សារប្រចាំតំបន់ របស់ក្រុមហ៊ុន Singha Asia បានថ្លែងអំណរគុណដល់ភាគីដែលពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការណ៍ ដើម្បីអោយយុទ្ធនាការ “ចែករំលែកក្តីស្រលាញ់ ជាមួយក្រវិលកំប៉ុងរបស់អ្នក” សម្រេចបានជោគជ័យ និងអគុណដល់សាធារណៈជនទាំងអស់ដែលបានចូលរួម បរិច្ចាគក្រវិលកំប៉ុង។ 

លោកវេជ្ជបណ្ឌិត Vajara តំណាងមូនិធិជើងសិប្បនិមិ្មត បានឲ្យដឹងថា នេះជាលើកទីមួយហើយដែលមានកម្មវិធីផ្តល់ជើងសិប្បនិម្មិតនេះ ដល់ប្រជាពលរដ្ឋដែលជាជនពិការ ហើយមានជីវភាពក្រីក្រនៅកម្ពុជា។ លោកបានបន្តទៀតថា ដោយលោកតំណាងអោយមូលនិធិជើងសិប្បនិម្មិតនេះផ្ទាល់ ពិតជាមានអារម្មណ៍សប្បាយចិត្ត និងរំភើបខ្លាំងមែនទែន ដែលបានឃើញនូវស្នាមញញឹម របស់ប្រជាពលរដ្ឋដែលគាត់បានមកទទួលយក នូវជើងសិប្បនិម្មិតដោយក្តីអរសប្បាយ និងមានក្តីសង្ឃឹមបន្តទៀតសម្រាប់ជីវិតផងដែរ។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌល កម្ចាត់មីនកម្ពុជា CMAC បានឲ្យដឹងថា ថ្ងៃនេះពិតជាមានអារម្មណ៍រំភើប និងសប្បាយចិត្តខ្លាំងណាស់ ដែលកម្ពុជាអាចទទួលបាននូវមូលនិធិនេះ ពីមូលនិធិរបស់ម្ចាស់ក្សត្រីនៃប្រទេសថៃ បានផ្តល់នូវជើងសិប្បនិម្មិត ដល់ជនពិការនៅកម្ពុជា ដែលប៉ះទង្គិចដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ ដែលបន្សល់ពីសម័យសង្គ្រាម។ ហើយឆ្លៀតក្នុងឱកាសនេះផងដែរ លោកក៏សូមអរគុណដល់មូលនិធិរបស់ម្ចាស់ក្សត្រីនៃប្រទេសថៃ ក៏ដូចជាក្រុមហ៊ុនស្រាបៀរលីអូ ដែលបានរួមសហការបង្កើតកម្មវិធីដ៏ពិសេសនេះឡើងមកផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទការល័យសម្តេចអគ្គសេនាបតិតេជោហ៊ុនសែន បានផ្តោតចំណាប់អារម្មណ៍ ទៅលើយុទ្ធនាការនេះដោយមានប្រសាសន៍ថា នេះជាកម្មវិធីដែលបងប្អូនដែលជាជនពិការតែងតែទន្ទឹងរងចាំ ចំពោះឯកឧត្តមផ្ទាល់ក៏មានភាពសប្បាយរីករាយជំនួសបងប្អូន ជនពិការទាំងអស់គ្នាដែរ។ នៅក្នុងឱកាសនេះឯកឧត្តម ក៏បានថ្លែងការលើកទឹកចិត្ត ជាច្រើនដល់បងប្អូនជនពិការទាំងអស់ អោយមានសេចក្តីសង្ឃឹមក្នុងជីវិត ហើយត្រូវមានការតស៊ូ កុំចុះចាញ់ឡើយ ទោះជាមានការលំបាកកម្រិតណាក៏ដោយ ហើយបើទោះបីជាបងប្អូនទាំងអស់គ្នាពិការភាពមែន តែត្រូវចាំថា៖ បើយើងនៅមានជីវិត គឺយើងនៅតែមានសង្ឃឹមជានិច្ច ទាំងអស់នេះហើយដែលបង្ហាញពីក្តីស្រលាញ់ និងការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំផងដែរ។

លោក Darm Boontham, Minister Royal Thai Embassy បានមានប្រសាសន៍ថា៖ លោកពិតជាមានសេចក្តីរំភើបណាស់ដែលបានចូលរួមក្នុងកម្មវិធីមូលនិធិដ៏ពិសេសនេះ។ ហើយសម្រាប់កម្មវិធីនេះ ក៏ជាការបង្ហាញពីមិត្តភាពយ៉ាងល្អរវាងកម្ពុជា និងថៃផងដែរ លោកសង្ឃឹមថា កម្មវិធីនេះនឹងមានវត្តមាននៅកម្ពុជានៅពេលក្រោយទៀតផងដែរ។

ដូច្នេះ តាមរយៈយុទ្ធនាការ “ចែករំលែកក្តីស្រលាញ់ជាមួយក្រវិលកំប៉ុងរបស់អ្នក” យើងបានជួយដល់ជនពិការឲ្យទទួលបានជើង សិប្បនិម្មិត ដើម្បីអាចដើរបាន ឈរបានដោយខ្លួនឯងឡើងវិញ និងអាចបន្តគោលដៅ ជីវិតរបស់ពួកគេបានបន្តទៀត។ ក្រុមហ៊ុនស្រាបៀរ លីអូ ក៏សូមថ្លែងអំណរគុណដល់ ប្រជាជនកម្ពុជាទាំងអស់ដែលបានចូលរួមបរិច្ចាគ ក្រវិលកំប៉ុងក្នុងយុទ្ធនាការនេះ និង បានធ្វើឲ្យយុទ្ធនាការនេះបញ្ចប់ទៅដោយជោគជ័យ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]