ការងារជា អ្នកសម្តែងក្នុងខ្សែភាពយន្ត អាចនិយាយបានថា ជាការងារដ៏អស្ចារ្យមួយ ដោយសារតែវាមិនត្រឹមតែផ្តល់ជាភាពល្បីល្បាញប៉ុណ្ណោះទេ វាថែមទាំងអាច រកចំណូលបានច្រើនក្រាស់ក្រែលថែមទៀតផង។

ទន្ទឹមនឹងនោះដែរ ក៏មានមនុស្សជាច្រើនតែងតែចង់ដឹងថា តើតារាសម្តែងទាំងនោះ អាចរកចំណូលបានច្រើន កម្រិតណាដែរទៅ? ហេតុនេះ យើងនឹងរាយឈ្មោះតារាសម្តែងទាំង ១០ រូប ដែលរកចំណូលបានខ្ពស់ជាងគេបង្អស់ ប្រចាំឆ្នាំ ២០១៦ ជូនប្រិយមិត្តអ្នកអាន តាមគេហទំព័រ Forbes ទាំងអស់គ្នា ៖

១០. Shah Rukh Khan

(រកចំណូលបាន ៣៣ លានដុល្លារអាមេរិក)

លោក Shah Rukh Khan (ឬត្រូវបានគេស្គាល់លោកថា SRK) សញ្ជាតិឥណ្ឌា បានកើតនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ១៩៦៥ ដោយលោកគឺជាតារាសម្តែងខ្សែភាពយន្ត ផលិតករ និងជាតារាក្នុងកម្មវិធីទូរទស្សន៍។ លោកត្រូវបានគេដាក់នាមថាជា "Baadshah of Bollywood" ជា "King of Bollywood" និងជា "King Khan" ដោយសារតែលោកសម្តែងក្នុងភាពយន្តប្រភេទ Bollywood ជាង ៨០ រឿង និងទទួលបានពានរង្វាន់ជាច្រើន រួមទាំងពាន Filmfare ចំនួន ១៤ ទៀតផង។ 

៩. Melissa McCarthy

(រកចំណូលបាន ៣៣ លានដុល្លារអាមេរិក)

នាង Melissa Ann McCarthy សញ្ជាតិអាមេរិក បានកើតនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ១៩៧០ ដែលនាងគឺជាតារាសម្តែង តារាកំប្លែង អ្នកនិពន្ធ និងជាអ្នកច្នៃម៉ូត។ នាងចាប់ផ្តើមប្រឡូកសិល្បៈ ក្នុងវិស័យភាពយន្ត និងទូរទស្សន៍តាំងពីទសវត្ស ៩០ មកម្ល៉េះ។ នាងបានទទួលការគាំទ្រ ពីសំណាក់អ្នកទស្សនាជាច្រើន ជាពិសេស កាលពីឆ្នាំ ២០១៦ កន្លងទៅនេះ នាងបានទទួលជោគជ័យយ៉ាងខ្លាំង លើខ្សែភាពយន្តបែបកំប្លែងចំនួន ២ របស់នាងគឺរឿង “The Boss” និងរឿង “Ghostbusters” ។ 

៨. Vin Diesel

(រកចំណូលបាន ៣៥ លានដុល្លារអាមេរិក)

លោក Mark Sinclair ដែលត្រូវបានគេស្គាល់ឈ្មោះក្នុងវិស័យសិល្បៈគឺ Vin Diesel សញ្ជាតិអាមេរិក បានកើតនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ១៩៦៧ ដោយលោកគឺជា តារាសម្តែង ផលិតករ និងអ្នកសរសេរសាច់រឿង។ លោកទទួលបានភាពល្បីល្បាញខ្លាំងសុសសាយ ពីសំណាក់មនុស្សជាច្រើន តាមរយៈតួអង្គ Dominic Toretto ក្នុងស៊េរីខ្សែភាពយន្ត The Fast and Furious និងតួអង្គជា Richard B. Riddick ក្នុងរឿង The Chronicles of Riddick ផងដែរ។ 

៧. Ben Affleck

(រកចំណូលបាន ៤៣ លានដុល្លារអាមេរិក)

លោក Benjamin Geza "Ben" Affleck-Boldt សញ្ជាតិអាមេរិក បានកើតនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ១៩៧២ ដោយលោកគឺជាតារាសម្តែង និងជាអ្នកផលិតខ្សែភាពយន្ត។ លោកបានចាប់ផ្តើមការងារសម្តែង តាំងពីតូចមកម្ល៉េះ (១៩៨៤ - ១៩៨៨) ។ ខ្សែភាពយន្ត ដែលដឹកនាំដោយលោកដំបូងមានចំណងជើងថា “Gone Baby Gone” កាលពីឆ្នាំ ២០០៧ ហើយលោកបានទទួលការគាំទ្រយ៉ាងខ្លាំងទៀតផង។ ជោគជ័យរបស់លោកក្នុងឆ្នាំ ២០១៦ ថ្មីៗនេះគឺ ភាពយន្តរឿង “Batman vs Superman: Dawn of Justice” ។ 

៦. Jennifer Lawrence

(រកចំណូលបាន ៤៦ លានដុល្លារអាមេរិក)

នាង Jennifer Shrader Lawrence សញ្ជាតិអាមេរិក បានកើតនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ១៩៩០ ដោយនាងគឺជាតារាសម្តែងស្រី។ ជាក់ស្តែង នាងគឺជាតារាសម្តែង “ភេទស្រី” ដែលទទួលបានចំណូលខ្ពស់ជាងគេបង្អស់ក្នុងឆ្នាំ ២០១៦ ដោយខ្សែភាពយន្តនានារបស់នាង រកចំណូលបានជាង ៥ ពាន់លានដុល្លារ ជុំវិញពិភពលោក។ ជោគជ័យធំបំផុតរបស់នាងមកទល់នឹងសព្វថ្ងៃគឺ ស៊េរីខ្សែភាពយន្ត The Hunger Games ដែលនាងដើរតួជា Katniss Everdeen ។ មិនត្រឹមតែប៉ុណ្ណោះ នាងជាប់នៅក្នុងតារាង “មនុស្សមានឥទ្ធិពលបំផុតទាំង ១០០” របស់ Forbes តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ 

៥. Johnny Depp

(រកចំណូលបាន ៤៨ លានដុល្លារអាមេរិក)

លោក John Christopher "Johnny" Depp សញ្ជាតិអាមេរិក បានកើតនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ១៩៦៣ ដោយលោកគឺជាតារាសម្តែង ជាផលិតករ និងជាតន្រ្តីករ។ លោកបានចូលសិល្បៈ តាំងពីទសវត្ស ៨០ មកម្ល៉េះ។ ខ្សែភាពយន្តដ៏ល្បីល្បាញ និងជោគជ័យបំផុត របស់លោកគឺរឿង “Pirates of the Caribbean” ។ លោកបានឈ្នះពានរង្វាន់ “Best Actor” (តារាសម្តែងល្អបំផុត) ប្រចាំកម្មវិធី Golden Globe Award និង Screen Actors Guild Award ថែមទៀតផង។ 

៤. Tom Cruise

(រកចំណូលបាន ៥៣ លានដុល្លារអាមេរិក)

លោក Thomas Cruise Mapother IV (ឬត្រូវបានគេស្គាល់ជាទូទៅថាលោក Tom Cruise) សញ្ជាតិអាមេរិក បានកើតនៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ១៩៦២ ដែលលោកគឺជា តារាសម្តែង និងជាផលិតករ។ លោកគឺជាតារាសម្តែងដ៏ល្បីឈ្មោះ របស់ Hollywood ជាពិសេស លោកបានទទួលពានរង្វាន់ចំនួន ៣ ពីកម្មវិធី Golden Globe Awards ទៀតផង។ ជោគជ័យ ដែលបណ្តាលឲ្យលោកទទួលបានភាពល្បីល្បាញកាន់តែសុសសាយគឺ តាមរយៈតួជាភ្នាក់ងារសំងាត់ ក្នុងស៊េរីខ្សែភាពយន្ត Mission: Impossible ។ 

៣. Matt Damon

(រកចំណូលបាន ៥៥ លានដុល្លារអាមេរិក)

លោក Matthew Paige "Matt" Damon សញ្ជាតិអាមេរិក បានកើតនៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ១៩៧០ ដែលលោកគឺជាតារាសម្តែង ជាអ្នកសរសេរសាច់រឿង និងផលិតខ្សែភាពយន្ត។ លោកក៏ធ្លាប់បានទទួលពានរង្វាន់ចំនួន ១ នៅឯកម្មវិធី Academy Award និងពានរង្វាន់ចំនួន ២ នៅក្នុងកម្មវិធី Golden Globe Awards ។ លោកត្រូវបានអ្នកទស្សនាគាំទ្រខ្លាំង នៅក្នុងតួអង្គជា Jason Bourne ក្នុងរឿង Bourne franchise និងតួជាអ្នកបោកប្រាស់គេ ក្នុងរឿង Ocean's Trilogy ។ កាលពីឆ្នាំ ២០១៥ លោកជាតួអង្គឯក ដែលជាអវកាសយានិក ក្នុងរឿង The Martian ទៀតផង។ 

២. Jackie Chan

(រកចំណូលបាន ៦១ លានដុល្លារអាមេរិក)

លោក Chan Kong-sang (ឬតែងត្រូវបានគេស្គាល់ថា Jackie Chan) សញ្ជាតិហុងកុង បានកើតនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ១៩៥៤ ដោយលោកគឺជាអ្នកពូកែខាងក្បាច់គុន ជាតារាសម្តែង ផលិតករ និងតារាចម្រៀង។ លោក Jackie Chan បានឈានជើងចូលវិស័យសិល្បៈតាំងពីទសវត្ស ៦០ និងសម្តែងក្នុងខ្សែភាពយន្តជាង ១៥០ រឿង។ ក្នុងបណ្តាខ្សែភាពយន្តជាច្រើន លោកតែងមានឈុតឆាកប្រយុទ្ធ វាយតប់គ្នា គ្រប់ប្រភេទ ជាពិសេស មានលក្ខណៈកំប្លែងថែមទៀតផង។ មិនត្រឹមតែជាតារាសម្តែងដ៏ល្បីល្បាញប៉ុណ្ណោះទេ លោកក៏ជាសប្បុរសជនជាតិមួយរូប ដ៏គួរឲ្យកោតសរសើរផងដែរ។ 

១. Dwayne Johnson

(រកចំណូលបាន ៦៤.៥ លានដុល្លារអាមេរិក)

លោក Dwayne Douglas Johnson សញ្ជាតិអាមេរិក កើតនៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ១៩៧២ ដែលលោកគឺជាតារាសម្តែង អ្នកចម្រៀង ផលិតករ និងជាអ្នកកីឡាកាសអាជីព។ លោកត្រូវបានគេស្គាល់ភាគច្រើន តាមរយៈឈ្មោះ “The Rock” ។ លោកទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង តាំងពីពេលដែលលោកនៅក្នុងកម្មវិធីកីឡាកាស WWE មកម្ល៉េះ។ លោកទទួលបានចំណូលច្រើនកប់ពពក ដោយសារតែភាពជោគជ័យធំបំផុត ក្នុងស៊េរីខ្សែភាពយន្ត Fast and Furious និងជាតួឯកក្នុងរឿង San Andreas ឆ្នាំ ២០១៥ ។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០១៦ កន្លងទៅនេះ Time ក៏បានចាត់លោកចូលក្នុងបញ្ជី “មនុស្សដែលមានឥទ្ធិពលបំផុតទាំង ១០០” ថែមទៀតផង៕ 

ប្រភព៖ Forbes | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]