(ភ្នំពេញ)៖ គម្រោងជួសជុលស្ពាន មិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ត្រូវបានពន្យារពេលរហូតដល់ អំឡុងខែមេសា ឆ្នាំ ២០១៧វិញ។ ការពន្យារនេះដោយសារខាងអង្គការចៃការ របស់ជប៉ុន មិនទាន់បានជ្រើសរើសក្រុមហ៊ុន មកជួសជុសនៅឡើយ។

តាមការគ្រោងទុកស្ពានជ្រោយចង្វារទី១ នឹងដំណើរការជួសជុលនៅអំឡុងខែមករា ឆ្នាំ២០១៧នេះ។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧នេះថា អង្គការចៃការរបស់ជប៉ុន កំពុងដំណើរការជ្រើសរើស ក្រុមហ៊ុនមកជួសជួល ហើយការការជ្រើសរើសអាចនឹងបញ្ចប់នៅអំឡុងខែ មីនា ឬមេសា។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា បន្ទាប់ពីអង្គការចៃការ ជ្រើសរើសក្រុមហ៊ុនបានហើយនឹងចាប់ផ្តើមដំណើការជួសជុលតែម្តង។

សូមបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបានកសាងឡើងពីឆ្នាំ១៩៦០ រហូតដល់ឆ្នាំ១៩៦៣ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន មានប្រវែង ១.០៨០ម៉ែត្រ និងទទឹង ១៣ម៉ែត្រ។ ស្ពាននេះត្រូវបានបំផ្លាញក្នុងឆ្នាំ១៩៧២ ពេលកម្ពុជាកើតសង្រ្គាម ហើយត្រូវបានជួសជុល ឡើងវិញនៅឆ្នាំ១៩៩៤។

ដោយសារតែបច្ចុប្បន្នស្ពាននេះមានសភាពកាន់តែឌ្រុតទ្រោមទើបរាជរដ្ឋាភិបាលកម្ពុជា ស្នើសុំឲ្យរដ្ឋាភិបាលជួយជុសជុលឡើងវិញ។ លោក ស៊ុន ចាន់ថុល ធ្លាប់បានឲ្យដឹងថា ការជួសជុលស្ពាននេះ នឹងត្រូវចំណាយថវិកាប្រមាណ ៣០លានដុល្លារ ជាជំនួយរបស់ រដ្ឋាភិបាលជប៉ុន ហើយចំណាយរយៈពេលជួសជុល ២២ខែ។

នៅអំឡុងពេលជួសជុល នឹងមានការកកស្ទះចរាចរណ៍ខ្លាំង។ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងថា ក្រសួងនឹងដាក់សាឡាងមួយសម្រាប់ ប្រជាពលរដ្ឋធ្វើដំណើរ ដោយមិនតម្រូវឲ្យមានការបង់ប្រាក់ឡើយ។ ក្រៅពីនោះ ក្រសួងក៏បានសម្រេចបង្វិលការ ធ្វើចរាចរណ៍ទៅតាមស្ពានព្រែកព្នៅជំនួសវិញ។

បើតាមលោក ស៊ុន ចាន់ថុល អំឡុងពេលជួសជុលស្ពានខាងលើនេះ ក្រសួងសាធារណការ នឹងសហការជាមួយអាជ្ញាធរដែនដី រក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ឲ្យបានល្អបំផុតនៅពេលកកស្ទះចរាចរណ៍ម្តងៗ៕

ប្រភព៖ Fresh News

ដោយឡែកព័ត៌មានមួយផ្សេងទៀត៖ ស្ថានទូតថៃប្រចាំនៅកម្ពុជា ច្រានចោលទាំងស្រុងនូវព័ត៌មានថា អាហារកំប៉ុងនាំចូលពីប្រទេសថៃ មានផ្ទុកមេរោគអេដស៍

ប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានព័ត៌មានលេចឭថា មានកម្មករផ្ទុកមេរោគអេដស៍ម្នាក់ ដែលធ្វើការនៅក្នុងរោងចក្រផលិតអាហារកំប៉ុង បានមុតដៃធ្វើឲ្យឈាមដែលមានផ្ទុកមេរោគអេដស៍នោះ ហូរចូលទៅក្នុងអាងស្ទុកអាហារ ហើយនៅតាមបណ្ដាញសង្គមព័ត៌មាន Facebook ចែកចាយតៗគ្នាថា មិនត្រូវបរិភោគអាហារកំប៉ុងមកពីប្រទេសថៃនោះទេ ព្រោះអាហារទាំងនោះមានផ្ទុកនូវមេរោគអេដស៍។

ឆ្លើយតបនឹងព័ត៌មាននេះ ស្ថានឯកអគ្គរាជទូតថៃប្រចាំនៅប្រទេសកម្ពុជា បានប្រកាសច្រោនចោលទាំងស្រុងនូវព័ត៌មានទាំងអស់នេះ ដោយស្ថានទូតថៃ អះអាងថា ព័ត៌មាននេះ គឺជាព័ត៌មានក្លែងក្លាយ វាមិនពិតដូចដែលបានលើកឡើងថា មានមេរោគអេដស៍នៅក្នុងអាហារកំប៉ុងនោះទេ, នេះបើតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតថៃ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះ។

ស្ថានទូតថៃ បានចាត់ទុកព័ត៌មាននេះថា «ការលើកឡើងដោយមិនសមហេតុផលមួយនេះ ប្រាកដជាធ្វើឡើងដោយជនខិលខូចមួយចំនួនដែលមានបំណង ចង់បង្ខូចក្រុមហ៊ុនដែលផលិត និងនាំចេញផលិតផលថៃ ដូច្នេះស្ថានឯកអគ្គរាជទូតថៃ សូមអំពាវនាវទៅដល់បងប្អូនទាំងអស់ សូមមេត្តាឈប់ធ្វើការចែកចាយបន្ដនូវព័ត៌មានក្លែងក្លាយមួយនេះតទៅទៀត»៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតថៃ ដែលមានខ្លឹមសារទាំងស្រុង៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]