ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងផ្តល់ឧបករណ៍ត្រួតពិនិត្យ ស្វែងរកសារជាតិញៀន នៅក្នុងខ្លួនរបស់សិស្សសាលា បើមានការស្នើសុំពីខាងនាយកសាលា បន្ទាប់ពីសង្ស័យថា សិស្សណាម្នាក់មានផ្ទុកសារជាតិញៀន។

លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ការធ្វើដូច្នោះ ក៏ព្រោះតែអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅមិនទាន់មានលទ្ធភាព ផ្តល់ជូននូវឧបករណ៍ ត្រួតពិនិត្យសារជាតិញៀននេះ បានគ្រប់សាលានៅទូទាំងប្រទេស ជាពិសេសបើមានការបើកយុទ្ធនាការ ត្រួតពិនិត្យទឹកនោមទៅលើសិស្សសាលា នៅទូទាំងប្រទេស គឺអាចប៉ះពាល់ដល់ផ្លូវចិត្ត របស់សិស្សមួយចំនួនធំ ដែលមិនបានសេពគ្រឿងញៀន។ លោកបន្តថា “វាជារឿងល្អ បើសិនជាមានយុទ្ធនាការត្រួតពិនិត្យ រកសារជាតិញៀននៅក្នុងខ្លួនសិស្ស នៅទូទាំងប្រទេសនោះ ប៉ុន្តែយើងមិនអាចធ្វើទៅបាន ព្រោះយើងនៅមាន ការខ្វះខាតឧបករណ៍ត្រួតពិនិត្យ” ។

សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រកាសថា អាជ្ញាធរគ្រឿងញៀន នឹងសហការជាមួយក្រសួងអប់រំ ដើម្បីដាក់សម្ភារៈត្រួតពិនិត្យទឹកនោម របស់សិស្សសាលារកមើលសាធាតុញៀន។ បើរកឃើញនឹងបញ្ជូនទៅព្យាបាល។ ទន្ទឹមនឹងនេះ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏គ្រោងនឹងផ្ដល់សម្ភារៈត្រួតពិនិត្យទឹកនោម ទៅដល់គ្រប់សាប័នរដ្ឋផងដែរ បើមានការស្នើសុំ សម្រាប់ត្រួតពិនិត្យលើបុគ្គលិករបស់ខ្លួន ដែលសង្ស័យថា ប្រើប្រាស់គ្រឿងញៀន ជាពិសេសសាលារៀនទាំងអស់ ទូទាំងប្រទេស៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត អនុវត្តយុទ្ធនាការ បង្ក្រាបគ្រឿង​ញឿនទូទាំងប្រទេស! កម្លាំងនគរបាល ខណ្ឌសែនសុខ ចាប់ខ្លួនជនល្មើស​៤៩នាក់ ដកហូតហូត​វត្ថុតាង​មួយចំនួន។

ជាមួយនឹងការអនុវត្តយុទ្ធនាការ បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស របស់រាជរដ្ឋាភិបាលនោះ សម្រាប់ខណ្ឌសែនសុខ កម្លាំងនគរបាលបានបន្តបង្កើន​ចុះស្រាវជ្រាវ ហើយឈានទៅដល់ការចុះចាប់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់ រហូតដល់៤៩នាក់ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦កន្លងទៅ។

អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងនគរបាលរបស់លោក បានចុះទៅបង្ក្រាប និងចាប់ខ្លួន​ជនសង្ស័យ​ចំនួណ២៩នាក់ ក្នុងនោះស្រីម្នាក់ នៅប្លុកបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាប់ពាក់ព័ន្ធសកម្មភាពចែកចាយគ្រឿងញៀន និងជក់គ្រឿងញៀន។

លោកបានបន្តថា បន្ទាប់ពីបង្ក្រាបជនសង្ស័យទាំងនេះ កម្លាំងនគរបាល នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ បានបន្តចុះចាប់ជនសង្ស័យ១៣នាក់ បន្ថែមទៀតនៅប្លុកបឹង​ឈូក​ដដែល ក្នុងនោះស្រីម្នាក់។ លុះដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ កម្លាំងនគរបាលបានចុះទៅបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ១០នាក់ ទៀតនៅសង្កាត់ឃ្មួញក្នុង​នោះស្រី២​នាក់​។

បើតាមលោកអធិការ បន្ទាប់ពីចាប់ជនសង្ស័យទាំងនេះកម្លាំងនគរបាលបានដកហូតថ្នាំញៀន និងសម្ភារមួយចំនួនទៀត ហើយសម្រាប់ជនសង្ស័យទាំងនេះ នឹងបញ្ជូនទៅ​កាន់​តុលាការដើម្បីចាត់ការបន្តទៀត។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុស​ច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបាន​លទ្ធផល​ល្អឡើងថែមទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]