អេស្ប៉ាញ៖ Cristiano Ronaldo ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid តែងតែត្រូវបានអ្នកគាំទ្រ ធ្វើការប្រៀបធៀបជាមួយខ្សែប្រយុទ្ធកំពូលរបស់ Barcelona គឺ Lionel Messi។

ទាក់ទងនឹងការប្រៀបធៀបនេះដែរ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់បាននិយាយថា កូនប្រុសរបស់ខ្លួន Cristiano Jnr ក៏ធ្លាប់ឆ្លងកាត់នូវសំនួរបែបនេះដែរ ជាពិសេសនោះ គឺសំនួរដែលទាក់ទងនឹងការប្រៀបធៀបរវាង Ronaldo និង Messi តែម្តង។

ថ្លែងទៅកាន់ស្ថានីយ៍ទូរទស្សន៍ Ronaldo បានឲ្យដឹងទៀតថា «កន្លងមកមានមនុស្សច្រើនណាស់ បានសួរមកកាន់កូនខ្ញុំ ហើយបានប្រាប់កូនប្រុសខ្ញុំថា មានកីឡាករផ្សេងទៀត ដែលល្អជាងខ្ញុំ…ប៉ុន្តែកូនប្រុសខ្ញុំអាចប្រឈមនឹងរឿងនេះបាន»

Ronaldo បានបន្តទៀតថា «គេគឺជាក្មេងឆ្លាតម្នាក់ ដោយសារខ្ញុំតែងតែប្រាប់គេថា ត្រូវធ្វើជាខ្លួនឯង ហើយត្រូវចេះសំដែងការសមរម្យ ពីព្រោះមនុស្សទាំងនោះសុទ្ធតែជាអ្នកច្រណែន» ។ 

ទាក់ទងនឹងអនាគតកូនប្រុសវិញ ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ បានបញ្ជាក់ទៀតថា «ខ្ញុំនឹងពេញចិត្ត បើកូនប្រុសខ្ញុំដើរតាមគន្លងខ្ញុំ  ចង់ក្លាយជាកីឡាករបាល់ទាត់។ ប៉ុន្តែវាស្ថិតទៅលើការព្យាយាម ហើយពិតជាមិនមានភាពងាយស្រួលទេ ណាមួយវិញ ខ្ញុំក៏មិនបង្ខំកូនប្រុសដែរ គឺគេអាចធ្វើអ្វីផ្សេងបាន ទៅតាមចំណង់ចំណូលចិត្តគេ»

Ronaldo បានបន្តទៀតថា «ប្រសិនជាគេចង់ក្លាយជាកីឡាករបាល់ទាត់មែននោះ ខ្ញុំនឹងខំប្រឹងជម្រុញគេ ឲ្យក្លាយជាខ្សែប្រយុទ្ធម្នាក់ មិនមែនធ្វើជាអ្នកចាំទីនោះទេ»

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ប្រភព៖ Dailymail

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយទៀត កាលពីថ្ងៃទី៣០ ខែធ្នូ កន្លងទៅ មានសារព័ត៌មានបានផ្សាយឲ្យដឹងថា ក្លិបនៅចិន ហ៊ានជះលុយ ២៦០លានផោន ទិញ Ronaldo និងផ្តល់ប្រាក់ឈ្នួល ១,៦លាន ក្នុងមួយសប្តាហ៍។ លោក Jorge Mendes ភ្នាក់ងាររបស់ Ronaldo បានទម្លាយកាន់តែច្បាស់ទៀតថា ក្លិបមកពីលីកកំពូលប្រទេសចិនមួយ មិនបញ្ចេញឈ្មោះ បានរៀបចំកិច្ចព្រមព្រៀងកុងត្រា ដើម្បីដេញថ្លៃទិញ Ronaldo ក្នុងតម្លៃមហាសាល ២៦០លានផោន (ជាង៣០០លានដុល្លារ) និងហ៊ានឲ្យប្រាក់ចំនូលដល់កីឡាកររូបនេះរហូតដល់ ១,៦លានផោន ក្នុងមួយសប្តាហ៍ ដែលជាតម្លៃមួយខ្ពស់បំផុត ។

ប៉ុន្តែយ៉ាងណាក៏ដោយ លុយមិនមែនជាបញ្ហារបស់ ម្ចាស់ពានរង្វាន់ Ballon d’Or ៤សម័យរូបនេះទេ ពោលគឺ កីឡាករដែលមានវ័យ៣១ឆ្នាំរូបនេះ បានធ្វើការបដិសេធទាំងស្រុង រួចរាល់ហើយ បន្ទាប់ពីទទួលបានសំណើរដែលមានតម្លៃកប់ក្តោងមួយនេះ។

ចំពោះភ្នាក់ងាររបស់ CR7 លោក Jorge Mendes ក៏បានបន្ថែមទៀតផងដែរថា «វាពិតជាសំណើរមួយដែលមានតម្លៃមហាសាល ប៉ុន្តែលុយមិនមែនជាអ្វីៗទាំងអស់នោះទេសម្រាប់កីឡាកររូបនេះ ហើយណាមួយ Ronaldo គាត់ស្រលាញ់ក្លិបនៅអេស្ប៉ាញជាង» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]