អេស្ប៉ាញ៖ បន្ទាប់ពីខ្សែប្រយុទ្ធ Carlos Tevez ក្លាយជាកីឡាករបាល់ទាត់ដែលមានប្រាក់ចំនូលច្រើនជាងគេបង្អស់ ក្រោយពីផ្ទេរទៅលេងឲ្យក្លិបនៅចិនហើយនោះ ឥឡូវនេះកីឡាកំពូលពិភពលោក Cristiano Ronaldo គឺជាទិសដៅបន្ទាប់វិញម្តង ដោយយោងតាមភ្នាក់ងារផ្ទាល់ខ្លួនរបស់ Ronaldo បានបង្ហើបប្រាប់សារព័ត៌មានថា មានក្លិបនៅចិន បានដេញថ្លៃទិញកីឡាររូបនេះ ក្នុងតម្លៃកំណត់ត្រាពិភពលោក ហើយថែមទាំងផ្តល់ប្រាក់ឈ្នួលខ្ពស់កប់ពពកទៀតផង។

លោក Jorge Mendes ភ្នាក់ងាររបស់ Ronaldo បានទម្លាយកាន់តែច្បាស់ទៀតថា ក្លិបមកពីលីកកំពូលប្រទេសចិនមួយ មិនបញ្ចេញឈ្មោះ បានរៀបចំកិច្ចព្រមព្រៀងកុងត្រា ដើម្បីដេញថ្លៃទិញ Ronaldo ក្នុងតម្លៃមហាសាល ២៦០លានផោន (ជាង៣០០ដុល្លារ) និងហ៊ានឲ្យប្រាក់ចំនូលដល់កីឡាកររូបនេះរហូតដល់ ១,៦លានផោន ក្នុងមួយសប្តាហ៍ ដែលជាតម្លៃមួយខ្ពស់បំផុត ។

ប៉ុន្តែយ៉ាងណាក៏ដោយ លុយមិនមែនជាបញ្ហារបស់ ម្ចាស់ពានរង្វាន់ Ballon d’Or ៤សម័យរូបនេះទេ ពោលគឺ កីឡាករដែលមានវ័យ៣១ឆ្នាំរូបនេះ បានធ្វើការបដិសេធទាំងស្រុង រួចរាល់ហើយ បន្ទាប់ពីទទួលបានសំណើរដែលមានតម្លៃកប់ក្តោងមួយនេះ។

ចំពោះភ្នាក់ងាររបស់ CR7 លោក Jorge Mendes ក៏បានបន្ថែមទៀតផងដែរថា «វាពិតជាសំណើរមួយដែលមានតម្លៃមហាសាល ប៉ុន្តែលុយមិនមែនជាអ្វីៗទាំងអស់នោះទេសម្រាប់កីឡាកររូបនេះ ហើយណាមួយ Ronaldo គាត់ស្រលាញ់ក្លិបនៅអេស្ប៉ាញជាង» ៕

ប្រភព៖ Dailymail

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  Tevez ទទួលបានប្រាក់ឈ្នួលខ្ពស់កប់ពពក ក្រោយផ្ទេរទៅលេងនៅចិន ជាផ្លូវការ។ ក្នុងទីផ្សារដោះដូរកីឡាករប៉ុន្មានរយៈចុងក្រោយនេះ ឃើញថា ក្លិបនៅចិន កំពុងវាយលុកទីផ្សារបាល់ទាត់អឺរ៉ុបខ្លាំងណាស់ ដល់ថ្នាក់ហ៊ានចំណាយលុយរាប់លានផោន តាមប្រមាញ់ និងទិញកីឡាករកំពូលៗមកពីក្លិបធំៗ។

ជុំវិញបញ្ហាដោះដូរកីឡាករនេះដែរ ថ្មីៗនេះ ខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Carlos Tevez បានចុះកិច្ចព្រមព្រៀងជាផ្លូវការហើយ ជាមួយក្លិប Shanghai Shenhua លេងនៅក្នុងក្របខ័ណ្ឌបាល់ទាត់កំពូលនៅចិន Chinese Super League។  

គួរបញ្ជាក់ផងដែរថា ក្នុងការផ្ទេរទៅលេងឲ្យក្លិប Shanghai Shenhua នេះ Tevez នឹងទទួលបានប្រាក់ឈ្នួលចំនួន ៦១៥,០០០ផោន (ជាង៧៥មឺុនដុល្លារ) ក្នុង១សប្តាហ៍ ក្លាយជាកីឡាករបាល់ទាត់ដែលរកបានប្រាក់ចំណូលច្រើនជាងគេលើពិភពលោក។

កីឡាករវ័យ៣២ឆ្នាំ រូបនេះ នឹងទៅធ្វើតេស្តពិនិត្យសុខភាពនាពេលខាងមុខនេះហើយ ដើម្បីឆាប់បានចូលធ្វើការហ្វឹកហាត់ជាមួយក្លិប ដែលបច្ចុប្បន្នដឹកនាំដោយគ្រូបង្វឹក លោក Gustavo Poyet ធ្លាប់ជាអតីតខ្សែបំរើរបស់ Chelsea។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]