ចិន៖ ក្នុងទីផ្សារដោះដូរកីឡាករប៉ុន្មានរយៈចុងក្រោយនេះ ឃើញថា ក្លិបនៅចិន កំពុងវាយលុកទីផ្សារបាល់ទាត់អឺរ៉ុបខ្លាំងណាស់ ដល់ថ្នាក់ហ៊ានចំណាយលុយរាប់លានផោន តាមប្រមាញ់ និងទិញកីឡាករកំពូលៗមកពីក្លិបធំៗ។

ជុំវិញបញ្ហាដោះដូរកីឡាករនេះដែរ ថ្មីៗនេះ ខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Carlos Tevez បានចុះកិច្ចព្រមព្រៀងជាផ្លូវការហើយ ជាមួយក្លិប Shanghai Shenhua លេងនៅក្នុងក្របខ័ណ្ឌបាល់ទាត់កំពូលនៅចិន Chinese Super League។  

គួរបញ្ជាក់ផងដែរថា ក្នុងការផ្ទេរទៅលេងឲ្យក្លិប Shanghai Shenhua នេះ Tevez នឹងទទួលបានប្រាក់ឈ្នួលចំនួន ៦១៥,០០០ផោន (ជាង៧៥មឺុនដុល្លារ) ក្នុង១សប្តាហ៍ ក្លាយជាកីឡាករបាល់ទាត់ដែលរកបានប្រាក់ចំណូលច្រើនជាងគេលើពិភពលោក។

កីឡាករវ័យ៣២ឆ្នាំ រូបនេះ នឹងទៅធ្វើតេស្តពិនិត្យសុខភាពនាពេលខាងមុខនេះហើយ ដើម្បីឆាប់បានចូលធ្វើការហ្វឹកហាត់ជាមួយក្លិប ដែលបច្ចុប្បន្នដឹកនាំដោយគ្រូបង្វឹក លោក Gustavo Poyet ធ្លាប់ជាអតីតខ្សែបំរើរបស់ Chelsea។

គួររំលឹកផងដែរថា កាលពីឆ្នាំមុនកន្លងទៅក្នុងទីផ្សារដោះដូរកីឡាករ Tevez បានសម្រេចចិត្តផ្ទេរទៅលេងនៅក្លិបនៅឯស្រុកកំណើតរបស់ខ្លួន Boca Junior អស់រយៈពេលពេញមួយរដូវកាល ។ ដោយឡែកចំពោះលើកនេះវិញ បន្ទាប់ពី Tevez ធ្វើការសម្រេចចិត្តចាកចេញទៅលេងនៅចិន ក្លិប Boca Junior របស់អាហ្សង់់ទីន ក៏បានចេញសារថ្លែងអំណរគុណ និងជូនពរដល់កីឡាកររូបនេះផងដែរ៕ 

ប្រភព៖ Dailymail

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្លិបនៅប្រទេសចិន ចំណាយលុយ រហូតដល់ ៤៥លានផោន ទិញយក ខ្សែប្រយុទ្ធប្រេស៊ីល Hulk។ ក្លិប Shanghai SIGP ហ៊ានចំនាយលុយរហូតដល់ ៤៥លានផោន (ជាង៦០លានដុល្លារ) ដើម្បីនាំយកកីឡាករសញ្ជាតិប្រេស៊ីលរូបនេះមកលេង ហើយក៏ជាកីឡាករដែលថ្លៃជាងគេ នៅក្នុងទីផ្សារបាល់ទាត់ប្រទេសចិនផងដែរ ។

Hulk ដែលមានវ័យ ២៩ឆ្នាំ បានធ្វើដំណើរមកដល់ប្រទេសចិន ដោយមានការទទួលស្វាគមន៍ពីអ្នកគាំទ្ររាប់រយនាក់ នៅអាកាសយានដ្ឋានប្រទេសចិន ហើយកីឡាកររូបនេះត្រូវបានគេរាយការណ៍មកថា នឹងទទួលបានប្រាក់ចំនូល ១៦.៦លានផោន ក្នុងមួយឆ្នាំ ហើយនេះក៏ជាមូលហេតុដែលធ្វើឲ្យគាត់ពេញចិត្តនឹងមកលេងនៅប្រទេសចិន ។

ទាក់ទងនឹងចំនូលដ៏ច្រើនសន្ធឹកបែបនេះ ធ្វើឲ្យគាត់ក្លាយជាកីឡាករដែលរកប្រាក់ចំនូលបានច្រើនជាង កីឡារករ Luiz Suarez និង Eden Harzard នៅឯតំបន់អ៊ឺរ៉ុបទៅទៀត។ តែជោះជាយ៉ាងណា ក៏មិនច្រើនជាង Ronaldo និង Messi ដែលជាកីឡាករដែលរកបានចំនូលបានច្រើនជាងគេក្នុងវិស័យកីឡាបាល់ទាត់ដែរ ។

ហើយចំពោះការផ្ទេរមកលេងនៅ ប្រទេសចិន គាត់គឺជាកីឡាករម្នាក់ដែលមានតម្លៃខ្លួនថ្លៃជាងគេ ដែលតាមពីក្រោយដោយកីឡាករមកពីទ្វីបអ៊ឺរ៉ុបដូចគ្នា គឺ Jackson Martinez, Ezequiel Lavezzi, Paulinho និង Ramires ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]