ភ្នំពេញ​៖ តារាសម្តែងស្រីសម្តីផ្អែម កញ្ញា សួង សុខារ៉ានីត ថា ចំណាយថវិកាតិចនឹងធ្វើឲ្យខ្សែភាពយន្តដែល តារាខ្មែរចូលរួម សម្តែង ដែលមានគុណភាពទាប នាងសូមបដិសេធមិនទទួល ថតខ្សែភាពយន្តភាគដែល ចម្លងចេញពីខ្សែភាពយន្តថៃ យក មកឲ្យតារាខ្មែរសម្តែងឡើងវិញនោះទេ ។

តារាសម្តែងស្រី កញ្ញា សួង សុខារ៉ានីត បានបញ្ជាក់ថា ក្រោយការចុះថតផ្ទាល់នាងបានដឹងថា ភាពយន្តដែលយកមកឲ្យ សិល្បករ ខ្មែរថតឡើងវិញគឺមិនមានគុណភាពគ្រប់គ្រាន់ព្រោះតែការចំណាយមានទំហំតិចតួច។ នាងថាកាលណា ផលិតករចំណាយច្រើននឹងនាំឲ្យរឿងនោះខាត ប៉ុន្តែបើចំណាយតិចនាំឲ្យរឿង​នោះស្ទើរមិនដល់ការសម្តែងរបស់តារាថៃ ហើយនឹងនាំឲ្យគេយល់ថាតារាខ្មែរលេងមិនដល់តារាថៃ។ កញ្ញា សុខារ៉ានីត បន្តថា "យើងយករឿងល្បីខ្លាំងរបស់គេមកថតប៉ុន្តែធ្វើមិនដល់គេនោះនឹងនាំឲ្យមានការមាក់ងាយមួយ។

ទោះជាយ៉ាងណា នាងស្នើមិនបញ្ចេញឈ្មោះស្ថានីយទូរទស្សន៍និងចំណងជើងនៃខ្សែភាពយន្តថៃទាំងនោះ​ជៀស​វាងការថ្នាំង ថ្នាក់រវាងផលិតករ និងតារាសម្តែង។ នាងមិនបានស្នើឲ្យសិល្បករទាំងអស់ផ្អាកការសម្តែង​ឲ្យស្ថានីយទូរទស្សន៍នោះទេ ប៉ុន្តែសម្រាប់នាងគឺសុំមិនទទួលថតបើទោះបីជាស្ថិតក្នុងកាលទេសៈណាក៏​ដោយ។ ទោះជាយ៉ាងណាគេដឹង ថាតារាស្រី វ័យ២៧ឆ្នាំរូបនេះទើបនឹងបញ្ចប់ការថតខ្សែភាពយន្តរឿងភាគថ្​មីរបស់​ទូរទស្សន៍ប៉ុស្តិ៍លេខ៥រឿង”ហង្សបាក់ស្លាប” ដែលជាខ្សែភាពយន្តល្បីឈ្មោះរបស់ថៃ ហើយត្រូវបានសម្តែងឡើងវិញដោយតារាខ្មែរ"។

សូមជម្រាបថា កន្លងមកថ្មីៗនេះគឺលេចចេញការប្រតិកម្មមួយចំនួនពីទស្សនិកជន បន្ទាប់ពីស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍លេខ៥ បាន យកសាច់រឿងរបស់ខ្សែភាពយន្តល្បីល្បាញរបស់ថៃមួយចំនួនមកផលិតសាជាថ្មី​ដោយតម្រូវឲ្យតារា សម្តែងខ្មែរ សម្តែងឡើងវិញ។ ភាពយន្តទាំងនោះមានដូចជារឿង”កូនក្រមុំលោកមេឃុំ” រឿង”ហង្សបាក់ស្លាប” ហើយរឿងដែលមាន ការប្រតិកម្មខ្លាំងនោះគឺរឿង”ចន្ទវង្វេងមេឃ” ឬរឿង​”នាងផ្កាយ​ព្រឹក”តែម្តង។

គួររលឹកថា កាលពី ចុងខែមករា ឆ្នាំ២០០៣បានផ្ទុះមហាកុបកម្មទៅលើ នាងស៊ូវ៉ាន់ណន្ត គង់់យីង( Suvanant Kongying )ទស្សនិកជនខ្មែរហៅក្រៅថានាងផ្កាយព្រឹកបាន និយាយថា ប្រាសាទអង្គរវត្តគឺជារបស់ជនជាតិនាង។ ពាក្យសម្តីនេះ បានលេចចេញ ប្រតិកម្មខ្លាំងៗពីប្រជាជនខ្មែរដែលគ្រានោះសម្តេចតេជោ ហ៊ុន សែនក៏មានប្រសា សន៍លើក ឡើង ថា “តម្លៃរបស់នាងនោះ មិនស្មើស្លឹកស្មៅ ក្បែរអង្គរផង”។

ក្រោយការលើកឡើងរបស់តារាថៃនេះដែររដ្ឋាភិបាលកម្ពុជាបានហាមចាក់ផ្សាយគ្រប់ភាពយន្តថៃនៅស្ថានីយទូរទស្សន៍ទូទាំងប្រទេសកម្ពុជា។កុបកម្មប្រឆាំងស្ថានទូតថៃបាន កើតឡើងនៅថ្ងៃ២៩ ខែមករា ឆ្នាំ២០០៣ ដោយកុបករបានវាយលុក ចូលស្ថានទូតថៃនិង វាយបំផ្លាញអគារពាណិជ្ជកម្មថៃ មួយចំនួន នៅភ្នំពេញដែលបំផ្លាញទ្រព្យ សម្បត្តិគិត ជាទឹកប្រាក់ប្រមាណជាង៥០ លាន ដុល្លារ អាមេរិក ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]