ថៃ៖ ខណៈពេលដែលកូនកម្លោះកូនក្រមុំជាច្រើន និយមថតរូប Pre-Wedding នៅឯសួនច្បារ និងកន្លែងស្អាតៗជាច្រើនផ្សេងទៀតនោះ  គូស្នេហ៍មួយគូនេះវិញចង់ថតនៅកន្លែងដែលខុសគេបន្តិច។

អ្នកជំនាញថតរូប លោក Sanit Nithikultanon បានបញ្ចេញគំនិតមួយទៅកាន់ម្ចាស់ហ្គារ៉ាស់សាំងម្នាក់ និងកូនក្រមុំដ៏ស្រស់ស្អាតរបស់គាត់ ថានឹងថតរូប Pre-Wedding របស់ពួកគេ នៅកន្លែងដែលពួកគេប្រកបអាជីវកម្មតែម្តង (ស្ថានីយចាក់ប្រេងឥន្ធនៈ)។

លោក Sanit បាននិយាយថា “ហ្គារ៉ាស់សាំងនោះនៅឯខេត្ត Cha Choeng Sao ដូច្នេះខ្ញុំគិតថា កន្លែងនោះមើលទៅ ដូចមិនសូវជាមានការអភិវឌ្ឍ  នៅមានលក្ខណៈបុរាណ និងវាល ដូចនៅក្នុងរឿង Cowboy ”

“ប៉ុន្តែនៅពេលដែលខ្ញុំបានទៅដល់ទីនោះ គឺថាវាជាហ្គារ៉ាស់សាំងដ៏ធំ និងទំនើបមួយ។ គំនិតនៃការថតរូបបែប Texas Cowboy របស់ខ្ញុំក៏បានបាត់ទៅភ្លាមៗតែម្តង។ កូនកម្លោះបាននិយាយថា គាត់គឺជាម្ចាស់នៅទីនេះ ដូច្នេះគាត់អាចបំរើសេវាជូនអតិថិជនបាន”

ដូចនេះហើយបានជានៅក្នុងរូបមួយនោះ យើងមើលឃើញកូនកម្លោះនិងកូនក្រមុំ បានជួយគ្នា ដើម្បីជូតបង្អួចរថយន្តដឹកទំនិញមួយ។ ពិតជាផ្អែមល្ហែមណាស់។

ខ្ញុំបានសួរគាត់ថា ហេតុអ្វីបានជាជ្រើសរើសហ្គារ៉ាស់សាំងសម្រាប់ថត Pre-Wedding? កូនក្រមុំ Natrin Nilratana ក៏បានឆ្លើយតបវិញថា ព្រោះ អាជីវកម្មមួយនេះជាការងារពេញមួយជីវិតរបស់គូដណ្តឹងរបស់នាង។

Natrin បានបន្ថែមទៀតថា “គូដណ្តឹងរបស់ខ្ញុំបានចូលរួមសាងសង់ ហ្គារ៉ាស់សាំងមួយនេះ តាំងពីពេលចាប់ផ្តើមមកម្ល៉េះ សូម្បីតែការងារទាក់ទងនឹងការសាងសង់ក៏គាត់ធ្វើដែរ ទោះបីជាគាត់មិនមានសញ្ញាប័ត្រផ្នែកស្ថាបត្យកម្មក៏ដោយ”

“គាត់បានយកចិត្តទុកដាក់ទៅលើការងារមួយនេះយ៉ាងខ្លាំង ហើយគាត់ក៏មានមោទនភាពជាមួយអាជីវកម្មមួយនេះណាស់ដែរ”

គូស្នេហ៍ផ្អែមល្ហែមមួយគូនេះ បានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី ២៩ ខែតុលា កន្លងទៅនេះរួចមកហើយ៕ ចូលរួមអបអរសាទរ!!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]