ភ្នំពេញ៖ តារាសម្តែងប្រុស លោក សាវិន ហ្វីលីព បានប្រកាសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីប៉ុន្មាននាទីមុននេះថា លោក នឹងប្រគល់លុយទាំងអស់ ជូន សាស្រ្តាចារ្យល្ខោនខោល យិត សារិន ពេលត្រឡប់ពីប្រទេសថៃវិញ។

តារាប្រុសរូបនេះ បានសរសេររៀបរាប់ថា "ដំណឹងទាន់ហេតុការណ៍៖ ពេលនេះលោកសាស្រ្តាចារ្យល្ខោនខោល យិត សារិន អាយុ៩១ឆ្នាំ ហៅលោកគ្រូ ស កំពុងធ្វើដំណើរតាមរថយន្តចេញពីភ្នំពេញ ទៅខេត្តសុរិនប្រទេសថៃដើម្បីព្យាបាលជម្ងឺជាបន្ទាន់ នាជីវិតចុងក្រោយរបស់គាត់ ដោយត្រូវឆ្លងកាត់ខេត្តសៀមរាប, លោក យៀង វ៉ាន់ឌី ដែលជាកូនសិស្សរបស់គាត់ដែលកំពុងជូនដំណើរ លោកតាបានប្រាប់មូលនិធិយើងថា គាត់នឹងត្រូវឈប់សំចតក្នុងខេត្តសៀមរាបសិនដើម្បីទទួលថវិកាឧបត្ថម្ភពីលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន មុនបន្តដំណើរទៅខេត្តសុរិន .. ដូច្នេះ មូលនិធិ " សាវិន ដើម្បីកុមារ" និង មូលនិធិតារារះថ្មីរបស់តារាបង្ហាញម៉ូត អេនណា សូរ្យ នឹងប្រគល់ជូនថវិកាទាំងអស់ ជូនគាត់ពេលគាត់ត្រលប់មកដល់ភ្នំពេញវិញ , សូមអរគុណ ... ដោយក្ដីរាប់អាន , សាវិន ហ្វីលីព ស្ថានិកមូលនិធិ " សាវិនដើម្បីកុមារ"

គួររំលឹកផងដែរថា លោកតា យិត សារិន ជាលោកគ្រូល្ខោនខោលមួយរូប មានវ័យ៩១ឆ្នាំទៅហើយ តែពេលនេះ លោកតាមានជម្ងឺជាប់កាយយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចបន្តអាជីពជា លោកគ្រូល្ខោនខោលនេះបានតទៅទៀតនោះទេ៕ 

លោកគ្រូល្ខោនខោល យិត សារិន
សាវិន ហ្វីលីព

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាសម្តែង សាវិន ហ្វីលីព បានចូលមន្ទីរពេទ្យជាបន្ទាន់។

តារាសម្ដែងមានឈ្មោះល្បី ក្នុងការងារសិល្បៈ ក៏ដូចជាសកម្មភាមនុស្សធម៌ ជួយដល់សង្គម ជាពិសេសការជីកអណ្ដូងទឹក ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ តាមទីដាច់ស្រយាល លោក សាវិន ហ្វីលីព បានជួបប្រទះនូហេតុការណ៍ នឹកស្មានមិនដល់មួយ ស្ទើរតែមិនរួចជីវិតទៅហើយ ខណៈដែលសម្ពាធឈាម របស់លោក បានឡើងខ្លាំងហួសកម្រិត បណ្ដាលឲ្យបេះដូងធ្វើទុក្ខខ្លាំង ស្ទើរតែគាំងលែងដំណើរការ ហើយពេលបានឆ្លងផុត ត្រូវជួយសង្គ្រោះរួចពីគ្រោះថ្នាក់ ធ្វើឲ្យលោកគិតថា លោកមិននឹកស្មានថា នៅមានជីវិតនោះទេ ប្រសិនបើពុំមានអ្នកជួយ ទាន់ពេលវេលា។

លោកបានជិះឡានតែម្នាក់ឯង ដើម្បីទៅរកញ៉ាំអី នៅហាងមួយកន្លែងក្នុងកោះពេជ្រ ប៉ុន្តែម៉ោងប្រហែល ជាង៥ល្ងាច ក្រោយពីលោកញ៉ាំរួចរាល់បន្តិច ស្រាប់តែក្នុងខ្លួនមានអាការត្រជាក់ចុងដៃចុងជើង សម្ពាធឈាមឡើងខ្ពស់ បេះដូងលោតលឿនខុសពីធម្មតា ថប់ៗដង្ហើម ធ្វើឲ្យលោកប្រញាប់ប្រញាល បើករថយន្តយ៉ាងលឿន ឆ្ពោះមកមន្ទីរពេទ្យ។ ប៉ុន្តែពេលបើករថយន្ត មកដល់ម្ដុំក្រោយវាំង ដោយសារតែស្ថានភាពក្នុងខ្លួន របស់លោកកាន់តែធ្ងន់ធ្ងរ លោកក៏សម្រេចចូលទៅក្នុងគ្លីនិកមួយ នៅក្បែរនោះ ដើម្បីឲ្យជួយពិនិត្យ និងហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត។

លោក សាវិន ហ្វីលីព ស្រដីថា «ពេលនោះខ្ញុំមានតែម្នាក់ឯង ទូរស័ព្ទក៏អត់បានយកតាមខ្លួនទៀត ព្រោះអស់ថ្ម ទុកបញ្ចូលនៅផ្ទះ ខ្ញុំបើកឡានមកដល់ក្រោយវាំង ខ្ញុំក៏រត់ចូលក្នុងគ្លីនិក ឲ្យលោកគ្រូពេទ្យ ជុំ ណាវុធ ពិនិត្យមើល ប៉ុន្តែពេលស្ថានភាពខ្ញុំកាន់តែដុនដាបទៅៗ ខ្ញុំក៏សុំឲ្យគាត់ជួយហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកខ្ញុំទៅមន្ទីរពេទ្យ ពេលនោះខ្ញុំគិតថា ខ្ញុំប្រហែលជាត្រូវស្លាប់បាត់ហើយ បើឡានពេទ្យមកយឺតមួយជំហាន ព្រោះក្នុងខ្លួនរបស់ខ្ញុំ រឹងអស់រលីងទៅហើយ និងពិបាកទ្រាំមែនទែន..!»។

យ៉ាងណាមិញ តារាសម្ដែង សាវីន ហ្វីលីព បានបញ្ជាក់ថា កន្លងមកអាការបែបនេះ ក៏លោកធ្លាប់ជួបប្រទះដែរ បន្ទាប់ពីលោកចេញពីកន្លែងហាត់ប្រាណមួយកន្លែង ហើយកាលពី២០ឆ្នាំមុន ក៏ធ្លាប់មានសម្ពាធឈាមឡើងខ្ពស់ដូចគ្នានេះដែរ ប៉ុន្តែលោកបានគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដោយហាត់ប្រាណជារៀងរាល់ថ្ងៃ។ ទោះបីជាយ៉ាងណា ក្រោយជួបហេតុការណ៍ជាបន្តបន្ទាប់បែបនេះ លោកក៏បានឲ្យគ្រូពេទ្យ ពិនិត្យឈាម បេះដូង ថ្លើម សរសៃឈាម គឺពុំមានបញ្ហាអ្វីទាំងអស់ ប៉ុន្តែគ្រូពេទ្យ ក៏បានប្រាប់ម្ដាយលោកថា លោកអាចកើតជំងឺស្ត្រេសច្រើនជាង ហើយកុំឲ្យលោកគិតច្រើនពេក ត្រូវមានពេលលំហែរឲ្យបានច្រើន។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាវិន ហ្វីលីព