(ភ្នំពេញ)៖ តារាសម្ដែង​មានឈ្មោះល្បី ក្នុងការងារសិល្បៈ ក៏ដូចជាសកម្មភាមនុស្សធម៌​ ជួយដល់សង្គម ជាពិសេសការជីកអណ្ដូងទឹក ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ តាមទីដាច់ស្រយាល លោក សាវិន ហ្វីលីព បានជួបប្រទះនូហេតុការណ៍​​ នឹកស្មានមិនដល់មួយ ​ស្ទើរតែមិនរួចជីវិតទៅហើយ ខណៈដែលសម្ពាធឈាម ​របស់លោក បានឡើង​ខ្លាំងហួសកម្រិត បណ្ដាលឲ្យបេះដូងធ្វើទុក្ខខ្លាំង ស្ទើរតែគាំងលែងដំណើរការ ហើយពេលបានឆ្លងផុត ត្រូវ​ជួយសង្គ្រោះ​រួចពីគ្រោះថ្នាក់ ធ្វើឲ្យលោកគិតថា លោក​មិននឹកស្មានថា នៅមានជីវិតនោះទេ ប្រសិនបើពុំមានអ្នកជួយ​ ទាន់ពេល​វេលា​។

ថ្លែងប្រាប់ Khmertalking ពីមន្ទីរពេទ្យកាល់ម៉ែត្រ នាព្រឹកថ្ងៃទី២៥ ខែតុលានេះថា នៅល្ងាចថ្ងៃទី២៤ តុលា ម្សិលមិញនេះ លោកបានជិះឡានតែម្នាក់ឯង ដើម្បីទៅរកញ៉ាំអី នៅហាងមួយកន្លែង​ក្នុងកោះពេជ្រ ប៉ុន្តែម៉ោងប្រហែល ជាង៥​ល្ងាច ក្រោយពីលោកញ៉ាំរួចរាល់បន្តិច ស្រាប់តែក្នុងខ្លួន​មានអាការត្រជាក់ចុងដៃចុងជើង សម្ពាធឈាមឡើងខ្ពស់ បេះដូងលោតលឿនខុសពីធម្មតា ថប់ៗដង្ហើម ធ្វើឲ្យលោកប្រញាប់ប្រញាល បើករថយន្តយ៉ាងលឿន ឆ្ពោះមកមន្ទីរពេទ្យ​។ ប៉ុន្តែពេលបើករថយន្ត មកដល់ម្ដុំក្រោយវាំង ដោយសារតែស្ថាន​ភាពក្នុងខ្លួន របស់លោកកាន់តែធ្ងន់ធ្ងរ លោកក៏សម្រេចចូលទៅក្នុងគ្លីនិកមួយ នៅក្បែរនោះ ដើម្បីឲ្យជួយ​ពិនិត្យ និងហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត។

លោក សាវិន ហ្វីលីព ស្រដីថា «ពេលនោះខ្ញុំមានតែម្នាក់ឯង ទូរស័ព្ទក៏អត់បានយក​តាមខ្លួនទៀត ព្រោះអស់ថ្ម ទុកបញ្ចូលនៅផ្ទះ ខ្ញុំបើកឡានមកដល់​ក្រោយវាំង ខ្ញុំក៏រត់ចូលក្នុងគ្លីនិក ឲ្យលោកគ្រូពេទ្យ ជុំ ណាវុធ ពិនិត្យមើល ប៉ុន្តែពេលស្ថានភាព​ខ្ញុំ​កាន់តែដុនដាបទៅៗ ខ្ញុំក៏សុំឲ្យគាត់ជួយហៅ​​រថយន្តសង្គ្រោះបន្ទាន់ ដឹកខ្ញុំទៅមន្ទីរពេទ្យ ពេលនោះខ្ញុំគិតថា ខ្ញុំប្រហែលជា​ត្រូវស្លាប់បាត់ហើយ បើឡានពេទ្យមកយឺត​មួយជំហាន​ ព្រោះក្នុងខ្លួនរបស់ខ្ញុំ រឹងអស់រលីងទៅហើយ និងពិបាកទ្រាំមែនទែន..!»

យ៉ាងណាមិញ តារាសម្ដែង សាវីន ហ្វីលីព បានបញ្ជាក់ថា កន្លងមកអាការបែបនេះ ក៏លោកធ្លាប់ជួបប្រទះដែរ កាលពីពេលថ្មីនេះ បន្ទាប់ពីលោកចេញពីកន្លែងហាត់ប្រាណ​មួយកន្លែង ហើយកាល​ពី​២០​ឆ្នាំមុន ក៏ធ្លាប់មានសម្ពាធឈាម​ឡើងខ្ពស់ដូចគ្នានេះដែរ ប៉ុន្តែលោកបានគោរពតាម​វេជ្ជបញ្ជារបស់គ្រូពេទ្យ ដោយហាត់ប្រាណជារៀងរាល់ថ្ងៃ។ ទោះបីជាយ៉ាងណា ក្រោយជួបហេតុការណ៍​ជាបន្តបន្ទាប់បែបនេះ លោកក៏បានឲ្យគ្រូពេទ្យ ពិនិត្យឈាម បេះដូង ថ្លើម សរសៃឈាម គឺពុំមានបញ្ហាអ្វីទាំងអស់ ប៉ុន្តែគ្រូពេទ្យ ក៏បានប្រាប់ម្ដាយលោកថា លោកអាចកើតជំងឺស្ត្រេសច្រើនជាង ហើយកុំឲ្យលោកគិតច្រើនពេក ត្រូវមានពេលលំហែរឲ្យបានច្រើន។

​ដោយឡែក បើតាមការថ្លែងឲ្យដឹងពីកូនស្រី របស់តារាសម្តែង លោក សាវិន ហ្វីលីព ឈ្មោះ វីរីយ៉ា បាននិ​យា​យថា «ពេលនេះប៉ាខ្ញុំបានចេញ ពីបន្ទប់សង្គ្រោះបន្ទាន់ហើយ ហើយពេលនេះ​គាត់កំពុងគេង នៅមន្ទីរពេទ្យកាល់ម៉ែត្រអាគារ "ក" បន្ទប់លេខ១១២។ ប៉ាបានដឹងខ្លួនវិញហើយ គាត់កំពុងសំងំគេង ហើយក្រុមគ្រូពេទ្យកំពុងបន្តតាមដាន ស្ថានភាពជំងឺរបស់គាត់»។

កូនស្រីលោក សាវិន ហ្វីលីព បានបន្ថែមថា «ខ្ញុំសូមជូនពរលោកប៉ា ឲ្យឆាប់ជាដើម្បីបានជូនកូន​ៗ​ ទៅរៀនដូចរាល់ព្រឹកទៀត។ នាងខ្ញុំសូមអរគុណ លោកវេជ្ជបណ្ឌិត ជុំ ណាវុធ ម្ចាស់គ្លីនិកមួ​យ នៅក្រោយវាំងជាប់ផ្លូវកែងលេខ ២៤០ស្ថិតជាប់ហាងងៀតក្របី ដែលបានចាត់ចែង ហៅទ្បានសា​មុយដឹកប៉ា មកពេទ្យកាល់ម៉ែត្រ កាលពីយប់ម្សិលមិញ ខ្ញុំស្រឡាញ់ប៉ាជាងគេក្នុងលោក!»៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  សាវិន ហ្វីលីព ៖ «ប្រសិន​យឺត​ពេល​តែ១០នាទី ជីវិតខ្ញុំ​នឹង​ត្រូវ​បញ្ចប់» ។ គួររំលឹកផងដែរថា  បន្ទាប់ពីជូបគ្រោះថ្នាក់គាំងបេះដូង ដួលសន្លប់នៅកន្លែងហាត់ប្រាណមួយកន្លែង នៅភ្នំពេញ​ហើយត្រូវបានក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត កាលពីព្រលប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ស្ថាន​ភាពតារា​សម្តែ​ង​ លោ​ក សាវិន ហ្វីលីព បានវិលត្រឡប់មករកស្ថានភាពដើមវិញហើយ គ្រាន់តែ​មិនទាន់ស្រួល​ខ្លួន១០០​ភាគរយ​។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាប្រុសសកម្ម លើការងារមនុស្សធម៌ លោក សាវិន ហ្វី​លីព បានសរសេរបញ្ជាក់ កាលពីមួយម៉ោងមុននេះថា« ខ្ញុំឆ្លងផុតពីគ្រោះថ្នាក់ ដល់ជីវិតហើយ។ អ​រគុណចំពោះការបារម្មណ៍ របស់ Fans បងប្អូនមិត្តភក្តិ និងក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត ដែលបានជួយជីវិតខ្ញុំ..! ប្រសិនបើខ្ញុំ យឺតពេលតែ១០នាទីទៀតជីវិតខ្ញុំ និងត្រូវបពា្ចប់ព្រោះសម្ពា​ធឈាម បានបុកឡើង រហូត​ដល់១​៩ ។ ចង្វាក់បេះដូងរបស់ខ្ញុំ បានរលត់ឈឹងប្រៀបដូចទ្បាន រលត់ម៉ាស៊ីនកាលពីយប់មិញ!»។

បន្ថែមលើនេះ លោក សាវិន ហ្វីលីព បានប្រាប់ Khmertalking ឲ្យដឹងដោយខ្លីទៀតថា «​ពេល​នេះ​ខ្ញុំ​​បាន​ដឹងខ្លួនវិញហើយ។ ម្យ៉ាងទៀត ខ្ញុំមិននឹកស្មានថា ខ្លួនឯងអាចឆ្លងផុតគ្រោះ​ថ្នាក់ ដល់​ជីវិ​ត​បែបនេះទេ!»។

សូមបញ្ជាក់ថា តារាសម្តែង និងជាប្រធានមូលនិធិ «កុមារសាវិនកម្ពុជា» ដ៏មានប្រជាប្រិយភាពលេចធ្លោ តា​មរយៈសកម្មភាព​​មនុស្សធម៌ លោក សាវិន ហ្វីលីព កាលពីល្ងាចថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦នេះ បានជួបហេតុកា​រ​ណ៍​​គ្រោះ​ថ្នាក់ គាំងបេះដូងដួលសន្លប់ នៅកន្លែងហាត់ប្រាណមួយកន្លែង ហើយត្រូវ​បានក្រុមគ្រួ​សា​រ​​បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត។ ប៉ុន្តែរហូតមកទល់ពេ​លនេះ ស្ថានភាព​ជំងឺ​​របស់លោក បានធូស្បើយខ្លះហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាវិន ហ្វីលីព