(ភ្នំពេញ)៖ តារាចម្រៀងស្រីលេចធ្លោ ប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខនារី ដ៏លេចធ្លោក្នុងកម្មវិធី «I Am a singer Cambodia» កញ្ញា សួស វីហ្សា ថ្មីៗនេះ នាងបានជួបប្រទះ នូវរឿងរ៉ាវនឹកស្មានមិនដល់ ស៊យផ្ទួនៗគ្នា ក្នុងមួយប៉ប្រិចភ្នែក ជាពិសេសគឺក្នុងថ្ងៃខួបកំណើត របស់តារាចម្រៀង រួមទ្រនំ គឺលោក នៅ ស៊ីនឿន។

សួស វីហ្សា បច្ចុប្បន្នក៏ជាតារាស្រីលេចធ្លោ ជួរមុខម្នាក់ ខណៈបទចម្រៀងរបស់នាង នៅតែមានអ្នកគាំទ្រច្រើនលើសលប់ ជាពិសេសកំឡុងពេលប្រកួតក្នុងកម្មវិធី «I Am a singer Cambodia» ដែលជាបេក្ខនារី មានអ្នកផ្ញើរសារគាំទ្រច្រើន មិនចាញ់លោក ដួង វីរៈសិទ្ធ។ កញ្ញា សួស វីហ្សា ជាអតីតបេក្ខនារីដែលមានសមត្ថភាពច្រៀងបានល្អឥតខ្ចោះ លើគ្រប់វិញ្ញាសារ ដែលកម្មវិធីបានដាក់ឲ្យ។ នាងច្រៀងពីរោះបានគ្រប់ទំរង់ ក្រៅពីនេះអាចរាំរបាំបុរាណ យ៉ាងស្ទាត់ជំនាញ ថែមទាំងលេងឧបករណ៍ភ្លេងបុរាណបានល្អទៀតផង ធ្វើឲ្យនាងកាន់តែលេចធ្លោ។

ប៉ុន្តែមានរឿងស៊យមួយ បានកើតឡើង ក្រោយពីកញ្ញា សួស វីហ្សា បានចាកចេញខួបកំណើត របស់តារាចម្រៀង នៅ ស៊ីនឿន កាលពីពេលថ្មីៗនេះ ខណៈដែលប្រភពស្និទ្ធស្នាលនឹង សួស វិហ្សា បាននិយាយថា គ្រាន់តែចេញពីខួបកំណើត នៅ ស៊ីនឿនភ្លាម នាងបានបាត់ទូរស័ព្ទទំនើបដៃមួយគ្រឿង រកមិនឃើញ ហើយមិនដឹងថា ច្រឡំដៃដាក់ទៅទីណា ដែលទូរស័ព្ទក៏មានតម្លៃថ្លៃគួរសម ។

ក្រៅពីបាត់ទូរស័ព្ទអស់១គ្រឿង តារាចម្រៀង សួស វីហ្សា ជួបរឿងក្រពុលមុខមួយទៀត គឺធ្វើឲ្យបែកដបទឹកអប់ម៉ាកថ្លៃមួយដបទៀត ដោយចៃដន្យ ធ្វើឲ្យនាង មិនសូវសប្បាយចិត្តប៉ុន្មានឡើយ។ ថ្វីត្បិតតែបាត់ទូរស័ព្ទ និងបែកដបទឹកអប់ ប៉ុន្តែ សួស វីហ្សា នៅតែបន្តភាពសប្បាយរីករាយ ជាមួយក្រុមការងារនាងមិនឈប់ឡើយ ព្រោះពួកគេមិនងាយមានឱកាសបានជួបគ្នា យូរៗមានកម្មវិធីម្ដង បាត់របស់អត់បញ្ហា៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  សួស វីហ្សា និងតារាៗជាច្រើនដួងទៀត ណាត់គ្នាទៅមើលរឿង «វិកលចរិត»។ តាមរយៈគណនីហ្វេសប៊ុករបស់តារាចម្រៀងស្រី កញ្ញា សួស វីហ្សា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស បានប្រាប់ឱ្យដឹងថា នៅថ្ងៃនេះ កញ្ញា និងតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ក៏ដូចជាតារាចម្រៀង តារាសម្តែង នៅផលិតកម្មផ្សេងទៀតជាច្រើនរូប នឹងទៅជួបជុំគ្នានៅរោងកុន Legend សាខា ទួលគោក (Legend TK) រាជធានីភ្នំពេញ នាវេលាម៉ោងរសៀលថ្ងៃ១៤ធ្នូនេះ ដើម្បីចូលរួមទស្សនាខ្សែភាពយន្តខ្នាតធំ របស់ខ្មែរយើងដែលមានចំណងជើងថា «វិកលចរិត»។

កញ្ញា សួស វីហ្សា បានផុសនៅក្នុងហ្វេសប៊ុកនាងថា៖ «ជំរាបសួរចាស៎ ថ្ងៃនេះនាងខ្ញុំរួមទាំងតារាចំរៀងប្រចាំផលិតកម្មរស្មីហង្សមាស ក៏ដូចជាតារាចំរៀងផលិតកម្មជាច្រីនទៀត តារាសម្តែងជាច្រើនរូប នឹងទៅជួបជុំគ្នានៅ legend TK វេលាម៉ោង 3:00pm ដើម្បីចូលរួមទស្សនារឿង(វិកលចរិត) ដូចនេះបើបងប្អូនសិល្បករជាច្រើនរូបទៀត រួមទាំងបងប្អូនទាំងអស់គ្នា បើមានចំណាប់អារម្មណ៍ គឺអាចមកចូលរួមទស្សនាជាមួយខ្ញុំទាំងអស់គ្នាបានណា៎ ពួកយើងអាចថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍កុំភ្លេចណា...ខ្ញុំរង់ចាំ ខ្មែរស្រលាញ់ខ្មែរ»។

ជាការពិតណាស់ ចាប់តាំងពីថ្ងៃសម្ពោធដាក់បញ្ចាំងជាផ្លូវការកាលពីថ្ងៃទី២ធ្នូមក រឿង «វិកលចរិក» ហាក់មិនទាន់បានទទួលភាពជោគជ័យ គួរជាទីពេញចិត្តនៅឡើយទេ ហើយលោក ហ៊ុយ យ៉ាឡេង ដែលជាម្ចាស់ផលិតកម្មផ្ទាល់ ក៏ធ្លាប់បានបង្ហាញនូវសារអស់សង្ឃឹមផងដែរ ព្រោះពេលរឿងនេះបានចាក់បញ្ចាំងជាផ្លូវការ នៅគ្រប់រោងភាពយន្តល្បីៗទូទាំងប្រទេស គឺមិនសូវទទួលបានការគាំទ្រខ្លាំងសោះ ពីសំណាក់អ្នកទស្សនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា