ភ្នំពេញ៖ តាមរយៈគណនីហ្វេសប៊ុករបស់តារាចម្រៀងស្រី កញ្ញា សួស វីហ្សា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស បានប្រាប់ឱ្យដឹងថា នៅថ្ងៃនេះ កញ្ញា និងតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ក៏ដូចជាតារាចម្រៀង តារាសម្តែង នៅផលិតកម្មផ្សេងទៀតជាច្រើនរូប នឹងទៅជួបជុំគ្នានៅរោងកុន Legend សាខា ទួលគោក (Legend TK) រាជធានីភ្នំពេញ នាវេលាម៉ោងរសៀលថ្ងៃ១៤ធ្នូនេះ ដើម្បីចូលរួមទស្សនាខ្សែភាពយន្តខ្នាតធំ របស់ខ្មែរយើងដែលមានចំណងជើងថា «វិកលចរិត»។

កញ្ញា សួស វីហ្សា បានផុសនៅក្នុងហ្វេសប៊ុកនាងថា៖ «ជំរាបសួរចាស៎ ថ្ងៃនេះនាងខ្ញុំរួមទាំងតារាចំរៀងប្រចាំផលិតកម្មរស្មីហង្សមាស ក៏ដូចជាតារាចំរៀងផលិតកម្មជាច្រីនទៀត តារាសម្តែងជាច្រើនរូប នឹងទៅជួបជុំគ្នានៅ legend TK វេលាម៉ោង 3:00pm ដើម្បីចូលរួមទស្សនារឿង(វិកលចរិត) ដូចនេះបើបងប្អូនសិល្បករជាច្រើនរូបទៀត រួមទាំងបងប្អូនទាំងអស់គ្នា បើមានចំណាប់អារម្មណ៍ គឺអាចមកចូលរួមទស្សនាជាមួយខ្ញុំទាំងអស់គ្នាបានណា៎ ពួកយើងអាចថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍កុំភ្លេចណា...ខ្ញុំរង់ចាំ ខ្មែរស្រលាញ់ខ្មែរ»។

ជាការពិតណាស់ ចាប់តាំងពីថ្ងៃសម្ពោធដាក់បញ្ចាំងជាផ្លូវការកាលពីថ្ងៃទី២ធ្នូមក រឿង «វិកលចរិក» ហាក់មិនទាន់បានទទួលភាពជោគជ័យ គួរជាទីពេញចិត្តនៅឡើយទេ ហើយលោក ហ៊ុយ យ៉ាឡេង ដែលជាម្ចាស់ផលិតកម្មផ្ទាល់ ក៏ធ្លាប់បានបង្ហាញនូវសារអស់សង្ឃឹមផងដែរ ព្រោះពេលរឿងនេះបានចាក់បញ្ចាំងជាផ្លូវការ នៅគ្រប់រោងភាពយន្តល្បីៗទូទាំងប្រទេស គឺមិនសូវទទួលបានការគាំទ្រខ្លាំងសោះ ពីសំណាក់អ្នកទស្សនា។

គួរឱ្យដឹងផងដែរថា រឿង «វិកលចរិក» គឺជាស្នាដៃនិពន្ធ ដឹកនាំរឿង និងសម្តែងផ្ទាល់ ដោយលោក ហ៊ុយ យ៉ាឡេង ម្ចាស់ផលិតកម្ម មាតុចក្រហ្វីលម៍ផ្ទាល់ ដោយបានឆ្លងកាត់ការសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ទៅលើគុណភាពមិនចាញ់បរទេសប៉ុន្មានទេ ហើយការសម្តែងវិញគឺមានការចំណាយកម្លាំងកាយចិត្តមិនស្ទើរដែរ ព្រោះផលិតករខ្សែភាពយន្តនេះក៏បានប្រាប់ថា ហ៊ានដាក់ទុនជីវិតទៀតផងពេលសម្តែង។

ដូច្នេះនាថ្ងៃនេះ បើប្រិយមិត្តមានចំណាប់អារម្មណ៍ អាចទៅចូលរួមទស្សនាជាមួយកញ្ញា សួស វីហ្សា និងតារាៗផ្សេងទៀតបាន និងដើម្បីទៅជួយគាំទ្រខ្សែភាពយន្តរបស់ខ្មែរយើងផង៕  

កញ្ញា សួស វីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា