ភ្នំពេញ៖ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់មិញនេះ រូបថតជាច្រើនសន្លឹកត្រូវបានចែករំលែកព្រោងព្រាត ដោយម្នាក់ៗមានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលដឹងថា អ្នកប្រដាល់ដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា កីឡាករ វ៉ន វីវ៉ា មានអាជីពថ្មីមួយទៀត។

បើយោងតាមគណនីហ្វេសប៊ុកមួយបានរៀបរាប់ឲ្យដឹងថា « តើអ្នកមានអារម្មណ៍បែបណា នៅពេលដែលជិះឡានតាក់ស៊ីទៅធ្វើការ ជាមួយអ្នកប្រដាល់ដ៏ល្បីកម្ពុជា?»

គួរបញ្ជាក់ផងដែរថា នេះគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយផងដែរ ពីព្រោះប្រិយមិត្តធ្លាប់តែឃើញ ម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក ISKA កីឡាករ វ៉ន វីវ៉ា នៅតែលើសង្វៀនប្រកួត តែលើកនេះមានអាជីពថ្មីមួយទៀតជាអ្នកបើករថយន្តតាក់ស៊ី។

ជាមួយនឹងរូបថតដែលត្រូវបានចែករំលែកជាច្រើននៅក្នុងហ្វេសប៊ុកនេះ ក៏មានមហាជន និងអ្នកគាំទ្រ បាននាំគ្នាបញ្ចេញមតិក្នុងន័យវិជ្ជមាន និងអវិជ្ជមានមួយចំនួនផងដែរ។ តែយ៉ាងណាក៏ដោយ ម្ចាស់គណនីដែលបានបង្ហោះរូប ពីយប់មិញនេះ ក៏បានសំណូមពរឲ្យបងប្អូន នៅតែបន្តគាំទ្រកីឡាករ វ៉ន វីវ៉ា និងជួយជិះតាក់ស៊ីគាត់ផង ដោយមានឈ្មោះ និងលេខទូរស័ព្ទនៅក្នុងកាតស្រាប់៕   

កំណត់ហេតុខ្មែរឡួត៖

ដោយឡែក គួររំលឹកចាស់លើកមុនផងដែរថាវត្តមានរបស់ស្តេចប្រដាល់មកពីប្រទេសហ្វីលីពីន កីឡាករ Manny Pacquiao បានធ្វើឲ្យបងប្អូនមហាជនកម្ពុជា មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសចំពោះអ្នកគាំទ្រ និងស្នេហាវិស័យប្រដាល់ផ្ទាល់តែម្តង។

យ៉ាងណាមិញ  នៅសណ្ឋាគារ សូហ្វីតេល ភ្នំពេញ ស្តេចប្រដាល់ Manny Pacquiao បានជួបសំណេះសំណាលពិភាក្សាផ្ទាល់ជាមួយ ឯកឧត្តម ថោង ខុន អំពីវិស័យកីឡាប្រដាល់នៅកម្ពុជា ដោយក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អត្តពលិកកីឡាករប្រដាល់កម្ពុជាជាច្រើនរូបផងដែរ។

ក្រោយជំនួបពិភាក្សានេះ ឯកឧត្តម ថោង ខុន បានឲ្យដឹងថា «លោក Manny Pacquiao នឹងជួយពង្រឹងដល់វិស័យប្រដាល់កម្ពុជាឱ្យកាន់តែប្រសើរឡើង ដោយលោកនឹងផ្តល់ការបង្ហាត់បង្រៀន និងបច្ចេកទេស ជួយដល់សហព័ន្ធកីឡាប្រដាល់កម្ពុជា។ លោកនឹងមកកាន់កម្ពុជាម្តងទៀត ដែលអាចនាឆ្នាំក្រោយ នៅពេលវេលាសមគួរណាមួយរបស់លោកតាមការសន្យា។

ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជាបានបង្ហើបថា Manny Pacquiao ក៏នឹងមកកម្ពុជាទៀត ក្នុងការជួយផ្តល់នូវចំណេះដឹងនិងបច្ចេកទេសសម្រាប់កម្ពុជាដែលនឹងជាម្ចាស់ផ្ទះ Sea Game 2023» ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ NOCC ។

មួយវិញទៀត បន្ទាប់ពីជំនួបពិភាក្សានេះបញ្ចប់ទៅ ស្តេចប្រដាល់ Pacquiao ក៏បានថតរូបរូមគ្នាជាមួយនឹង កីឡាករប្រដាល់កម្ពុជាយើងផងដែរ ដោយក្នុងនោះគេសង្កេតឃើញមានដូចជាកីឡាករ វ៉ន វីវ៉ា សេន ប៊ុនថេន ឡុង សុភី និងកីឡាករជាច្រើនរូបទៀត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]