ភ្នំពេញ៖ វត្តមានរបស់ស្តេចប្រដាល់មកពីប្រទេសហ្វីលីពីន កីឡាករ Manny Pacquiao បានធ្វើឲ្យបងប្អូនមហាជនកម្ពុជា មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសចំពោះអ្នកគាំទ្រ និងស្នេហាវិស័យប្រដាល់ផ្ទាល់តែម្តង។

យ៉ាងណាមិញ កាលពីព្រឹកមិញនេះ នៅសណ្ឋាគារ សូហ្វីតេល ភ្នំពេញ ស្តេចប្រដាល់ Manny Pacquiao បានជួបសំណេះសំណាលពិភាក្សាផ្ទាល់ជាមួយ ឯកឧត្តម ថោង ខុន អំពីវិស័យកីឡាប្រដាល់នៅកម្ពុជា ដោយក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អត្តពលិកកីឡាករប្រដាល់កម្ពុជាជាច្រើនរូបផងដែរ។ 

ក្រោយជំនួបពិភាក្សានេះ ឯកឧត្តម ថោង ខុន បានឲ្យដឹងថា «លោក Manny Pacquiao នឹងជួយពង្រឹងដល់វិស័យប្រដាល់កម្ពុជាឱ្យកាន់តែប្រសើរឡើង ដោយលោកនឹងផ្តល់ការបង្ហាត់បង្រៀន និងបច្ចេកទេស ជួយដល់សហព័ន្ធកីឡាប្រដាល់កម្ពុជា។ លោកនឹងមកកាន់កម្ពុជាម្តងទៀត ដែលអាចនាឆ្នាំក្រោយ នៅពេលវេលាសមគួរណាមួយរបស់លោកតាមការសន្យា។

ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជាបានបង្ហើបថា Manny Pacquiao ក៏នឹងមកកម្ពុជាទៀត ក្នុងការជួយផ្តល់នូវចំណេះដឹងនិងបច្ចេកទេសសម្រាប់កម្ពុជាដែលនឹងជាម្ចាស់ផ្ទះ Sea Game 2023» ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ NOCC ។

មួយវិញទៀត បន្ទាប់ពីជំនួបពិភាក្សានេះបញ្ចប់ទៅ ស្តេចប្រដាល់ Pacquiao ក៏បានថតរូបរូមគ្នាជាមួយនឹង កីឡាករប្រដាល់កម្ពុជាយើងផងដែរ ដោយក្នុងនោះគេសង្កេតឃើញមានដូចជាកីឡាករ វ៉ន វីវ៉ា សេន ប៊ុនថេន ឡុង សុភី និងកីឡាករជាច្រើនរូបទៀត៕

ដូច្នេះទៅទស្សនកម្រងរូបភាពជាច្រើនសន្លឹក របស់ Pacquiao និងកីឡាករប្រដាល់កម្ពុជា៖  

រូបភាព៖ Kun Khmer World & NOCC

កំណត់ហេតុខ្មែរឡូត៖ 

គួររំលឹកផងដែរថា ប៉ាគីអ៉ាវ ថាស្រលាញ់កម្ពុជា និងមានគម្រោងមកកាន់កម្ពុជាជាលើកទី២។ កាលពីវេលាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ លោក រ៉ូឌ្រីកូ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន រួមដំណើរដោយកំពូលអ្នកប្រដាល់លំដាប់ពិភពលោក ម៉េនី ប៉ាគីអ៉ាវ បានមកដល់កម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ ដោយមានការចោមរោម និងអមដំណើរពីអ្នកគាំទ្រខ្មែរយ៉ាងច្រើនកុះករ។

វត្តមានលើកនេះរបស់ប៉ាគីអាវនៅកម្ពុជា លោកមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ជួបជាមួយអ្នកគាំទ្រ និងសម្ភាសន៍ជាមួយអ្នកកាសែតនោះទេ ប៉ុន្តែលោកមានឱកាសបន្តិចដែរឆ្លើយតបនឹងសំនួរមួយចំនួនរបស់អ្នកកាសែត។ ប៉ាគីអាវ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្នុងខ្លឹមសារថាលោកស្រលាញ់កម្ពុជា និងគ្រោងចុះមកជាលើកទី២ជាថ្មីម្តងទៀត។ លោកបញ្ជាក់ថា លោកចាប់អារម្មណ៍ចំពោះកម្ពុជា ទើបលោកសម្រេចចិត្តអមដំណើរប្រធានាធិបតីហ្វីលីពីន មកកាន់កម្ពុជាលើកនេះ។ ហើយលោកក៏មានគម្រោងមកកាន់កម្ពុជាជាថ្មីផងដែរ ដើម្បីមានឱកាសបានស្គាល់កម្ពុជាបានកាន់តែច្រើន។ នេះបើយោងតាមសម្រង់សម្តីពីប្រភពព័ត៌មានវីអូឌី។

គួរបញ្ជាក់ថា សម្រាប់ពេលនេះប៉ាគីអាវ មានកិច្ចការរាប់មិនអស់ត្រូវបំពេញមិនទាន់អាចដកឃ្លារួច។ ចំពោះគម្រោងចុះមកកាន់កម្ពុជាលើកទី២ របស់ប៉ាគីអ៉ាវ លោកប្រាប់ថានឹងមានលក្ខណៈកម្សាន្តឯកជន និងទេសចរណ៍។ តែទោះយ៉ាងណា លោកមិនទាន់អាចកំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]