ភ្នំពេញ៖ កាលពីវេលាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ លោក រ៉ូឌ្រីកូ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន រួមដំណើរដោយកំពូលអ្នកប្រដាល់លំដាប់ពិភពលោក ម៉េនី ប៉ាគីអ៉ាវ បានមកដល់កម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ ដោយមានការចោមរោម និងអមដំណើរពីអ្នកគាំទ្រខ្មែរយ៉ាងច្រើនកុះករ។

វត្តមានលើកនេះរបស់ប៉ាគីអាវនៅកម្ពុជា លោកមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ជួបជាមួយអ្នកគាំទ្រ និងសម្ភាសន៍ជាមួយអ្នកកាសែតនោះទេ ប៉ុន្តែលោកមានឱកាសបន្តិចដែរឆ្លើយតបនឹងសំនួរមួយចំនួនរបស់អ្នកកាសែត។ ប៉ាគីអាវ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្នុងខ្លឹមសារថាលោកស្រលាញ់កម្ពុជា និងគ្រោងចុះមកជាលើកទី២ជាថ្មីម្តងទៀត។ លោកបញ្ជាក់ថា លោកចាប់អារម្មណ៍ចំពោះកម្ពុជា ទើបលោកសម្រេចចិត្តអមដំណើរប្រធានាធិបតីហ្វីលីពីន មកកាន់កម្ពុជាលើកនេះ។ ហើយលោកក៏មានគម្រោងមកកាន់កម្ពុជាជាថ្មីផងដែរ ដើម្បីមានឱកាសបានស្គាល់កម្ពុជាបានកាន់តែច្រើន។ នេះបើយោងតាមសម្រង់សម្តីពីប្រភពព័ត៌មានវីអូឌី

គួរបញ្ជាក់ថា សម្រាប់ពេលនេះប៉ាគីអាវ មានកិច្ចការរាប់មិនអស់ត្រូវបំពេញមិនទាន់អាចដកឃ្លារួច។ ចំពោះគម្រោងចុះមកកាន់កម្ពុជាលើកទី២ របស់ប៉ាគីអ៉ាវ លោកប្រាប់ថានឹងមានលក្ខណៈកម្សាន្តឯកជន និងទេសចរណ៍។ តែទោះយ៉ាងណា លោកមិនទាន់អាចកំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ៕

កំណត់ហេតុខ្មែរឡូត៖

នៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងអញ្ជើញចូលជួបបង្គំគាល់ និងសវនាការជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ លុះដល់ពេលរសៀលលោកប្រធានាធិបតី នឹងចូលជួប​សំណេះសំណាល​ពិភាក្សាការងារជាមួយ​​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមាន​សន្តិភាព។

លោកប្រធានាធិបតីហ្វីលីពីន ព្រមទាំងគណៈប្រតិភូ នឹងត្រឡប់ចាកចេញពីប្រទេសកម្ពុជាវិញ នៅវេលាម៉ោងប្រមាណ៩៖៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ឆ្ពោះទៅប្រទេសសិង្ហបុរី។ ប៉ុន្តែមុនចាកចេញពីកម្ពុជា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏នឹងអញ្ជើញចូលរួមពិធីលាងសាយភោជ ដែលរៀបចំឡើងនៅក្នុងព្រះបរមរាជវាំងផងដែរ។

សូមជំរាបថា លោក រ៉ូឌ្រីកូ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន និងកំពូលអ្នកប្រដាល់ ប៉ាគីអាវ បានមកដល់កម្ពុជានៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ដោយមានការទទួល ស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និង លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត។

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានមានជួបសំណេះសំណាល​ជាមួយប្រជាពលរដ្ឋ​ហ្វីលីពីន ដែលកំពុងរស់នៅកម្ពុជាជាច្រើនរយនាក់ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញទីដែលលោកប្រធានាធិបតីស្នាក់នៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]