ភ្នំពេញ៖ ស្តេចប្រដាល់មួយរូបសញ្ជាតិហ្វីលីពីន ដែលប្រិយមិត្តអ្នកស្នេហា ទៅលើវិស័យកីឡាប្រដាល់ ប្រហែលជាស្គាល់គាត់ហើយថាជាអ្នកណា គឺលោក Manny Pacquiao បានធ្វើដំណើរទស្សនកិច្ចមកប្រទេសកម្ពុជា ជាមួយលោកប្រធានាធិបតីហ្វីលីពីន ដែលកំពុងប្រយុទ្ធប្រឆាំងស៊ីសាច់ហុតឈាម ឧស្សាហកម្មគ្រឿងញៀនគឺលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte)។

ក្នុងដំណើរទស្សនកិច្ច ដែលមកដល់កម្ពុជានាល្ងាចថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៦ នេះ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ និងស្តេចប្រដាល់ Manny Pacquiao បានធ្វើដំណើរទៅសម្រាកនៅឯសណ្ឋាគារ Sofitel ក្រោមការអមដំណើរពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញរិទ្ឋ និងគណៈប្រតិភូផ្សេងទៀតផងដែរ។

លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ
Manny Pacquiao

ខាងក្រោមជារូបភាពខ្លះៗ ដែលលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ និងស្តេចប្រដាល់ Manny Pacquiao បានមកដល់ទឹកដីកម្ពុជា ក្នុងសណ្ឋាគារ Sofitel៖

កំណត់ត្រាខ្មែរឡូត៖

នៅថ្ងៃបន្ទាប់គឺថ្ងៃទី១៤ ខែធ្នូពេលព្រឹកលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងចូលជួបបង្គំគាល់ និងសវនាការជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ លុះពេលរសៀលលោកប្រធានាធិបតី នឹងចូលជួបសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅវិមានសន្តិភាព។

លោកប្រធានាធិបតីហ្វីលីពិន នឹងត្រឡប់ចាកចេញពីប្រទេសកម្ពុជាវិញ នៅវេលាម៉ោងប្រមាណ ៩៖៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ឆ្ពោះទៅប្រទេសសិង្ហបុរី។ ប៉ុន្តែមុនចាកចេញពីកម្ពុជា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏នឹងអញ្ជើញចូលរួមពិធីលាងសាយភោជ ដែលរៀបចំឡើងនៅក្នុងព្រះបរមរាជវាំងផងដែរ។

បើតាមការចេញផ្សាយរបស់ព័ត៌មានបរទេស ដែលបានដកស្រង់សម្តីរបស់មន្រ្តីក្រសួងការបរទេសហ្វីលីពិន បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់លោក ឌូតឺតេ នៅកម្ពុជានេះ លោកអាចនឹងលើកយកបញ្ហាសមុទ្រចិនខាងត្បូង មកជជែកពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា លោក ឌូតឺតេ បានក្លាយជាប្រធានាធិបតីទី១៦ របស់ហ្វីលីពិន និងបានឡើងកាន់អំណាចនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅវិមាន Malacanang ក្នុងរដ្ឋធានីម៉ានីល បន្ទាប់ពីលោកបានជាប់ឆ្នោតកាលពីថ្ងៃទី០៩ ខែឧសភា ដោយទទួលបានសំឡេងគាំទ្រជាង ១៦លាននាក់ លើគូប្រកួតប្រជែងម្នាក់ទៀតគឺលោក Manel Roxas ដែលបានទទួលតែ ៧លានសំឡេងប៉ុណ្ណោះ។

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានក្លាយជាប្រធានាធិបតី ដ៏ល្បាញល្បីមួយរូបនៅតំបន់អាស៊ី ដោយការដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងលើបញ្ហាគ្រឿងញៀន ដែលបាន ចាក់ស្រេះក្នុងប្រទេស​អស់ជាច្រើន​ទស្សវត្សរ៍​មកហើយនោះ។ លោកបានប្រកាសបាញ់សម្លាប់រាល់ជនជួញដូរគ្រឿងញៀន ដោយមិនខ្លាចការរិះគន់លើ បញ្ហាសិទ្ធិមនុស្សនោះឡើយ ដែលជាហេតុធ្វើឲ្យពលរដ្ឋហ្វីលីពិន ពេញចិត្តពេញថ្លើមជាខ្លាំង។

អ្វីដែលនាំឲ្យពិភពលោកចាប់អារម្មណ៍ខ្លាំង ជាមួយប្រធានាធិបតីរូបនេះដែរនោះ គឺការផ្លាស់ប្តូររបត់នយោបាយ ក្នុងបញ្ហាសមុទ្រចិនខាងត្បូង ដោយបានងាកពីការគាំទ្រ ប្រទេសអាមេរិក មកគាំទ្រប្រទេសចិនជាគូជម្លោះទៅវិញ។ លោកប្រធានាធិបតីរូបនេះ ក៏ធ្វើឲ្យពិភពលោកចាប់អារម្មណ៍ខ្លាំងផងដែរ តាមរយៈប្រើសម្តីមិនសំចៃមាត់ក្នុង ការរិះគន់លើគោលនយោបាយ និងជេរប្រមាថប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]