(ភ្នំពេញ)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលអមដំណើរដោយកីឡាករប្រដាល់ពិភពលោកដ៏ល្បាញល្បីលោក ម៉ែននី ប៉ាគីវអាវ ផងនោះ នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ៥៖៥០នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ស្អែកនេះ។ នេះបើយោងតាមការបញ្ជាក់ពី មន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានឲ្យដឹងទៀតថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងសម្រាកមួយយប់នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។ ក្នុងពេលស្នាក់នៅនោះ ក៏មានការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋហ្វីលីពិន ដែលកំពុងរស់នៅកម្ពុជាផងដែរ។

នៅថ្ងៃបន្ទាប់គឺថ្ងៃទី១៤ ខែធ្នូ ពេលព្រឹកលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងចូលជួបបង្គំគាល់ និងសវនាការជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ លុះពេលរសៀលលោកប្រធានាធិបតី នឹងចូលជួបសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅវិមានសន្តិភាព។

លោកប្រធានាធិបតីហ្វីលីពិន នឹងត្រឡប់ចាកចេញពីប្រទេសកម្ពុជាវិញ នៅវេលាម៉ោងប្រមាណ ៩៖៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ឆ្ពោះទៅប្រទេសសិង្ហបុរី។ ប៉ុន្តែមុនចាកចេញពីកម្ពុជា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏នឹងអញ្ជើញចូលរួមពិធីលាងសាយភោជ ដែលរៀបចំឡើងនៅក្នុងព្រះបរមរាជវាំងផងដែរ។

បើតាមការចេញផ្សាយរបស់ព័ត៌មានបរទេស ដែលបានដកស្រង់សម្តីរបស់មន្រ្តីក្រសួងការបរទេសហ្វីលីពិន បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់លោក ឌូតឺតេ នៅកម្ពុជានេះ លោកអាចនឹងលើកយកបញ្ហាសមុទ្រចិនខាងត្បូង មកជជែកពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា លោក ឌូតឺតេ បានក្លាយជាប្រធានាធិបតីទី១៦ របស់ហ្វីលីពិន និងបានឡើងកាន់អំណាចនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅវិមាន Malacanang ក្នុងរដ្ឋធានីម៉ានីល បន្ទាប់ពីលោកបានជាប់ឆ្នោតកាលពីថ្ងៃទី០៩ ខែឧសភា ដោយទទួលបានសំឡេងគាំទ្រជាង ១៦លាននាក់ លើគូប្រកួតប្រជែងម្នាក់ទៀតគឺលោក Manel Roxas ដែលបានទទួលតែ ៧លានសំឡេងប៉ុណ្ណោះ។

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានក្លាយជាប្រធានាធិបតី ដ៏ល្បាញល្បីមួយរូបនៅតំបន់អាស៊ី ដោយការដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងលើបញ្ហាគ្រឿងញៀន ដែលបាន ចាក់ស្រេះក្នុងប្រទេស​អស់ជាច្រើន​ទស្សវត្សរ៍​មកហើយនោះ។ លោកបានប្រកាសបាញ់សម្លាប់រាល់ជនជួញដូរគ្រឿងញៀន ដោយមិនខ្លាចការរិះគន់លើ បញ្ហាសិទ្ធិមនុស្សនោះឡើយ ដែលជាហេតុធ្វើឲ្យពលរដ្ឋហ្វីលីពិន ពេញចិត្តពេញថ្លើមជាខ្លាំង។

អ្វីដែលនាំឲ្យពិភពលោកចាប់អារម្មណ៍ខ្លាំង ជាមួយប្រធានាធិបតីរូបនេះដែរនោះ គឺការផ្លាស់ប្តូររបត់នយោបាយ ក្នុងបញ្ហាសមុទ្រចិនខាងត្បូង ដោយបានងាកពីការគាំទ្រ ប្រទេសអាមេរិក មកគាំទ្រប្រទេសចិនជាគូជម្លោះទៅវិញ។ លោកប្រធានាធិបតីរូបនេះ ក៏ធ្វើឲ្យពិភពលោកចាប់អារម្មណ៍ខ្លាំងផងដែរ តាមរយៈប្រើសម្តីមិនសំចៃមាត់ក្នុង ការរិះគន់លើគោលនយោបាយ និងជេរប្រមាថប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ នៅលើទំព័រ Facebook របស់លោក កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ កន្លងទៅនេះថា «លោកប្រធានាធិបតីហ្វីលីពីន ឌុយទែកតេ ល្បីហើយ តែពេលមកកម្ពុជា គាត់នាំអ្នកល្បីមួយទៀតមកជាមួយ គឺព្រឹទ្ធសមាជិក ប៉ាគីវ អ្នកប្រដាល់ល្បីឈ្មោះពិភពលោក ។ ពិតជាគណៈប្រតិភូល្បីល្បាញមែនហើយលើកនេះ ហើយជាការរីករាយមួយសំរាប់កម្ពុជាផងដែរ»។

សូមបញ្ជាក់ថា លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន ហៅបុរសខ្លាំងហ្វីលីពីន នឹងមកបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ នៅប្រទេសកម្ពុជា នាថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។ តាមសេចក្តីប្រកាសរបស់ក្រសួងការបទេសកម្ពុជា បានឱ្យដឹងថា ទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ។

ក្រសួងការបទេសកម្ពុជា បានបញ្ជាក់ថា អំឡុងទស្សនកិច្ច នៅកម្ពុជារយៈពេល២ថ្ងៃខាងមុខនេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ និងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ បន្ទាប់ពីនោះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ រួមមាន អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និង អនុស្សារណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡា។

សូមបញ្ជាក់ថា នេះគឺជាទស្សនកិច្ចលើកដំបូងហើយ របស់បុរសខ្លាំងហ្វីលីពីន លោក ឌូតឺតេ ដែលបានមកជួបបុរសខ្លាំងនៅក្នុងទឹកដីប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាសប្តាហ៍ក្រោយនេះ បន្ទាប់ពីលោកឡើងកាន់តំណែងជាប្រធានាធិបតី រយៈពេលជាងកន្លះឆ្នាំមកនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]