ចិន៖ ទីភ្នាក់ងារសារព័ត៌មានស៊ីស៊ីធីវី បានចុះផ្សាយ កាលពីម្សិលទី០៧ ធ្នូ ឆ្នាំ២០១៦ថា ភ្ញៀវទេសចររាប់ពាន់នាក់ នាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានប្រទះឃើញ បុរសវ័យចំណាស់ដ៏គួរឲ្យគោរពម្នាក់ ផ្លុំខ្លុយឫស្សីយក្សមានប្រវែងវែង យ៉ាងគ្រលួចនិងពិរោះរណ្តំ លើកំពូលភ្នំ Baiyun Mountain ក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន។

រូបភាពជាច្រើនសន្លឹក របស់លោកតា Liang Yaliu មានវ័យ៦៧ឆ្នាំ បច្ចុប្បន្នគឺកំពុងតែទទួលបាន ការចាប់អារម្មណ៍ ពីសំណាក់មហាជនទូទៅជាច្រើន លើបណ្តាញសង្គម។ ដោយក្នុងនោះគេឃើញថា លោតាបានដាក់ខ្លុយយក្ស ដែលធ្វើពីឫស្សីប្រវែងវែង ដាក់គងលើស្មារបស់គាត់ ជាមួយនឹងកាយវិការម្រាមដៃ យ៉ាងទន់ភ្លន់ប្រគំលេង អង្រួនចិត្តភ្ញៀវទេសចរជាច្រើន ដែលបានអញ្ជើញមកទស្សនាកម្សាន្ត នៅទីតាំងភ្នំ Baiyun ខាងលើនេះ និងថែមទាំងសុំថតរូបរបស់លោកតា ជាច្រើនហូរហែរទៀតផងដែរ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ខ្លុយដែលធ្វើពីឫស្សីនេះដែរ មានប្រវែងរហូតដល់ទៅ ១,៣ម៉ែត្រ ដែលវាគឺត្រូវបានច្នៃប្រឌិតធ្វើឡើង ដោយស្នាដៃរបស់លោកតា Liang ផ្ទាល់តែម្តង។ ពោល តាំងពីមុនលោកតា ចូលនិវត្តន៍មកម្ល៉េះ។ លោកតា Liang មានប្រសាសន៍ឲ្យដឹងថា តន្រ្តីតែងតែផ្តល់ឲ្យគាត់ទទួលបាន នូវអារម្មណ៍ស្រស់ថ្លា ហើយរូបគាត់ក៏រីករាយ ក្នុងការច្នៃបង្កើតវាឡើង និងយកមកប្រគំលេង ស្ថិតក្នុងបរិយាកាសដ៏ស្រគត់ស្រគំមួយ ដើម្បីបំពេរអារម្មណ៍ ដូចជានៅលើកំពូលភ្នំ Baiyun Moungtain នេះ ឬនៅតំបន់កម្សាន្ត ក្បែរបឹងឧទ្យាន Liwan-Lake Park ជាដើមផងដែរ ៕

ប្រភព៖ CCTV

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកមួយវិញទៀត អស្ចារ្យមែន! លោកគ្រូជើងចាស់ ចេះរកឃើញរូបមន្តពិសេស ច្នៃលាមកសត្វខ្លាឃ្មុំ ធ្វើជាក្រដាសសរសេរបាន។

អតីតគ្រូបង្រៀននៅតាមជនបទ ជនជាតិចិនម្នាក់ ថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើរូបមន្តដ៏ពិសេស និងប្លែក នៃរបៀបច្នៃបង្កើតចេញជា សន្លឹកក្រដាសសរសេរបានយ៉ាងស្រស់ស្អាត ដែលធ្វើឡើងចេញពីលាមកសត្វខ្លាឃ្មុំ។ នេះបើយោងតាមសារព័ត៌មាន សៀងហៃ បានចេញផ្សាយកាលពីថ្ងៃអង្គារ ទី២២ វិច្ឆិកា ២០១៦។

លោកគ្រូចូលនិវត្តន៍ដ៏មានស្នាដៃ និងគំនិតច្នៃប្រឌិតរូបនេះមានឈ្មោះថា Liu Xiaodong ជាអ្នកស្រុក Zhouzi ខេត្ត Shaanxi។ លោកគ្រូ Liu ឲ្យដឹងថា លោកផលិតសន្លឹកក្រដាសដែលធ្វើឡើងពីលាមកសត្វខ្លាឃ្មុំ លាយជាមួយសំបកឈើ (ដើមមន) និងដើមវល្លិគីវី។ រូបមន្តគ្រឿងផ្សំដ៏ពិសេសនេះដែរ វាពិតជាមិនពិបាករកទេសម្រាប់លោក​ ព្រោះជាក់ស្តែងនៅក្នុងតំបន់ដែលលោករស់នៅ សុទ្ធសឹងតែមានរបស់ទាំងបីយ៉ាងនេះស្រាប់។

លោកគ្រូ Liu បានចំណាយប្រាក់សន្សំជាច្រើន សុខចិត្តបណ្តាក់ទុនទិញរបស់របរសម្ភារ ដើម្បីសាកល្បងធ្វើក្រដាសនេះឡើងទាំងប្រថុយប្រថាន ដោយចំណាយរយៈពេលជាង២ឆ្នាំមកហើយ ទើបសម្រេចបានជោគជ័យមកទល់ពេលនេះ ព្រោះថានេះគឺជាក្តីស្រមៃដ៏ធំធេងមួយសម្រាប់លោក ដោយបានព្យាយាម១០ដងរួចមកហើយ ចាប់តាំងពីមុនពេលមិនទាន់ចូលនិវត្តន៍មកម្ល៉េះ។

បច្ចុប្បន្នអតីតគ្រូបង្រៀនឆ្នើមរូបនេះ បានបើកជាសិក្ខាសាលាមួយ សម្រាប់សិស្សនិស្សិតដែលមានបំណងចង់សិក្សាស្រាវជ្រាវបន្ថែម ដោយរូបលោកបានបង្ហាញពីវិធីសាស្រ្ត ក៏ដូចជាវត្ថុធាតុដើម ដែលអាចយកមកច្នៃ ក្នុងការបង្កើតចេញជាក្រដាសសរសេរនេះឡើង។ សម្រាប់គោលបំណង នៃការបើកសិក្ខាសាលានេះដែរ គឺដោយសារតែលោកគ្រូ Liu ចង់ផ្ទេរចំណេះដឹង និងបច្ចេកទេស ដែលលោកមាន ទៅដល់អ្នកជំនាន់ក្រោយ ដើម្បីបន្តការងារមួយនេះ នៅពេលដែលលោកឃ្លាតចាកលោកនេះទៅ។

ជួបជាមួយអ្នកយកព័ត៌មាន អតីតគ្រូបង្រៀនរូបនេះ ​បានពន្យល់ប្រាប់ពីអាថ៌កំបាំង នៅពីក្រោយការបង្កើតសន្លឹកក្រដាសសរសេរដ៏ស្រស់ស្អាតនេះថា មូលហេតុដែលជ្រើសរើសយកលាមកសត្វខ្លាឃ្មុំ ដោយសាររបបអាហារសំខាន់របស់សត្វខ្លាំឃ្មុំផេនដា គឺដើមឫស្សី។ ដូច្នេះមានន័យថា លាមករបស់វា គឺមានជាតិសរសៃខ្ពស់ ដែលគេអាចយកមកច្នៃធ្វើជាក្រដាសបាន។

គួរឲ្យដឹងដែរថា ជាតិសរសៃកាន់តែខ្ពស់ ដែលមានផ្ទុកនៅក្នុងក្រដាស កាន់តែធ្វើឲ្យផ្ទៃសាច់របស់ក្រដាសភ្លឺរលោង ជាមួយនឹងពណ៌ស្រស់ស្អាតផងដែរ។ លើសពីនេះ វាថែមទាំងមានក្លិនក្រអូប ដែលស្រដៀងទៅនឹងឫស្សីថែមទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]