ចិន៖ អតីតគ្រូបង្រៀននៅតាមជនបទ ជនជាតិចិនម្នាក់ ថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើរូបមន្តដ៏ពិសេស និងប្លែក នៃរបៀបច្នៃបង្កើតចេញជា សន្លឹកក្រដាសសរសេរបានយ៉ាងស្រស់ស្អាត ដែលធ្វើឡើងចេញពីលាមកសត្វខ្លាឃ្មុំ។ នេះបើយោងតាមសារព័ត៌មាន សៀងហៃ បានចេញផ្សាយកាលពីថ្ងៃអង្គារ ទី២២ វិច្ឆិកា ២០១៦។

លោកគ្រូចូលនិវត្តន៍ដ៏មានស្នាដៃ និងគំនិតច្នៃប្រឌិតរូបនេះមានឈ្មោះថា Liu Xiaodong ជាអ្នកស្រុក Zhouzi ខេត្ត Shaanxi។ លោកគ្រូ Liu ឲ្យដឹងថា លោកផលិតសន្លឹកក្រដាសដែលធ្វើឡើងពីលាមកសត្វខ្លាឃ្មុំ លាយជាមួយសំបកឈើ (ដើមមន) និងដើមវល្លិគីវី។ រូបមន្តគ្រឿងផ្សំដ៏ពិសេសនេះដែរ វាពិតជាមិនពិបាករកទេសម្រាប់លោក​ ព្រោះជាក់ស្តែងនៅក្នុងតំបន់ដែលលោករស់នៅ សុទ្ធសឹងតែមានរបស់ទាំងបីយ៉ាងនេះស្រាប់។

លោកគ្រូ Liu បានចំណាយប្រាក់សន្សំជាច្រើន សុខចិត្តបណ្តាក់ទុនទិញរបស់របរសម្ភារ ដើម្បីសាកល្បងធ្វើក្រដាសនេះឡើងទាំងប្រថុយប្រថាន ដោយចំណាយរយៈពេលជាង២ឆ្នាំមកហើយ ទើបសម្រេចបានជោគជ័យមកទល់ពេលនេះ ព្រោះថានេះគឺជាក្តីស្រមៃដ៏ធំធេងមួយសម្រាប់លោក ដោយបានព្យាយាម១០ដងរួចមកហើយ ចាប់តាំងពីមុនពេលមិនទាន់ចូលនិវត្តន៍មកម្ល៉េះ។

បច្ចុប្បន្នអតីតគ្រូបង្រៀនឆ្នើមរូបនេះ បានបើកជាសិក្ខាសាលាមួយ សម្រាប់សិស្សនិស្សិតដែលមានបំណងចង់សិក្សាស្រាវជ្រាវបន្ថែម ដោយរូបលោកបានបង្ហាញពីវិធីសាស្រ្ត ក៏ដូចជាវត្ថុធាតុដើម ដែលអាចយកមកច្នៃ ក្នុងការបង្កើតចេញជាក្រដាសសរសេរនេះឡើង។ សម្រាប់គោលបំណង នៃការបើកសិក្ខាសាលានេះដែរ គឺដោយសារតែលោកគ្រូ Liu ចង់ផ្ទេរចំណេះដឹង និងបច្ចេកទេស ដែលលោកមាន ទៅដល់អ្នកជំនាន់ក្រោយ ដើម្បីបន្តការងារមួយនេះ នៅពេលដែលលោកឃ្លាតចាកលោកនេះទៅ។

ជួបជាមួយអ្នកយកព័ត៌មាន  អតីតគ្រូបង្រៀនរូបនេះ ​បានពន្យល់ប្រាប់ពីអាថ៌កំបាំង នៅពីក្រោយការបង្កើតសន្លឹកក្រដាសសរសេរដ៏ស្រស់ស្អាតនេះថា មូលហេតុដែលជ្រើសរើសយកលាមកសត្វខ្លាឃ្មុំ ដោយសាររបបអាហារសំខាន់របស់សត្វខ្លាំឃ្មុំផេនដា គឺដើមឫស្សី។  ដូច្នេះមានន័យថា លាមករបស់វា គឺមានជាតិសរសៃខ្ពស់ ដែលគេអាចយកមកច្នៃធ្វើជាក្រដាសបាន។

គួរឲ្យដឹងដែរថា ជាតិសរសៃកាន់តែខ្ពស់ ដែលមានផ្ទុកនៅក្នុងក្រដាស កាន់តែធ្វើឲ្យផ្ទៃសាច់របស់ក្រដាសភ្លឺរលោង ជាមួយនឹងពណ៌ស្រស់ស្អាតផងដែរ។ លើសពីនេះ វាថែមទាំងមានក្លិនក្រអូប ដែលស្រដៀងទៅនឹងឫស្សីថែមទៀតផង៕

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]