បរទេស៖ ក្រុមហ៊ុន Amazon បានដាក់បង្ហាញកាលពីថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ នូវចក្ខុវិស័យថ្មីរបស់ខ្លួន សម្រាប់អនាគតនៃហាងលក់គ្រឿងទេស និងហាងលក់រាយទូទៅទាំងអស់ ដែលជាហាងឆ្លាតវ័យ អាចដឹងនៅពេលដែលអ្នកជ្រើសរើសទំនិញណាមួយ ហើយគិតប្រាក់ពីអ្នកដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកចាកចេញពីហាង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider។

ហាងឆ្លាតវ័យមួយនេះ មិនមានអ្នកគិតលុយ មិនមានការចុះឈ្មោះ ហើយក៏មិនមានការតម្រង់ជួររង់ចាំគិតលុយ យ៉ាងឈឺក្បាលនោះដែរ។ គំនិតថ្មីនេះ មានឈ្មោះថា អាម៉ាហ្សូន ហ្គូ "Amazon Go" វាមានភាពវ័យឆ្លាតខ្លាំងណាស់ ដោយសារតែវាបានលុបបំបាត់នូវទិដ្ឋភាពអាក្រក់បំផុតនៃបទពិសោធន៍ទិញទំនិញ នៅហាងលក់គ្រឿងទេស ដោយត្រូវឈរតម្រង់ជួររង់ចាំនោះ។

សាកគិតពីហាងទំនិញណាមួយដែលអ្នកធ្លាប់បានទៅ វាអាចជាភាពសប្បាយរីករាយ នៅពេលដែលមើលឃើញអាហារទាំងអស់នៅក្នុងហាង ដើររក និងរើសរបស់ដែលអ្នកត្រូវការដាក់ចូលក្នុងកន្ត្រក់ វាហាក់ដូចជាការផ្សងព្រេងមួយអញ្ចឹង។ ប៉ុន្តែបទពិសោធន៍នៃការទិញអាហារក្នុងផ្សារទំនើបទាំងនោះ ស្ទើរតែប្រែម្ហូបឲ្យទៅជាជូរផ្អូុមអស់ទៅហើយ នៅពេលដែលអ្នកទៅដល់កន្លែងតម្រង់ជួរគិតលុយ។ 

បើទោះជាពេលខ្លះមិនមានអ្នកចាំតម្រង់ជួរគិតលុយក៏ដោយ ដំណើរការគិតលុយក៏នៅតែយឺត ដោយសារតែអ្នកត្រូវតែពិនិត្យមើលទំនិញ ដែលអ្នកបានរើសសាជាថ្មីម្តងទៀត ខណៈអ្នកគិតលុយកំពុងតែស្គែនទំនិញរបស់អ្នក។ បន្ទាប់មកអ្នកត្រូវបង់លុយ ចុះហត្ថលេខាលើវិក្កយបត្រជាដើម និងចុងក្រោយត្រូវរង់ចាំគេច្រកទំនិញចូលក្នុងថង់ទៀត។

រឿងទាំងអស់នេះគឺត្រូវចំណាយពេលច្រើនណាស់ ហើយត្រូវរង់ចាំយូរ និងពិតជាធុញទ្រាន់មែនទែន។ ទាំងនេះហើយជាហេតុផលដែលក្រុមហ៊ុន Amazon បានបង្កើត អាម៉ាហ្សូន ហ្គូ "Amazon Go" ហើយបទពិសោធន៍ថ្មី នៃការទិញទំនិញទាំងអស់ គឺស្ថិតនៅលើទូរស័ព្ទដៃរបស់អ្នក។

លោកអ្នកគ្រាន់តែទាញយកកម្មវិធី Amazon Go ដាក់ចូលទៅក្នុងទូរស័ព្ទ មុនពេលទៅហាងវ័យឆ្លាត បន្ទាប់មកធ្វើការស្គែន QR កូដ ដើម្បីអាចចូលទៅក្នុងហាង ហើយនៅពេលនោះ ហាងវ័យឆ្លាតនឹងធ្វើការត្រួតពិនិត្យទៅលើទំនិញដែលអ្នកបានជ្រើសរើស ហើយធ្វើការទូទាត់ប្រាក់តាមរយៈ គណនី Amazon នៅពេលដែលអ្នកដើរចេញពីក្នុងហាង។

តែទោះជាយ៉ាងណា ក៏មានសំណួរជាច្រើនពាក់ព័ន្ធនឹង ហាងវ័យឆ្លាត Amazon Go ដូចជា “តើហាងនេះអាចដឹងថាអ្នកមិនបានទិញទំនិញណាមួយដោយរបៀបណា ប្រសិនបើអ្នកមិនបានដាក់ទំនិញទាំងនោះទៅវិញចំកន្លែងដែលអ្នកបានយកវាមក” ជាដើម។

ទោះជាយ៉ាងណា បទពិសោធន៍ថ្មីនៃការទិញទំនិញ ដោយមិនមានការតម្រង់ជួររង់ចាំគិតលុយនេះ អាចជាគំនិតដ៏ល្អមួយសម្រាប់ពេលបច្ចុប្បន្ននេះ។

ក្រុមហ៊ុន Amazon បាននិយាយថា ហាងលក់គ្រឿងទេសវ័យឆ្លាត របស់ខ្លួនដំបូងបំផុត នឹងបើកនៅក្នុងទីក្រុង Seattle រដ្ឋ Washington នាឆ្នាំ ២០១៧ខាងមុខនេះហើយ៕ 

ប្រភព៖ Insider Business

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]