អេស្ប៉ាញ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយពីលទ្ធផលនៃការប្រកួតដ៏ធំ ក្នុងក្របខ័ណ្ឌលីកអេស្ប៉ាញ La Liga កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ រវាងក្រុមម្ចាស់ផ្ទះ Barcelona និង Real Madrid ដែលបញ្ចប់ទៅក្នុងលទ្ធផល ១-១។

ការប្រកួតដ៏ធំនេះ មានអ្នកតាមដានទស្សនារាប់លាននាក់ទូទាំងពិភពលោក ពីព្រោះ ក្លិបទាំង២ សុទ្ធតែជាក្លិបកំពូល មិនតែប៉ុណ្ណោះសូម្បីតែកីឡាករក៏សុទ្ធតែល្អៗផងដែរ ជាពិសេស Messi ដែលត្រូវប្រឈមមុខនឹង Cristiano Ronaldo ។

តែយ៉ាងណាមិញ ទាក់ទងនឹងកីឡាករកំពូលទាំង២រូបនេះ ទាំង Messi និង Ronaldo បានធ្វើឲ្យអ្នកគាំទ្រក្រុមសងខាងមានក្តីរំភើបយ៉ាងខ្លាំង ជាមួយនឹងរូបថតដ៏កម្រជាច្រើនសន្លឹក ដែលពួកគេឈរក្បែរគ្នា ក្នុងជំនួបរវាងក្រុមទាំង២នេះ។ 

លើសពីនេះទៀត រូបភាពទាំងអស់នេះ ក៏បានធ្វើឲ្យ អ្នកគាំទ្រមួយចំនួនដែលធ្លាប់តែឈ្លោះគ្នា ទាស់សម្តីគ្នាដោយសារ កីឡាករទាំង២រូបនេះ បានស្ងាត់មាត់វិញផងដែរ ហើយថែមទាំង សរសើរ និងបង្ហាញនូវក្តីគោរពចំពោះរូបភាពទាំងនេះទៀតផង។

ជាការពិតណាស់ កីឡាករទាំង២ សុទ្ធតែល្អៗ និងមានចំនុចខ្លាំងរៀងៗខ្លួន ដូច្នេះហើយទើបធ្វើឲ្យអ្នកគាំទ្រតំណាងកីឡាករនីមួយៗ តែងតែអួតគ្នា ធ្វើឲ្យបង្ករជាទំនាស់ពាក្យសម្តី។ តែយ៉ាងណាមិញ ក៏មានអ្នកគាំទ្រមួយភាគធំផងដែរ ចូលចិត្តពួកគេ ហើយថែមទាំងនាំគ្នា គិតថា សំណាងហើយដែលបានកីឡាករកំពូលទាំង២រូប លេងក្នុងជំនាន់នេះ ព្រោះយើងមិនអាចប្រាកដថា ថ្ងៃអនាគតទៅ មានកីឡាករល្អ ដូចជាពួកគេទាំង២ ឬយ៉ាងណានោះទេ៕

ចុះសម្រាប់ប្រិយមិត្តវិញ យល់ឃើញយ៉ាងណាដែរ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា ជំនួបរវាងក្រុមយក្សទាំង២នៅអេស្ប៉ាញ ឬត្រូវបានគេស្គាល់ថា ការប្រកួត El Clasico រវាងក្រុម Barcelona និង Real Madrid បានបញ្ចប់ទៅក្នុងលទ្ធផល ១-១ កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ ។

នេះជាការប្រកួតជើងទីមួយនៅរដូវកាលនេះ ដែលបានប្រព្រឹត្តឡើងនៅក្នុងទឹកដី Camp Nou របស់ Barcelona ដោយមានអ្នកចូលរួមទស្សនាផ្ទាល់ជិត១០មឺុននាក់នៅក្នុងកីឡដ្ឋាន មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រជាច្រើនលាននាក់ ទូទាំងពិភពលោក ចាំទស្សនាការប្រកួតដ៏ធំនេះផងដែរ។

គួរបញ្ជាក់ផងដែរថា ខ្សែបំរើខ្ញីចាស់របស់ Barcelona កីឡាករ Andre Iniesta បានជារបួសទាន់ពេលវេលាអាចចូលលេងវិញបាន ខណៈ Bale និង Toni Kroos មិនអាចជួយក្រុមបានដោយសាររបួស តែយ៉ាងណាក៏ដោយ Real Madrid ក៏នៅតែមានកីឡាករល្អៗសម្រាប់ជំនួសផងដែរ។

ទាក់ទងនឹងការប្រកួតនេះ នៅក្នុងតង់ទី១ ក្រុមទាំងពីរសុទ្ធតែមានឱកាសវាយបកសម្រុកគ្នាទៅវិញទៅមក ខណៈ Real ជាអ្នកមានឱកាសស៊ុតច្រើនជាង ប៉ុន្តែគ្មានសំណាងអាចទម្លាយសំណាញ់ទីបាន។ ចំនែកឯ Barcelona វិញ អាចគ្រប់គ្រងស្ថានភាពបានល្អក្នុងតង់ទីមួយ ដោយសារការគ្រប់គ្រងសាច់បាល់ និងការប៉ះបាល់ មានច្រើនជាង Real ទោះបីជាមិនសូវបានស៊ុតច្រើនយ៉ាងណាក៏ដោយ។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមទាំងពីរនៅតែមិនអាចធ្វើអ្វីគ្នាបាន ធ្វើឲ្យលទ្ធផលបញ្ចប់តង់ទីមួយបានត្រឹមស្មើគ្នា ០-០ ។

ចូលដល់តង់ទី២ គ្រាប់បាល់ក៏កើតមានឡើងនៅនាទី៥៣ ដោយការតែតបាល់បញ្ចូលទីពីកីឡាករ Luis Suarez ធ្វើឲ្យ Barcelona នាំមុខបណ្តោះអាសន្ន ១-០ ។ ការប្រកួតនៅតែបន្ត ខណៈក្រុមទាំង២ នៅតែខំរៀងៗខ្លួន ដើម្បីស្វែងរកគ្រាប់បាល់ ស្របពេល Barcelona មានឱកាសស៊ុតច្រើនជាងវិញ ក្នុងតង់ទី២ ប៉ុន្តែមិនអាចសម្រេចគ្រាប់បាល់បាន ។

ការប្រកួតក៏អូសបន្លាយរហូតជិតនឹងបញ្ចប់ការប្រកួត ពោលគឺនាទី៩០ ខ្សែការពារឆ្នើម Sergio Ramos បានសម្រេចគ្រាប់បាល់ ដោយការតែតបញ្ចូលទីនៅចុងម៉ោង ជួយឲ្យ Real តាមយកស្មើ Barcelona វិញ ធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត បានត្រឹមស្មើគ្នា ១-១ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]