អេស្ប៉ាញ៖ ជំនួបរវាងក្រុមយក្សទាំង២នៅអេស្ប៉ាញ ឬត្រូវបានគេស្គាល់ថា ការប្រកួត El Clasico រវាងក្រុម Barcelona និង Real Madrid បានបញ្ចប់ទៅក្នុងលទ្ធផល ១-១ កាលពីយប់មិញនេះ ។

នេះជាការប្រកួតជើងទីមួយនៅរដូវកាលនេះ ដែលបានប្រព្រឹត្តឡើងនៅក្នុងទឹកដី Camp Nou របស់ Barcelona ដោយមានអ្នកចូលរួមទស្សនាផ្ទាល់ជិត១០មឺុននាក់នៅក្នុងកីឡដ្ឋាន មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រជាច្រើនលាននាក់ ទូទាំងពិភពលោក ចាំទស្សនាការប្រកួតដ៏ធំនេះផងដែរ។

គួរបញ្ជាក់ផងដែរថា ខ្សែបំរើខ្ញីចាស់របស់ Barcelona កីឡាករ Andre Iniesta បានជារបួសទាន់ពេលវេលាអាចចូលលេងវិញបាន កាលពីយប់មិញ ខណៈ Bale និង Toni Kroos មិនអាចជួយក្រុមបានដោយសាររបួស តែយ៉ាងណាក៏ដោយ Real Madrid ក៏នៅតែមានកីឡាករល្អៗសម្រាប់ជំនួសផងដែរ។

ទាក់ទងនឹងការប្រកួតនេះ នៅក្នុងតង់ទី១ ក្រុមទាំងពីរសុទ្ធតែមានឱកាសវាយបកសម្រុកគ្នាទៅវិញទៅមក ខណៈ Real ជាអ្នកមានឱកាសស៊ុតច្រើនជាង ប៉ុន្តែគ្មានសំណាងអាចទម្លាយសំណាញ់ទីបាន។ ចំនែកឯ Barcelona វិញ អាចគ្រប់គ្រងស្ថានភាពបានល្អក្នុងតង់ទីមួយ ដោយសារការគ្រប់គ្រងសាច់បាល់ និងការប៉ះបាល់ មានច្រើនជាង Real ទោះបីជាមិនសូវបានស៊ុតច្រើនយ៉ាងណាក៏ដោយ។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមទាំងពីរនៅតែមិនអាចធ្វើអ្វីគ្នាបាន ធ្វើឲ្យលទ្ធផលបញ្ចប់តង់ទីមួយបានត្រឹមស្មើគ្នា ០-០ ។

ចូលដល់តង់ទី២ គ្រាប់បាល់ក៏កើតមានឡើងនៅនាទី៥៣ ដោយការតែតបាល់បញ្ចូលទីពីកីឡាករ Luis Suarez ធ្វើឲ្យ Barcelona នាំមុខបណ្តោះអាសន្ន ១-០ ។ ការប្រកួតនៅតែបន្ត ខណៈក្រុមទាំង២ នៅតែខំរៀងៗខ្លួន ដើម្បីស្វែងរកគ្រាប់បាល់ ស្របពេល Barcelona មានឱកាសស៊ុតច្រើនជាងវិញ ក្នុងតង់ទី២ ប៉ុន្តែមិនអាចសម្រេចគ្រាប់បាល់បាន ។

ការប្រកួតក៏អូសបន្លាយរហូតជិតនឹងបញ្ចប់ការប្រកួត ពោលគឺនាទី៩០ ខ្សែការពារឆ្នើម Sergio Ramos បានសម្រេចគ្រាប់បាល់ ដោយការតែតបញ្ចូលទីនៅចុងម៉ោង ជួយឲ្យ Real តាមយកស្មើ Barcelona វិញ ធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត បានត្រឹមស្មើគ្នា ១-១ ។

ដូច្នេះក្រោយពីស្មើយប់មិញនេះ Real Madrid នៅតែបន្តនាំមុខកំពូលតារាងដដែល ដាច់ពិន្ទុក្រុមលេខ២ Barcelona ចំនួន៦ពិន្ទុ ៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]