បើនិយាយពី “ខ្មោច” មិនមែនមានតែកូនក្មេងទេ ដែលមានការភ័យខ្លាច ពេលខ្លះ សូម្បីតែមនុស្សអស់ធំទៅហើយ ក៏ខ្លាចខ្លាំងណាស់ដែរ។ ជាក់ស្តែង ដូចជាទីក្រុងខ្មោចប្រចាំតំបន់ប៉ែកខាងលិចមួយ មានឈ្មោះថា “Bodie” ស្ថិតក្នុងរដ្ឋ California សហរដ្ឋអាមេរិក ក៏កំពុងតែទទួលបានការចាប់អារម្មណ៍បែបព្រឺក្បាល ព្រឺសម្បុរ ពីសំណាក់មនុស្សជុំវិញពិភពលោកផងដែរ។

ជារៀងរាល់ឆ្នាំ មានអ្នកជំនាញ អ្នកប្រមាញ់ខ្មោច និងមនុស្សជាច្រើនទៅទស្សនាទីក្រុងខ្មោចនោះ ដោយសារតែសព្វថ្ងៃ វាក៏បានត្រូវគេចាត់ចូលជា តំបន់សួនឧទ្យានបែបប្រវត្តិសាស្រ្តជាតិមួយដែរ។ Bodie ជាទីក្រុងខ្មោច ដែលមានទីតាំងនៅ Bodie Hills ភាគខាងកើត នៃជួរភ្នំ Sierra Nevada រដ្ឋ California ។

ស្ថានភាពដី របស់ទីក្រុងនេះ គឺនៅទីទួលខ្ពស់ មានសភាពស្ងួត សំបូរដីខ្សាច់ ប៉ុន្តែគ្មានដើមឈើដុះលូតលាស់ទេ។ ទីក្រុង Bodie នេះពិតជាដាច់ដោយឡែកឆ្ងាយណាស់ ដោយវាមានចម្ងាយ ប្រមាណជា ៤២ គីឡូម៉ែត្រពីទីក្រុង Bridgeport និង ២១ គីឡូម៉ែត្រពីផ្លូវជាតិ ២៧០ ឯណោះ។ កាន់តែគួរឲ្យខ្លាចជាងនេះទៅទៀតនោះគឺ ទីក្រុងខ្មោចនេះ នៅមានផ្ទះសម្បែងសេសសល់ជាច្រើន ហើយគេជឿថាមានវិញ្ញាណ រស់នៅក្នុងនោះទៀតផង។

# ប្រវត្តិរបស់ទីក្រុង Bodie

ជាក់ស្តែង ដើមឡើយកាលពីឆ្នាំ ១៨៤៩ លោក W.S. Bodie ដែលជាអ្នករុករក រួមជាមួយនឹងដៃគូរបស់គាត់ម្នាក់ទៀតឈ្មោះ Black Turner បានរកឃើញរ៉ែមាស ច្រើនសន្ធឹកសន្ធាប់ ក្នុងទឹកដី ដែលជាជាទីក្រុង Bodie នោះ។ ក្រោយមកទោះបីជាលោក Bodie បានស្លាប់ទៅហើយក្តី ក៏មានអ្នកសាងសង់ជុំរុំរ៉ែ និងមានប្រជាពលរដ្ឋរស់នៅប្រមាណជា ១០,០០០ នាក់ នៅចុងឆ្នាំ ១៨៧០ ដែលជាសម័យកាល សេដ្ឋកិច្ចដ៏រុងរឿងរបស់ពួកគេផងដែរ។

ក្នុងឆ្នាំ ១៨៧០ នោះ មានការបន្តាក់ទុកវិនិយោគពីទីក្រុងធំៗ ដូចជា New York និងបានកសាងជាប្រព័ន្ធរូងក្រោមដី អណ្តូងរ៉ែ ដើម្បីប្រមូលផលពីរ៉ែមាសបានល្អប្រសើរ។ Bodie មានស្ថានីយ៍ផលិតរ៉ែមាសផ្ទាល់របស់ខ្លួន ដ៏អស្ចារ្យធំមួយ រហូតទាក់ទាញបានការសាងសង់ជាធនាគារ Wells Fargo ក្រុមហ៊ុនភ្លើងចំនួនបួន រោងចក្រផលិតភេសជ្ជៈចំនួនបី រោងកាសែតចំនួនបី ព្រះវិហារ ក្រុមសហជីព ផ្លូវរថភ្លើង ផ្ទះសំណាក់មួយ សាលារៀនមួយ ទីស្នាក់ការមួយ និងពន្ធធនាគារមួយ ក្នុងទីក្រុងនោះទៀតផង។

ក្រៅពីជនស៊ីវិល ដែលជាអ្នករ៉ុករករ៉ែធម្មតា ទីក្រុងនេះក៏មាន អ្នកមានអំណាច មានលុយកាក់ ជាម្ចាស់រ៉ែមួយចំនួន ដែលលេងល្បែង ស៊ីសំណូក ផឹកស៊ី ចូលផ្ទះបន នៅតាមជាយក្រុងច្រើនគួរសមដែរ។ ហេតុនេះ សកម្មភាពគាបសង្កត់ អំពើហិង្សា សម្លាប់មនុស្សមិនរើសមុខ ដោយសារពួកមានលុយមានអំណាចទាំងនោះ ក៏មានច្រើនដែរ រហូតគេបានដាក់ឈ្មោះទីក្រុងនោះថា “Big Bad Bodie” និង “Sea of sin” (សមុទ្រនៃអំពើបាប) ថែមទៀតផង។ ជាអកុសល ដោយសារតែពន្ធធនាគារមានតែមួយ ទើបសូម្បីតែអ្នកច្បាប់ ក៏មិនអាចគ្រប់គ្រងបានដែរ។ ជាលទ្ធផល ក្នុងមួយថ្ងៃ ត្រូវមានមនុស្សយ៉ាងតិចក៏ម្នាក់ដែរ ដែលត្រូវបានសម្លាប់។

ជាងនេះទៅទៀត ក្នុងឆ្នាំ ១៩៣២ ក៏មានមហន្តរាយភ្លើងឆេះ យ៉ាងមហិមាមួយផ្សេងទៀត ដោយបំផ្លាញផ្ទះសម្បែងអស់ ៩៥%។ រហូតក្រោយសង្រ្គាមលោកលើកទី ២ រោងចក្រទាញយករ៉ែក៏ត្រូវបានបិទ បណ្តាលឲ្យមនុស្សសម្រេចចិត្ត ធ្វើដំណើរចាកចេញពីទីក្រុងនេះអស់។

ចាប់ពីឆ្នាំ ១៩៤០ ដល់ ១៩៦០ ទីក្រុងមួយនេះ ត្រូវបានគេទុកចោល រហូតដល់ឆ្នាំ ១៩៦២ វាត្រូវបានរដ្ឋាភិបាល California ទិញយក ធ្វើជាសួនឧទ្យានជាតិ។ 

# សកម្មភាពលងបន្លាច របស់ទីក្រុងខ្មោច Bodie

ទីក្រុងខ្មោចនេះ មានភាពល្បីល្បាញសុះសាយ ដោយសារតែសកម្មភាពលងបន្លាចជាច្រើន ជាពិសេស អ្នកជំនាញប្រមាញ់ខ្មោច ដែលមកកាន់ទីនោះ។ ខាងក្រោមនេះ ជាសកម្មភាពមួយចំនួន ដែលត្រូវបានរៀបរាប់ពីអ្នកជំនាញទាំងនោះ ថាពិតជាមានខ្មោចពិតៗ ដែលមានដូចជា ៖

• សម្លេងចម្រៀង ឬសម្លេងផ្សេងៗទៀត ចេញពីបន្ទប់គេង

• លេចមុខស្រ្តី នៅមាត់បង្អួច ក្នុងផ្ទះជាន់ទី ២

• អារម្មណ៍ មានអ្វីមួយកំពុងតែឃ្លាំមើល

• មានអារម្មណ៍ថា ដូចជាថប់ៗដង្ហើម

• ទ្វារ ចេះបិទបើកដោយខ្លួនឯង

• សុខៗបែរជាមានអារម្មណ៍ ភ័យញ័រអស់ទាំងខ្លួន មិនដឹងមូលហេតុ

• មានសម្លេងក្មេងៗប្រលែងគ្នាលេង សើចក្អាកក្អាយ

• សម្លេងអ៊ូអរ ហាក់ដូចជាមានមនុស្សយ៉ាងច្រើន។

# បណ្តាសា របស់ទីក្រុងខ្មោច Bodie

ទីក្រុងខ្មោច Bodie ត្រូវបានគេជឿថា ត្រូវបានវិញ្ញាណដែលស្លាប់កាលពីជំនាន់មុន មករួបរួមគ្នា ការពារទ្រព្យសម្បត្តិ ដែលនៅសេសសល់ក្នុងទីក្រុងនេះ។ ប្រសិនបើមាននរណាម្នាក់ មានបំណងបំផ្លាញ ចង់ប៉ះពាល់ ឬចង់យកវត្ថុណាមួយ ដែលមានក្នុងទីក្រុង Bodie នោះពួកគេនឹងត្រូវជាប់បណ្តាសា វិនាសហិនហោច មានតែសំណាងអាក្រក់ជាប់ជាមួយជានិច្ច រហូតទាល់តែពួកគេសងវាត្រលប់មកវិញ ទើបអាចរួចផុតពីបណ្តាសាបាន។ មានសំភារៈដែលត្រូវបានគេយកហើយ ផ្ញើរមកវិញមិនតិចនោះទេ ជាពិសេស ថែមទាំងមានភ្ជាប់សំបុត្រសរសេរសុំការអភ័យទោសពីវិញ្ញាណ ក្នុងទីក្រុងខ្មោចនោះទៀតផង។

តោះទៅទស្សនាវីដេអូបន្ថែមបន្តិចទៅមើល! 

ប្រភព៖ Haunted Places To Go | HauntedHouse | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]