ខេត្តកំពង់ចាម ​៖ រឿង​ដ៏​ចម្លែក​ ដែល​នឹក​ស្មាន​មិន​ដល់ ដោយសារ​​កូនក្រមុំ​ ដែល​គ្រោងនឹង​ចូល​រោងការ ក្នុង​ពេល​​​​ឆាប់ៗខាងមុខ​​នេះ បែរជា​បាត់​ខ្លួន​នៅ​ក្នុង​ផ្សារ​ធំ ​ក្រុង​កំពង់ចាម ក្នុង​ពេល​ដែល​ដើរ មក​ទិញឡេ​លាបមុខ​ កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៦ កន្លងមក ។ ស្ត្រី​ជា​បង​បានប្រញាប់​ មក​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ឱ្យ​​ជួយ​អន្តរា​គម​ន៍​តាម​រក តែ​មិន​មាន​តំរុយ​​ទាល់តែ​សោះ ។

តាម​ដំណឹង​ចុង​ក្រោយ​ថា ​នាង​បាន​គេច​ពី​រោងការ ហើយ​កំពុង​តែ​នៅ​ជាមួយនឹង​មិត្តភក្តិ​ស្រី​កន្លែង​​មួយ ដែល​មាន​សុវត្ថិភាព​ តែ​មិន​បាន​បញ្ជាក់​ពី​​ទីកន្លែង​នោះ​ទេ ។

លោក​ទាម តុង​ម៉េ​ង នាយ​ប៉ុ​ស្ត៏​សង្កាត់​កំពង់ចាម​ឲ្យ​ដឹងនៅ​​រសៀល​ថ្ងៃ​ទី​២ ​ធ្នូ ២០១៦​ថា នៅ​វេលា​ម៉ោង៨​ព្រឹក​​ថ្ងៃកើតហេតុខាងលើ​ឈ្មោះ​សាន ដា​នី បាន​ជិះ​រថយន្ត​ឈ្មួ​ល​ចេញពីផ្ទះ​នៅ​ភូមិ-​ឃុំ​រោងចក្រ ស្រុក​ចំការលើ ឆ្ពោះ​មក​​ក្រុង​កំពង់ចាម ដើម្បី​យក​រូបថត​សម្រាប់​ដាក់​តាំង​មុខ​រោងការ ដែល​គ្រោង​នឹង​ប្រ​ព្រឹ​ត្តិ​នៅ​ថ្ងៃ​ទី​២២ ​ធ្នូ ២០១៦ ​ខាង​មុខ​នេះ​ ។

​ក្រោយ​ពី​បាន​យក​រូបថត​រួច​ ក៏​នាំ​គ្នា​ឆ្ពោះ​មក​កាន់​ផ្សារ​ធំ​ក្រុង​កំពង់​ចាម​ ដើម្បី​ទិញ​ទំនិញ​បន្ត​ទៀត ក្នុង​ពេល​នោះ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ប្អូនស្រី​ឈ្មោះ​ចិន្តា (កូន​ក្រមុំ) បាន​ដើរមក​ទិញ​ឡេ​ សម្រាប​លាប​ខ្លួន លុះ​ពេល​ដែល​បងស្រី​កំពុង​តែ​ឈរ​ទិញ​នោះ ស្រាប់តែ​ប្អូន​មកទិញ​នៅ​កន្លែង​ផ្សេង​ ស្រាប់តែ​បាត់​ខ្លួន​តែ​ម្តង មិនដឹង​ជា​ទៅ​ទីណា​នោះ​ទេ ។

បន្ទាប់​មក ​ស្ត្រី​ជា​បង​បានប្រញាប់​ មក​កាន់​ប៉ុ​ស្តិ៍​​រដ្ឋបាល​ សង្កាត់​​កំពង់ចាម ដើម្បី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ស្រាវជ្រាវ​តាម​រក​ប្អូនស្រី

ដែល​​បាត់​នោះ ។ រូប​លោក​បាន​រាយ​ការ​ណ៏​ ជូន​លោក​អធិការ​នគរបាល​ក្រុង​កំពង់ចាម ព្រមទាំង​លោក​វរ​សេនី​យ៏​ឯក​ចាន់ ហោ នាយ​រង​កា​រិ​យា​ល​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត ដោយ​បាន​ទាក់ទង​ ដល់​បណ្តាប៉ុ​ស្តិ៍​​ រដ្ឋបាល​នានា​នា ព្រមទាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ផ្សេង​ៗ​ទៀត ដោយ​បាន​បញ្ជូន​រូប​តាម​ ប្រព័ន្ធ​វ៉ា​ត់​អាប់​ នៅតែ​មិន​ទាន់​មាន​ដំណឹង​ណាមួយ​ទេ ។

លោក​ទាម តុង​ម៉េ​ង នាយ​ប៉ុ​ស្តិ៍​​រដ្ឋបាល​សង្កាត់​ កំពង់ចាមបញ្ជាក់​ថា រូប​លោក​បាន​ទទួល​ដំណឹង​ថា ​នៅថ្ងៃ​ទី​១ ​ធ្នូ ​ក្រោយ​ពី​បាន​​បាត់​ខ្លួន​១​ថ្ងៃ ដែល​ធ្វើ​ឲ្យ​អ្នក​ផ្ទះ​មានការ​ភិតភ័យ​ និង​ព្រួយ​កង្វល់​ជាខ្លាំង​ ចំពោះ​ថ្ងៃ​រៀប​អា​ពា​ហ៍​ពិ​ពា​ហ៍​ថ្ងៃ​ខាង​មុខ ​ថាតើ​នឹង​ត្រូវ​ដោះ​ស្រាយ​​ ដោយ​របៀប​ណា​នោះ ព្រោះ​​កូនស្រី​ឈ្មោះ​ចិន្តា បាន​ទូរស័ព្ទ​មក​ម្តាយ​របស់​ខ្លួន​នៅ​ស្រុក​ចំការលើ ព្រមទាំង​បាន​ប្រាប់​ថា​ នាងនៅ​កន្លែង​មួយ ​ដែល​មាន​សុវត្ថិភាព​ថែម​ទាំង​​យំ​​ផង តែមិន​​បាន​បញ្ជាក់​ពី​ ទីកន្លែង​នោះ​ទេ ។​

លោក​ថា កូនក្រមុំ​ដែល​បាត់​ខ្លួន​នោះ​ ទំនងជា​មិន​ពេញចិត្ត នឹង​ការ​រៀប​មង្គលការ​ខាងលើ​ ទើប​រត់គេច​ខ្លួន​បែបនេះ​ ហើយ​សមត្ថកិច្ច​​​កំពុង​តែ​ ស្រាវជ្រាវ​តាម​រក​បន្ត ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]