(ភ្នំពេញ)៖ ក្រុមបាល់ទាត់តំណាងប្រទេសកម្ពុជា បឹងកេតអង្គរ នឹងធ្វើការប្រកួតបើកឆាកពានរង្វាន់ BTV Cup 2016 នាវេលាម៉ោង៦ល្ងាចថ្ងៃទី០២ ខែធ្នូនេះហើយ ដោយត្រូវជួបប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Becamex Bing Doung នៅលើទីលានពហុកីឡដ្ឋាន Binh Doung នៃប្រទេសវៀតណាម។

នេះជាលើកទី២ហើយ ដែលក្រុមជើងឯកលីគកំពូលកម្ពុជា និងអតីតក្រុមជើងឯកលីគកំពូលវៀតណាមខាងលើ មានឱកាសជួបគ្នា ខណៈជួបលើកទី១ នៅលើទឹកដីវៀតណាម កាលពីចុងឆ្នាំ២០១៥កន្លងទៅ គឺក្រុមបឹងកេតអង្គរ បានយកឈ្នះក្រុម Becamex Bing Doung ដោយលទ្ធផល ៣-២ នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពាន TOYOTA Mekong Cup 2015។

ដោយហេតុនេះ ចាំមើលជំនួបល្ងាចនេះ ក្រុមបឹងកេត អាចបន្ដយកឈ្នះក្រុមខ្លាំងវៀតណាមនេះបានដូចឆ្នាំមុនឬទេ? លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតអង្គរ បានឲ្យមុនចេញដំណើរថា លោកនឹងមិនលាក់ជើងកីឡាករឡើយ ពោលគឺត្រូវប្រើប្រាស់ធនធានកីឡាករល្អៗទាំងអស់ ដើម្បីស្វែងរកជ័យជម្នះ និងកិត្តិយសជូនជាតិ ពិសេសក្នុងជំនួបជាមួយក្រុម Becamex Bing Doung ថ្ងៃបើកឆាកតែម្ដង។

គួរបញ្ជាក់ថា បេសកកម្មលើកនេះ គឺក្រុមបឹងកេតអ្គរ ស្ថិតក្នុងពូល​ A ជាមួយក្រុមម្ចាស់ផ្ទះវៀតណាម ២ក្រុម និងក្រុមមកពីសាធារណៈរដ្ឋកូរ៉េ ១ក្រុម ខណៈការប្រកួតសន្សំពិន្ទុតាមពូលគ្រោងនឹងចាប់ផ្ដើមជាផ្លូវការ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែធ្នូខាងមុខនេះ ប៉ុន្ដែបើសិនបឹងកេត អាចឆ្លងផុតទៅវគ្គបន្ដ នោះការប្រកួតនៅតែបន្ដ ដោយកាលបរិច្ឆេទគណៈកម្មការរៀបចំការប្រកួតនឹងកំណត់ពេលក្រោយ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានផ្សេងមួយទៀត កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ប្រកាសបញ្ចប់កុងត្រា ជាមួយក្លិបភ្នំពេញក្រោន ជាផ្លូវការ។ ខ្សែបំរើក្រុមជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន ដែលជាកីឡាករមានដើមកំណើតជាកូនកាត់ខ្មែរ-បារាំង កាលពីយប់ម្សិលមិញនេះ បានប្រកាសបញ្ចប់កុងត្រាជាមួយភ្នំពេញក្រោនហើយ បន្ទាប់ពីចំណាយពេល៤ឆ្នាំជាមួយក្លិប។

ខ្សែបំរើរូបនេះ បានចាប់ផ្តើមលេងឲ្យក្លិបភ្នំពេញក្រោនតាំងពី ឆ្នាំ២០១២មកម្ល៉េះ ហើយក៏ធ្លាប់ជួយក្លិប ឈ្នះពានរង្វាន់ក្នុងលីកជាច្រើនផងដែរ។ តែយ៉ាងណាមិញ នៅក្នុងគណនីបណ្តញសង្គមហ្វេសប៊ុក របស់ កីឡាកររូបនេះ បានប្រកាសឲ្យដឹងកាលពីយប់មិញថា «ជូនចំពោះបងប្អូនអ្នកគាំទ្រទាំងអស់គ្នា៖ ខ្ញុំបាទសូមប្រកាស់នូវការបញ្ចប់កុងត្រារបស់ខ្ញុំជាមួយនឹង Phnom Penh Crown FC។ ក្នុងរយៈពេលជាង ៤ឆ្នាំ មកនេះ ខ្ញុំពិតជាមានភាពសប្បាយរីករាយ ដែលខ្ញុំបានរួមការងារជាមួយពួកគាត់ បណ្តុះបណ្តាលជំនាញ និង សំរេចនូវបំណងប្រាថ្នាជាច្រើន។ ខ្ញុំមានមោទនភាពណាស់ដែលបានចុះកុងត្រាជាមួយក្លឹបមួយដែលអោយតំលៃទៅលើវិស័យបាល់ទាត់ ការបណ្តុះបណ្តាលកីឡាករនីមួយៗ ការលើកស្ទួយវិស័យកីឡានៃប្រទេសជាតិ ហើយនិងមិត្តរួមក្រុមដែលតែងតែសម្លឹងទៅកាន់អនាគតកាលជានិច្ច។

ប៉ុន្តែគួរអោយសោកស្តាយ ខ្ញុំនិងក្លឹបបានសម្រេចចិត្តថានឹងបន្តទៅមុខទៀតក្នុងទិសដៅផ្សេងគ្នា ចាប់ពីពេលនេះតទៅ។ ហើយខ្ញុំនឹងត្រៀមខ្លួនជាស្រេច សម្រាប់លេងបន្តជាមួយក្រុមជំរើសជាតិកម្ពុជា និងពុះពារគ្រប់ឱកាស និង ឧបសគ្គដែលរង់ចាំខ្ញុំក្នុងឆ្នាំ២០១៧!

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ទាំងអស់គ្នា ហើយខ្ញុំនឹងមិនភ្លេចឡើយនូវកម្លាំងចិត្តដែលទាំងអស់គ្នាផ្តល់អោយខ្ញុំ។ ខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងបន្តដំណើរជាមួយខ្ញុំ ដើម្បីសម្រេចនូវការជោគជ័យ នៃវិស័យកីឡាបាល់ទាត់របស់មាតុភូមិយើង!» ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]