ចិន៖ សារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ថា សាកសពម៉ាំមីមួយ ដែលត្រូវបានគេដឹងថា ជាសាកសពរបស់ជំទាវ Xin Zhui មានអាយុកាលជាង២,០០០ឆ្នាំមកហើយ ប៉ុន្តែនៅតែរក្សាសភាពដើម ទាំងស្បែក និងសក់ បានយ៉ាងល្អ។

ម៉ាំមី ជំទាវ Xin Zhui ឬត្រូវបានគេស្គាល់ថា ជំទាវ Dai ជាភរិយារបស់ស្តេចត្រាញ់ Li Cang ក្នុងរជ្ជកាលរាជវង្សហាន ត្រូវបានគេចាត់ទុកថា ជាសាកសពម៉ាំមីល្អបំផុត ដែលមិនធ្លាប់បានរកឃើញពីមុនមក។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលដែលនាងបានស្លាប់ កាលពីជាង ២,០០០ឆ្នាំមុន នាងគឺជាមនុស្សធាត់ ហើយត្រូវបានគេជឿថា នាងមានជំងឺលើសឈាម ស្ទះសសៃឈាម ទឹកនោមផ្អែម និងមានជំងឺខូចខាតបេះដូងធ្ងន់ធ្ងរថែមទៀតផង។ 

ផ្នូររបស់នាង ត្រូវបានគេរកឃើញនៅខាងក្នុងជើងភ្នំមួយ នាខេត្តហ៊ូណាន (Hunan) ប្រទេសចិន ខណៈពេលដែលកម្មករមួយក្រុម បានព្យាយាមស្វែងរកទីជម្រក គេចពីការវាយប្រហាររបស់ខ្យល់ព្យុះ។

អ្នកវិទ្យាសាស្រ្តមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានរកឃើញថា សាកសពមួយនេះនៅរក្សាសភាពដើម សូម្បីតែសរីរាង្គខាងក្នុង និងឈាមរបស់នាង ត្រូវបានគេដឹងថា មានប្រភេទ (A) ថែមទៀតផង។

បន្ទាប់ពីការវិភាគលើរាងកាយរបស់នាង ក្រុមអ្នកវិទ្យាសាស្រ្តជឿជាក់ថា ជំទាវ Dai បានស្លាប់នៅក្នុងអាយុ៥០ឆ្នាំ ពីជំងឺបេះដូង ដោយសារតែជីវិតរស់នៅជាអ្នកមានស្តុកស្តម្ភរបស់នាង។ រាងកាយរបស់នាង ត្រូវបានអភិរក្សយ៉ាងល្អ ដែលពួកគេជឿថា របស់ចុងក្រោយដែលនាងបានបរិភោគមុនពេលស្លាប់ គឺជាផ្លែឪឡឹក។

ប្រភពព័ត៌មានបន្តថា នៅពេលដែលផ្នូរបស់នាងត្រូវបានរកឃើញ សាកសព ត្រូវបានកប់ជាមួយនឹងគ្រឿង សម្លៀកបំពាក់ធ្វើពីសូត្រ ចំនួន១០០, រូបចម្លាក់ឈើចំនួន ១៦០ដែលតំណាងឲ្យពួកអ្នកបម្រើរបស់នាង រួមទាំងការតុបតែងមុខផងដែរ។ មិនតែប៉ុណ្ណោះសាកសព ត្រូវបានចងរឹតជាមួយនឹងសូត្រ ជាង២០ជាន់ ដោយដាក់ក្នុងមឈូស ចំនួន៤ជាន់ទៀតដែលមានធ្យូងនៅជុំវិញ និងចុងក្រោយបិទទៅដោយដីឥដ្ឋ ដែលធ្វើឲ្យមានសភាពរឹងមាំ មិនអាចឲ្យបាក់តេរី ចូលបំផ្លាញសាកសពបាន៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]