រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​នាគ​មាស​មក​ដល់​មុខ​បន្ទប់​ជួល ចុះ​ទៅ​ចាក់សោ​ទ្វារ​បង​ផ្ទះ​ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ក្បែរ​ផ្ទះសំណាក់​ភូមិ​ឫស្សី ស្ថិត​ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ នាង ឌឿ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខ​អ្នកលក់​ផ្លែ​ឈើ ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ​អំពិល ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ ។

ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1GD-3453 ដែល​ទើបតែ​ទិញ​បាន​១​ខែ​មិន​ទាន់​បាន​កាត​គ្រី​ផង ចេញពី​ផ្សារ​នាគ​មាស​គោលបំណង​ទៅ​បន្ទប់​ជួល​វិញ ពេល​មក​ដល់​ផ្លូវ​បេតុង​មុខ​បន្ទប់​ជួល គាត់​មិន​បាន​ពន្លត់​ម៉ូតូ​ទេ ហើយ​បាន​ចុះ​ពីលើ​ម៉ូតូ​យក​កូនសោ​ចាក់សោ​ទ្វាររបង​ដើម្បី​ចូល​បន្ទប់​ជួល ស្រាប់តែ​ក្រុម​ចោរ​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស មិន​ចាំ​ស្លាក​លេខ បាន​លោត​ពីលើ​ម៉ូតូ​ចុះ​មក​ជិះ​ម៉ូតូ​របស់​គាត់ ចំណែក​ម្នាក់​ទៀត​ដក​កាំភ្លើងខ្លី​ភ្ជង់​គាត់​មិន​ឲ្យ​ស្រែក និង​គំរាម​យក​កាបូប​លុយ តែ​គាត់​មិន​ព្រម​ឲ្យ​ទេ ដោយ​បាន​បើកទ្វារ​របង​រត់​ចូល​ផ្ទះ ទើប​ជនសង្ស័យ​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចុះ​អន្តរាគមន៍ តែ​មិនឃើញ​មាន​ប៉ូលិស​មក​ទេ ឃើញ​តែ​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ចុះ​សួរនាំ​ទៅ​វិញ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ក្រុមចោរប្រដាប់អាវុធ មួយក្រុមភ្ជង់ប្លន់​ម៉ូតូមួយគ្រឿង បានសម្រេច​នៅសង្កាត់​វាលវង់ ខណ្ឌ៧មករា។ គួររំលឹកផងដែរថា ចោរប្រដាប់អាវុធមួយក្រុមមានគ្នា៣នាក់ បានធ្វើសកម្មភាពភ្ជង់ប្លន់​យកម៉ូតូ Zoomer-X ឆ្នាំ២០១៦ មួយគ្រឿងបានសម្រេច ពីស្ដ្រីម្នាក់ កាលពីវេលាម៉ោង ៨៖៤០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះ នៅចំណុចផ្លូវលេខ២៤៨ កែង១៤៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ស្ដ្រីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់​ជិះម៉ូតូមួយ​គ្រឿងម៉ាក PCX មិនចាំស្លាកលេខ ប្រដាប់ដោយ​កាំភ្លើងខ្លី បានគំរាមប្លន់​ម៉ូតូរបស់ខ្លួនម៉ាក ZoomerX ឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ: 1FN-3838 ក្រោយមកជន​សង្ស័យបានជិះគេចខ្លួន​ដោយសុវត្ថិភាព ដោយមិនរំខាន​ដល់សមត្ថកិច្ច​មូលដ្ឋានបន្ដិចណាសោះនោះឡើយ។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមតែ​ទៅដាក់ពាក្យបណ្ដឹង​ទាំងសោកស្ដាយ​តែប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]