កូរ៉េខាងត្បូង៖ ផលិតកម្ម YG Entertainment បានប្រកាសជាផ្លូវការថាក្រុម 2NE1 នឹងត្រូវបានរំសាយចោល ហើយនឹងគ្មានការច្រៀងជាក្រុមទៀតនោះទេ ស្របពេលដែលមានអ្នកគាំទ្រជាច្រើននាក់បានសង្ឃឹមទុកជាមុនថាក្រុមចម្រៀង 2NE1 នឹងអាចឆក់យកប្រជាប្រិយភាពវិញបាន ក្រោយការវិលត្រឡប់មកវិញ របស់កញ្ញា CLដែលជាមេក្រុមរបស់ក្រុមនោះ។

តាមដែលដឹងកន្លងមក កញ្ញា CL និង Sandara Park សមាជិកក្រុម 2NE1 បានចុះហត្ថលេខាសារជាថ្មីម្តងទៀតឡើងវិញ ជាមួយផលិតកម្ម YG Entertainment ក្នុងនាមជាអ្នកចម្រៀងទោលមួយរូប ដោយមិនមានច្រៀងជាក្រុមដូចមុនទេ ក្រោយពេលដែលបានផុតកុងត្រា ហើយមានតែនាង Park Bom ម្នាក់ប៉ុណ្ណោះដែលមិនបានចុះហត្ថ លេខាឡើងវិញ។

ខាងក្រោមនេះគឺជាសេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងដោយផលិតកម្ម YG Entertainment:

«នៅខែឧសភាឆ្នាំ២០១៦ នេះ កិច្ចសន្យារបស់ក្រុម 2NE1 ជាមួយនឹង YG ត្រូវបានបញ្ចប់ហើយ និងមើលឃើញថានាង Minzy មិនអាចបន្តការងារជាមួយក្រុមនេះបានតទៅទៀតផលិតកម្ម YG រួមជាមួយសមាជិកដទៃទៀត ក៏បានសម្រេចចិត្តថា រំសាយក្រុមនេះជាផ្លូវការបន្ទាប់ពីការពិភាក្សាជាច្រើនជាមួយក្រុម 2NE1 រួចមក។

ខណៈពេលដែលក្រុម 2NE1 បានក្លាយជាក្រុមតារាស្រីដែលតំណាងឱ្យផលិតកម្ម YG សម្រាប់រយៈពេល៧ឆ្នាំចុងក្រោយនេះ យើងពិតជាមានការសោកស្តាយខ្លាំងណាស់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងបានសម្រេចចិត្តហើយថា នឹងរំសាយក្រុមនេះចោល ប្រសើរជាងការរង់ចាំឱ្យ សមាជិកក្រុមនេះវិលត្រឡប់មកជួបជុំគ្នាសារជាថ្មីឡើងវិញ។ ពេលនេះផលិតកម្ម YG បានសម្រេចផ្តោតលើតែតារាចម្រៀងដែលច្រៀងទោលតែម្នាក់ឯងប៉ុណ្ណោះ។

ជាចុងក្រោយ យើងក៏សូមអរគុណដល់អ្នកទាំងអស់គ្នា សម្រាប់ការស្រលាញ់ និងការគាំទ្រកន្លងមក ដែលមានចំពោះក្រុម 2NE1 និងតន្ត្រីរបស់ពួកគេ។

ហើយនៅឆ្នាំ២០១៦នេះ យើងបានចុះកិច្ចសន្យាជាមួយសិល្បករទោល២រូប គឺនាង CL និង Sandara Park ហើយចំណែកឯនាង Park Bom គឺមិនចុះកិច្ចសន្យាជាមួយ YG ឡើយ»

ប្រភព៖Koreaboo 

 កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាចំរៀង វ័យ២២ឆ្នាំ សមាជិកក្រុម 2NE1 នាង Minzy ដែលពូកែខាង Rap រួមជាមួយនឹងក្បាច់រាំរស់រវើកផងនោះ បានប្រកាសថាខ្លួនថា នឹងចាកចេញពីក្រុមចំរៀងមួយនេះហើយ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា Minzy កំពុងតែស្វែងរកទ្រនំថ្មី បន្ទាប់ពីរូបនាងបានផុតកុងត្រាជាមួយនឹងផលិតកម្ម YG មក ដែលធ្វើឲ្យមានមន្ទិលសង្ស័យថា ក្រុមចំរៀងស្រី 2NE1 អាចនឹងបែកបាក់ក្រុម។ ដោយហេតុថាថ្មីៗនេះ សមាជិក្រុម 2NE1 ទាំងអស់បានធ្វើរឿងរៀងៗខ្លួន ដែលនាង CL ផ្តោតតែទៅលើការសំដែងរបស់នាង នៅឯសហរដ្ឋអាមេរិក ខណៈដែលនាង Sandara Park វិញបច្ចុប្បន្នកំពុងតែមមារញឹក នឹងយកចិត្តទុកដាក់ ទៅលើកម្មវិធីផ្សេងៗជាច្រើន។ យ៉ាងនេះហើយទើបធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន មានការខ្វល់ចិត្ត គិតថាក្រុមចំរៀងមួយនេះ នឹងអាចបែកបាក់ នាពេលខាងមុខ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]