កូរ៉េខាងត្បូង៖ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយនានា ប្រចាំប្រទេសកូរ៉េ មិនប៉ុន្មានម៉ោងមុននេះ បានឲ្យដឹងថា អតីតសមាជិកក្រុមF(x) កញ្ញា Sulli ត្រូវបានអ្នកគ្រប់គ្រងរបស់នាង បញ្ចូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យ Seoul University ដោយនាងបានរងរបួសកដៃខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ដែលមុខរបួសមុតជ្រៅរហូតដល់ទៅ៥សង់ទីមែត្រ ឃើញដល់សរសៃរដៃខាងក្នុងថែមទៀត ដោយទាំងនេះហើយ ទើបតម្រូវឲ្យនាងត្រូវទទួលការថតX-Ray និងការបាញ់រស្មី ជាច្រើនដងទៀតផង ។

យ៉ាងណាមិញ ទាក់ទងនឹងការរងរបួសរបស់ Sulli នេះផងដែរ បានធ្វើឲ្យល្បីសុះសាយ ពាសពេញបណ្តាញសង្គមតែម្តង ដោយមានអ្នកនិយមលេងអ៊ិនធើណេតមួយចំនួនធំ បានដាក់ការសង្ស័យថា នាង Sulli បានប៉ុនប៉ងធ្វើឲ្យអត្តឃាតសម្លាប់ខ្លួនឯង ពីព្រោះថា អ្នកគាំទ្រជាច្រើនតែងសង្កេតឃើញ Sulli នាងតែងតែចូលចិត្តថតរូប ឬ វីដេអូ ចម្លែកៗ ឬអាចនិយាយបានថា ដូចជាមនុស្សឆ្កួតនិងមិនសូវចេះគិតប៉ុន្មាននោះទេ។ បន្ថែមពីនេះ អ្នកនិយមលេងអ៊ិនធើណេតមួយចំនួន ថែមទាំងបានដាក់ការសង្ស័យថា របួសនៅលើកដៃរបស់នាងនេះ គឺដោយសារតែនាង មានចេតនាធ្វើឲ្យវាកើតឡើងដោយខ្លួនឯងតែប៉ុណ្ណោះ។ រីឯអ្នកខ្លះផ្សេងទៀត ក៏យល់ថា ប្រហែលជានាងមានទំនាសជាមួយនឹង មិត្តប្រុសវ័យចំណាស់របស់នាង គឺលោក Choiza ទើបធ្វើឲ្យនាងសម្រេចចិត្តបញ្ចប់ជីវិតបែបនេះ។

ប៉ុន្តែមិនថាយ៉ាងណា បើយោងតាមព័ត៌មានចុងក្រោយ ដែលទើបនឹងទទួលបានបន្តិចមុននេះ បន្ទាប់ពីSulli នាងបានចេញពីពិនិត្យរួចរាល់ ផលិតកម្ម SM បានចេញមុខបកស្រាយភ្លាមៗផងដែរថា៖ «តាមពិតទៅ មូលហេតុដែល Sulli របួសដៃ ហើយត្រូវបានបញ្ចូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ទាំងព្រលឹមបែបនេះ គឺដោយសារតែ នាងធ្វេសប្រហែស មិនសូវមានការប្រុងប្រយ័ត្ននៅផ្ទះ ដោយខ្លួនឯង ទើបបណ្តាលឲ្យនាងភ្នាត់របួសកដៃតែម្តង។»

គួរឲ្យដឹងថា បន្ទាប់ពីឆ្លងកាត់ការពិនិត្យទៅលើរបួសរបស់ Sulli គ្រូពេទ្យមិនបានបញ្ជាក់ប្រាប់អ្វីច្រើននោះទេ ពីព្រោះការរក្សាអាថ៌កំបាំងរបស់អ្នកជម្ងឺ គឺជាក្រមសីលធម៌របស់គ្រូពេទ្យ ដោយគ្រាន់តែលើកឡើងថា របួសរបស់នាងគឺមិនមានអាការៈអ្វីខ្លាំងធ្ងន់ធ្ងរឡើយ ដូចនេះហើយ បន្ទាប់ពីទទួលការព្យាបាលរួចរាល់ នាងនឹងអាចត្រឡប់ទៅផ្ទះជាធម្មតាវិញហើយ៕ 

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ព័ត៌មានដែលតែងតែលេចលឺកន្លងមកថា តារាស្រីសាច់សខ្ចីនាង Sulli បានផ្លាស់ប្តូរខ្លួនឯងយ៉ាងច្រើន ស្ទើរតែមិននឹកស្មានដល់ បន្ទាប់ពីសម្រេចចិត្តដើរចេញពីក្រុម F(x)មក ឥលូវនេះនាងបានទទួលសម្តែងខ្សែភាពយន្តថ្មីមួយ មានចំណងជើងថា «Real» ដោយក្នុងនោះ នាងបានទទួលថត ឈុតរោលរាលលើគ្រែ ជាមួយតួប្រុសកំលោះសង្ហា Kim Soo Hyun ដោយមិនចាំបាច់ប្រើតួជំនួសទៀតផង ហើយដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រ ស្រឡាំងកាំងយ៉ាងខ្លាំង។

បើយោងតាមប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅនេះ នាង Sulli បានព្យាយាមថត ឈុតលើគ្រែជាលើកដំបូង ដោយខ្លួនឯង ដែលតាមពិត តារា Kpop ភាគច្រើន តែងប្រុងប្រយ័ត្នខ្លាំងបំផុត ក្នុងការសម្តែងឈុតទាំងអស់នេះ ពោលគឺបើអាចចៀសបាន គឺចៀសឲ្យឆ្ងាយតែម្តង។ ដោយ ឡែក នាង Sulli បែរជាចាប់អារម្មណ៍ចង់ថតឈុតនេះ ដោយខ្លួនឯងផ្ទាល់ទៅវិញ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]