(ភ្នំពេញ)៖​ រថយន្តកាមរីហាយព្រីកមួយគ្រឿង​ បានបើកបរក្នុងល្បឿនយ៉ាងលឿន​ ខណះមកដល់ចំណុចមុខស្ថានទូតបារាំង​ ក៏រេចង្កូតទៅបុកបង្គោលរបងស្ថានទូបារាំងបណ្ដាលឲ្យ​បាក់អស់៣កង់​ ចំណែករថយន្តបង្ករងការខូចខតខាងមុខយ៉ាងដំណំ​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤៖៤០នាទីទៀបភ្លឺ​ ឈានចូលថ្ងៃទី១៩​ ខែវិឆ្ឆិការ​ ឆ្នាំ២០១៦​ នៅចំណុចមុខស្ថានទូតបារាំង​ ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ។

ព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានឲ្យដឹងថា​ ដំបូងគេឃើញ​ ថយន្តបង្កម៉ាកកាមរីហាយព្រីក​ ពណ៌ស្ក​ ពាក់ស្លាកលេខភ្នំពេញ 2V.3225 ដែលបើកបរដោយបុរសម្នាក់​ទំនងជាងងុយដេក​ ធ្វើដំណើតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស​ ទិសដៅពីជើងទៅត្បួង​ក្នុងល្បឿនលឿន​ ខណះមកដល់ចំណុចកើតហេតុ​ ក៏រេចង្កូតជ្រុលទៅបុកបង្គោលរបងដាក់ច្រវ៉ាក់​ស្ថានទូតបារាំងពេញទំហឹង​ បណ្ដាលឲ្យបាក់អស់៣កង់​ រីឯរថយន្តបង្កបានដាច់ការឡែកង់មុខផ្នែកខាងស្ដាំទៅមុខលេងរួច​ ដោយឡែកម្ចាស់រថយន្តបង្កវិញសំណាងមិនរងរបួស​ ហើយក្រោយពីកើតហេតុភ្លាមៗបានចុះគេចខ្លួនបាត់ស្រមោល។

បន្ទាប់មក​សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ​ និងទំនាក់ទំនងទៅជំនាញ​ ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ​ រងចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់៕

ប្រភព៖ Fresh News

កំណត់ត្រាខ្មែរឡូត៖

ងាកមកមើលហេតុការណ៍ដ៏ភ្ញាក់ផ្អើលកាលពីម្សិលមិញទាំងអស់គ្នា ដែលមានករណី ក្មេងស្ទាវស្រវឹងជោគ បើករថយន្តបុករថយន្ត មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេសលោកឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា ហើយស្រែកគំរាមថា «ហ្អែងដឹងថាអញកូននរណាអត់»។

ក្មេងស្ទាវដែលបានប្រើពាក្យសម្ដីមិនសមរម្យ ទៅលើមេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា ដោយស្រែកថា «ហ្អែងដឹងថាអញកូននរណាអត់» ត្រូវបានស្គាល់អត្តសញ្ញាណហើយ គឺជាកូនប្រុសលោកវេជ្ជបណ្ឌិត (Doctor) នៅខណ្ឌសែនសុខ និងរូបគេជាមន្រ្តីយោធាផងដែរ។ នេះបើយោងតាមមន្ត្រីអាវុធហត្ថមួយរូបថ្លែងប្រាប់ អង្គភាពសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកានេះ។

ក្មេងស្ទាវរូបនេះមានមិត្តភក្តិមួយចំនួន សុទ្ធតែកូនអ្នកធំ និងអ្នកមានផងដែរ ដែលមានគណនី Facebook ឈ្មោះ «Ya Ko Sa (Me Phea)»។ មូលហេតុដែលរូបគេបានប្រើពាក្យសម្តីបែបនេះដោយសារតែស្រវឹងខ្លាំង។ នៅពេលនេះក្មេងស្ទាវខាងលើ កំពុងស្ថិតក្រោមការសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។

សូមបញ្ជាក់ថា ​ក្មេងស្ទាវឈាមរាវម្នាក់ទំនងជាកូនអ្នកធំ ឬកូនអ្នកមានទ្រព្យសម្បត្តិ ដែលមានអាការ:ស្រវឹងស្រាខ្លាំង បានបើករថយន្តទៅបំបុករថយន្ត របស់លោកឧត្តមសេនីយ៏ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស បង្កឲ្យមានការភ្ញាក់​ផ្អើល នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ រហូតមានអន្តរាគមន៍​ពីកម្លាំងអាវុធ​ហត្ថខណ្ឌ ចុះទៅតាមចាប់យក​ទៅដោះស្រាយតាមច្បាប់។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]